រតនគិរី ៖ ឈើប្រណិតគ្រប់ប្រភេទជាច្រើនដុំ ត្រូវបានឈ្មួញយកមកស្តុកទុកនៅក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែងត្រូវបានបែកការ ហើយត្រូវបានកម្លាំងចម្រុះចុះបង្ក្រាប និងរឹបអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកបកែវដើម្បីចាត់ការបន្ត។
ការចុះបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយមានការសម្របសម្រួល ពីលោកជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្នុងនោះដែរមានកម្លាំងចម្រុះរួមមាន: កម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត កម្លាំងប៉េអឹមស្រុក កម្លាំងអធិការស្រុក កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំប៉ក់ញ៉ៃ និងលោកអភិបាលរងស្រុកបានចូលរួមផងដែរ។
ឈើ ដែលកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាប និងរឹបអូសមានចំនួនប្រមាណ៦ម៉ែត្រគូបប៉ុណ្ណោះហើយត្រូវបានដឹកជញ្ជូនយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ។ ចំណែកម្ចាស់ផ្ទះ ដែលរក្សាទុកនូវបទល្មើសព្រៃឈើខុសច្បាប់នោះ សមត្ថកិច្ចជំនាញ នឹងបង់ផាកពិនិត្យទៅតាមច្បាប់ព្រៃឈើផងដែរ៕
Source: Kampuchea Thmey Daily
0 Comments