នៅថ្ងៃទី២៦សីហាខាងមុខនេះ នឹងបើកការប្រកួតបាល់ទាត់ ដែលមានឈ្មោះថា” ពានរង្វាន់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ”លើកទី២ឆ្នាំ២០១៨ ហើយគ្រោងបញ្ចប់នៅថ្ងៃទី ២០ ខែតុលា។
ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១២សីហា២០១៨ លោកធុល នាង ដែលជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រីហេង សំរិន និងជាប្រធានគណៈកម្មការរៀបចំការប្រកួត បានបញ្ជាក់ថា ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ”លើកទី២ឆ្នាំ២០១៨ នេះ មានក្រុមបាល់ទាត់ចូលរួមចំនួន២១ក្រុម បានចូលរួមការប្រកួត នេះ ដែលមានការផ្សាយផ្ទាល់ពីPNN រៀងរាល់រសៀលថ្ងៃព្រហស្បតិ៍ សុក្រ សៅរ៍ និងអាទិត្យរាល់សប្តាហ៍ ចាប់ពីថ្ងៃទី២៦សីហាខាងមុខនេះតទៅ នៅទីលានKMH Park។
ចំពោះពូលទាំង៤នោះ គឺពូលAមានក្រុមTN KANDAL, សម្ព័ន្ធគ.ស.ន.ប.ក, ដោនថោន ស្ព័ត,អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងក្រុមយ៉ារ៉ាយ៉ារ័ត្ន ។ពូលB មានក្រុមសម្ព័ន្ធយុវជនមូស្លិមកម្ពុជា,យុវជនបៃតង ,បូរីរ៉ាត់អ្វែហ្វស៊ី ,បាសាក់ អែហ្វស៊ី និងKMH ACADEMY ។ពូលC មានក្រុម ពិស្ណុការអែហ្វស៊ី ,ស្នងការដ្ឋាននគរបាលខេត្តកំពត,យុវជនវត្តវ៉ារិន្ទព្រែកលៀប,ISI GROUP UNITED និងព្រះខ័នរាជស្វាយរៀង U19 ។ពូលD មានក្រុមអាណាចក្របៃតង ,ទន្សោង អែហ្វស៊ី,យុវជនស្វាយជ្រុំ ,AVATAR FC និងX.SPORT FC ។
ការប្រកួតគឺលេងតាមច្បាប់ល្បែងរបស់FIFA ដែលក្នុងចំណោមក្រុមទាំង២១នេះ ត្រូវចែកជា៤ពូល ក្នុងមួយពូលមាន៥ក្រុម លើកលែងតែពូលC មាន៦ក្រុម ប្រកួតជម្រុះយកលេខ១ លេខ២ ក្នុងពូលនីមួយៗ ទៅប្រកួតវគ្គបន្ត ដោយសរុបការប្រកួតទាំងអស់មាន៥៣ប្រកួត។
សម្រាប់រង្វាន់ជាម្ចាស់ជើងឯកពានរង្វាន់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន”លើកទី២ឆ្នាំ២០១៨នេះ នឹងទទួលបានទឹកប្រាក់៣២.០០០.០០០រៀលស្មើ៨.០០០ដុល្លារអាម៉េរិក និងមេដាយមាស៣០គ្រឿង ។ ចំពោះចំណាត់ថ្នាក់លេខ២ ទទួលបាន២០.០០០.០០០រៀលស្មើ៥.០០០ដុល្លារអាម៉េរិកនិងមេដាយប្រាក់៣០គ្រឿង លេខ៣ បាន១៤.០០០.០០០រៀលស្មើ៣.៥០០ដុល្លារអាម៉េរិកនិងមេដាយសំរិទ្ធ៣០គ្រឿង ។ក្រៅពីនេះ នៅមានរង្វាន់សម្រាប់ក្រុមលេងល្អទទួលបាន៦លានរៀល (៨ក្រុមចុងក្រោយ) អ្នកទាត់ចូលទីច្រើនជាងគេ ២លានរៀល(ចាប់គិតពីវគ្គ១/៤) និងរង្វាន់សម្រាប់អ្នកចាំទីល្អជាងគេ ទទួលបាន២លានរៀល(៤ក្រុមចុងក្រោយ)។
លោក ធុល នាង បានអោយដឹងដែរថា ការប្រកួតក្នុងរដូវកាលទី១ យើងទទួលបានជោគជ័យនិងបានបទពិសោធន៍ច្រើនដូច្នេះហើយ ទើបយើងសម្រេចបន្តធ្វើរដូវកាលថ្មី នៅឆ្នាំនេះ ។ទោះបីឆ្នាំនេះ ពុំមានការអនុញ្ញាតឲ្យកីឡាករបរទេសចូលលេងក្តី តែបានការអនុញ្ញាតអោយកីឡាករMCLនិងMCL II ចាប់ពីឆ្នាំ២០១៧ដល់ឆ្នាំ២០១៨ អនុញ្ញាតឲ្យចូលរួមប្រកួតបានពីរកម្រិតក្នុងមួយកម្រិត(៤នាក់) ។ហើយប្រាក់រង្វាន់ឆ្នាំនេះ ក៏កើនជាងលើកទី១ដែរ ។
លោក ទុយ ប៊ុនហឿន ប្រធានគណៈកម្មការបច្ចេកទេសបាល់ទាត់ បានបញ្ជាក់អោយដឹងថា ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ”លើកទី២ឆ្នាំ២០១៨នេះ កីឡាករដែលចុះឈ្មោះក្នុងបញ្ជីនៅសមាគមឬក្លិបណាមួយហើយ មិនអាចទៅចំឈ្មោះក្នុងបញ្ជីនៅសមាគមឬក្លិបផ្សេងទៀតបានឡើយ ។ មានតែកីឡាករដែលបានចុះឈ្មោះនៅក្នុងបញ្ជីចំនួន២៤នាក់ប៉ុណ្ណោះ មានសិទ្ធិចូលរួមប្រកួត ហើយក្រុមនីមួយៗមិនអាចផ្លាស់ប្តូរកីឡាករក្នុងបញ្ជីឈ្មោះ២៤នាក់បានឡើយ នៅពេលដែលគណៈកម្មការបានប្រកាសអាល់ប៊ុមកីឡាករចុងក្រោយនោះ។
លោកបានបញ្ជាក់ទៀតថា គណៈកម្មការរៀបចំការប្រកួត ជាអ្នកសម្រេចនៅរាល់បញ្ហាដែលកើតមានដោយឥតព្រាងទុក ហើយការសម្រេចរបស់គណៈកម្មការរៀបចំការប្រកួត គឺជាការសម្រេចចុងក្រោយគ្មានឧទ្ធរណ៍។
គួរបញ្ជាក់អោយដឹងផងដែរថា ក្នុងរដូវកាលចាស់២០១៧ ក្រុម អាណាចក្របៃតង បានទទួលជាជើងឯក ក្រោយពីយកឈ្នះលើក្រុមសម្ព័ន្ធយុវជនកម្ពុជាក្នុងវគ្គផ្តាច់ព្រ័ត្រនោះ៕
Source: Kampuchea Thmey Daily
0 Comments