រតនគិរី ៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តមានកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ទីរជុំវិញខេត្តជាច្រើន នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានជំរុញរំលឹកដល់មន្ត្រីរាជការ ជាពិសេសមន្ទីរអង្គភាពជុំវិញខេត្ត ឲ្យបង្កើនសមត្ថភាពនិងទទួលខុសត្រូវតាមតួនាទីភារកិច្ចកាន់តែខ្លាំងសម្រាប់អាណត្តិថ្មីរបស់រដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យសមទៅនឹងអ្វីដែលប្រជាពលរដ្ឋបានផ្តល់នូវការជឿរទុកចិត្តកន្លងមកថ្មីៗនេះ។
លោកក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងារសន្តិសុខសណ្ដាប់ធ្នាប់នៅទូទាំងខេត្ត ទាំងមុនពេល កំឡុងពេល និងក្រោយពេលបោះឆ្នោត ដោយអាជ្ញាធរជំនាញបានសហការយកចិត្តទុកដាក់រក្សាបាននូវសន្តិសុខសុវត្ថិភាព បរិយាកាសនយោបាយប្រកបដោយភាពស្ងប់ស្ងាត់។
កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ខាងលើធ្វើឡើងដើម្បីពិនិត្យលើការអនុវត្តការងារកន្លងមក និងពិនិត្យវាយតម្លៃការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈទាំងមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ កន្លងមក និងពង្រឹងនូវរបៀបរបប តួនាទី ភារកិច្ចការងារនៅក្នុងខេត្ត៕
Source: Kampuchea Thmey Daily
0 Comments