Ad Code

ពលរដ្ឋ​ស្រុក​ម៉ាឡៃ​១៣​គ្រួសារ​ ទទួល​អំណោយ​ពី​សាខា​កាកបាទ​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ



បន្ទាយមានជ័យ​ ៖​ សាខា​កាកបាទ​កម្ពុជា​ខេត្តបន្ទាយមានជ័យ​ នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​២០១៨ នេះ​ បាន​នាំ​យក​អំណោយ ចែក​ជូន​ប្រជាពលរដ្ឋ​ស្រុក​ម៉ាឡៃ​ចំនួន​១៣​គ្រួសារ ដែល​ជួប​បញ្ហា​គ្រោះធម្មជាតិ។

លោក​លី សារី ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​ដឹងថា ដោយមាន​ការ​យកចិត្ត​ទុកដាក់​ពី​ស​ម្តេច​កិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា លើ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ទីទាល់ក្រ គ្មាន​ទីពឹង និង​ជួប​ការលំបាក តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ បាន​នាំ​យក​អំណោយ របស់​សាខា​ខេត្ត ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ដួល​រលំ​ផ្ទះ និង​គ្រួសារ​រងគ្រោះ​ដោយ​រន្ទះបាញ់ សរុប​ចំនួន​១៣​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ ទទួល​បាន​ ៖​ អង្ករ​២៥​គីឡូ ត្រីខ​១០​កំប៉ុង ប្លាស្ទិក​១​ផ្ទាំង (​សម្រាប់​គ្រួសារ​រងគ្រោះ​ធ្ងន់ធ្ងរ​) ទឹកត្រី​០៣​ដប ទឹកស៊ីអ៊ីវ​០៣​ដប ប្រេងឆា​១​លីត្រ ម្សៅ​សាប៊ូ​១​គីឡូ ភួយ​១ មុង​១​ សារុង​១ ​ក្រមា​១ រួម​នឹង​ថវិកា​មួយ​ចំនួន។

ក្នុង​នោះ​លោក ​បាន​​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ព្រោះ​នេះ​​ជា​រដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​ច្រើន អាច​កើតមាន​ហេតុ​ការ​ខ្យល់​កន្ត្រាក់​គ្រប់​ពេល​​មួយវិញទៀត​ត្រូវ​រស់នៅ​ប្រកបដោយ​អនាម័យ ហូប​ស្អាត ផឹក​ស្អាត ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន ជាពិសេស​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu