ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារនៅតាមរោងចក្រសហគ្រាសដើម្បីបង្កើនបរិយាកាសល្អនៅកន្លែងការងារឲ្យកាន់តែមានប្រសិទ្ធភាពនិងល្អប្រសើរថែមទៀត។
ថ្លែងក្រោយពិធីបើកវគ្គបណ្តុះបណ្តាលដៃគូថ្នាក់ជាតិរបស់គម្រោងការងារកាន់តែប្រសើរឡើងកាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារសាន់វ៉េ លោក ទន្តបណ្ឌិត ឡេង តុង ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាននាយកដ្ឋានពេទ្យការងារបានមានប្រសាសន៍ថា ការជំរុញនេះបានធ្វើឡើងតាមរយៈការបើកវគ្គបណ្តុះបណ្តាលដៃគូថ្នាក់ជាតិរបស់គម្រោងការងារក ន់តែប្រសើរឡើងរបស់អង្គការពលកម្មអន្តរជាតិខាងការងារដែលមានរយៈពេល១ឆ្នាំកន្លះ ដើម្បីឲ្យសិក្ខាកាមជួយផ្សព្វផ្សាយអប់រំបន្តអំពីសិទ្ធិសេរីភាព លក្ខខណ្ឌការងារនិងសុវត្ថិភាពការងារដល់កម្មករនិយោជិតនិងថៅកែរោងចក្រដើម្បីបញ្ចៀសនូវវិវាទ និងហិង្សាផ្សេងៗនៅកន្លែងធ្វើការ។
លោកទន្តបណ្ឌិត ឡេង តុងបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ គឺសិក្សាទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ជាសាកល ការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងឧស្សាហកម្ម ការគ្រប់គ្រងហានិភ័យការងារ និងវិធានការការពារ ការកំណត់នូវវិធីសាស្ត្រ និងយុទ្ធសាស្ត្រអធិការកិច្ចថ្មីៗនិងការពង្រឹងទំនាក់ទំន ងនិងជំនាញទន់ដើម្បីធ្វើឡើងនូវទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងរោងចក្រ។
លោកបានបន្តថា វគ្គសិក្សានេះនឹងជួយពង្រឹងសមត្ថភាពដល់មន្ត្រីអធិការកិច្ចនិងអ្នកពាក់ព័ន្ធនានារួមមាន តំណាងសហជីព និងរោងចក្រចំនួន៤១នាក់ដើម្បីធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារសំ ដៅកាត់បន្ថយគ្រោះថ្នាក់ការងារនៅកន្លែងការងារ។
លោកបានបន្ថែមទៀតថា វគ្គនេះរៀបចំឡើងដើម្បីពង្រឹងយន្តការកិច្ចសហប្រតិបត្តិការសម្រាប់វិស័យសាធារណៈ និងឯកជនក្នុងការគាំទ្រចំពោះការអភិវឌ្ឍន៍ជំនាញដោះស្រាយវិវាទការងារជាពិសេសការជំរុញការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពខ្ពស់។
លោក អ៊ីវ៉ូ ស្ពៅវិន (Ivo spau wen)អ្នកជំនាញផ្នែកគោលនយោបាយនៃកម្មវិធីកាន់តែប្រសើររបស់អង្គការពលកម្មអន្តរជាតិខាងការងារបានមានប្រសាសន៍ថា វគ្គបបណ្តុះបណ្តាលនេះគឺជាស្ពានចំលងមួយដ៏សំខាន់ក្នុងការធ្វើឲ្យទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករនិយោជិតនិងថៅកែកាន់តែល្អប្រសើរឡើងនៅកន្លែងធ្វើការ។
លោក អ៊ីវ៉ូ ស្ពៅវិន បានសន្យាថាអង្គពលកម្មអន្តរជាតិខាងការងារនៅតែបន្តធ្វើការជាមួយក្រសួងការងារនិងស្ថាប័នពាក់ព័ន្ធនានាដើម្បីចែករំលែកនូវបទពិសោធន៍ល្អសំដៅជួយកែលំអការអនុវត្តសិទ្ធិនិងលក្ខខណ្ឌការងារនៅប្រទេសកម្ពុជាកាន់តែល្អប្រសើរឡើងថែមទៀត។
គួរបញ្ជាក់ថាវគ្គបណ្តុះបណ្តាលដៃគូថ្នាក់ជាតិរបស់គម្រោងការងារកាន់តែប្រសើរឡើងនេះប្រទេសកម្ពុជាទទួលអនុវត្តមុនគេបន្ទាប់ពីប្រទេសវៀតណាមនិងឥណ្ឌូនេស៊ី។
គម្រោងនេះគឺសិក្សារយៈពេល១ឆ្នាំកន្លះដែលមានការសិក្សាជាមួយគ្រូផង រៀនតាមអនឡាញផងនិងចុះសិក្សានៅតាមរោងចក្រសហគ្រាសផងដើម្បីស្វែងយល់ពីលក្ខខណ្ឌការងារ៕
Source: Kampuchea Thmey Daily
0 Comments