កាសែតជប៉ុនមួយ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ សាលាពេទ្យក្រុងតូក្យូបានកែប្រែលទ្ធផលនៃការធ្វើតេស្ដចូលរៀនរបស់ស្ត្រីដើម្បីរក្សាចំនួនស្ត្រីនៅក្នុងស្ថាប័នសិក្សាមួយនេះឲ្យមានកម្រិតទាប។
កាសែត Yomiuri Shimbun បានចុះផ្សាយថា ការរៀបចំនេះបានលេចឡើងខណៈពេលព្រះរាជអាជ្ញាកំពុងស៊ើបអង្កេតរឿងអាស្រូវដាច់ដោយឡែកមួយដែលសាកលវិទ្យាល័យវេជ្ជសាស្ត្រក្រុងតូក្យូត្រូវបានគេចោទប្រកាន់ថាបានអនុញ្ញាតដោយខុសច្បាប់ឲ្យកូនប្រុសរបស់មន្ត្រីក្រសួងអប់រំម្នាក់ចូលរៀន។
លោក Fumio Azuma អ្នកនាំពាក្យសាកលវិទ្យាល័យមួយនេះបានប្រាប់ AFP ថា “បន្ទាប់ពីមានសេចក្តីរាយការណ៍នៅព្រឹកនេះ យើងបានស្នើសុំឲ្យក្រុមហ៊ុនច្បាប់មួយបើកការស៊ើបអង្កេតផ្ទៃក្នុងមួយទៅលើបញ្ហាដែលបានរាយការណ៍នេះ”។ លោកបន្ថែមថា ខ្លួនសង្ឃឹមថានឹងប្រកាសលទ្ធផលនៃការស៊ើបអង្កេតនៅចុងខែនេះ។
កាសែត Yomiuri ដែលដកស្រង់ប្រភពមិនបញ្ចេញឈ្មោះបានលើកឡើងថា សាកលវិទ្យាល័យបានចាប់ផ្តើមបន្ទាបពិន្ទុធ្វើតេស្តចូលរៀនសាលាពេទ្យរបស់អ្នកដាក់ពាក្យស្ត្រីនៅក្នុងឆ្នាំ២០១១បន្ទាប់ពីលទ្ធផលឆ្នាំ២០១០បានបង្ហាញថា ចំនួនរបស់ស្ត្រីដែលកើនឡើងខ្លាំងគឺបានឈ្នះ។
ក្នុងឆ្នាំ២០១០ បេក្ខជនដែលទទួលបានជោគជ័យប្រហែល៤០ភាគរយគឺជាស្ត្រីដែលនោះជាការកើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០០៩។ បន្ទាប់មក សាកលវិទ្យាល័យបានចាប់ផ្តើមព្យាយាមរក្សាភាគរយនៃស្ត្រីដែលចូលរៀនជារៀងរាល់ឆ្នាំមកត្រឹមប្រហែល៣០ភាគរយ។
គួរបញ្ជាក់ថា ជាទូទៅ ស្ត្រីជប៉ុនមានការអប់រំខ្ពស់ប៉ុន្តែម៉ោងធ្វើការដ៏យូររបស់ប្រទេសនេះបានបង្ខំឲ្យស្ត្រីជាច្រើនចាកចេញពីកន្លែងធ្វើការនៅពេលពួកគេចាប់ផ្តើមមានគ្រួសារ។
លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានដាក់គោលការណ៍ “womenomics” (បង្កើនការចូលរួមរបស់ស្ត្រីនៅកន្លែងធ្វើការនិងលើកកម្ពស់ស្ត្រីឲ្យមានមុខតំណែងជាន់ខ្ពស់) ធ្វើជាអាទិភាពមួយប៉ុន្តែល្បឿននៃការរីកចម្រើនមានភាពយឺតយ៉ាវ៕ AFP
Source: Kampuchea Thmey Daily
0 Comments