កាលពីថ្ងៃពុធ រដ្ឋាភិបាលហ្ស៊ីមបាវ៉េ បានប្ដេជ្ញាបង្ក្រាបលើអ្នកប្រឆាំង បន្ទាប់ពីមនុស្ស៣នាក់ ត្រូវបានសម្លាប់នៅពេលបាតុកម្មប្រឆាំងការបោះឆ្នោតត្រូវជួបប្រទះដោយការបាញ់គ្រាប់ពិត។
ភ្នាក់ងារ AFP បានឃើញថា ទាហានបានបាញ់លើបាតុករអំឡុងបាតុកម្មរបស់គណបក្សប្រឆាំង MDC នៅក្នុងទីក្រុង Harare ដោយមានបុរសម្នាក់ត្រូវបានបាញ់សម្លាប់ចំត្រង់ពោះ។
ការបោះឆ្នោតកាលពីថ្ងៃចន្ទគឺជាការបោះឆ្នោតលើកដំបូងចាប់តាំងពីលោកប្រធានាធិបតី Robert Mugabe ត្រូវបានបង្ខំឲ្យចុះចេញពីតំណែងដោយការកាន់កាប់របស់យោធារយៈពេលខ្លីនៅក្នុងខែវិច្ឆិកា។ វាគឺជាការបើកទំព័រនៃការបោះឆ្នោតដែលមានអំពើហិង្សានិងការបង្ក្រាបយ៉ាងឃោរឃៅទៅលើក្រុមប្រឆាំង។
ប៉ុន្តែមានកំហឹងនិងភាពវឹកវរយ៉ាងឆាប់រហ័សនៅពេលដែលអ្នកគាំទ្រគណបក្សចលនាដើម្បីការផ្លាស់ប្តូរប្រជាធិបតេយ្យ (MDC) បានប្រកាសថា ពួកគេត្រូវបានគេបោកប្រាស់ក្នុងការរាប់សន្លឹកឆ្នោត។
លទ្ធផលជាផ្លូវការបានបង្ហាញថា គណបក្ស ZANU-PF ដែលកំពុងកាន់អំណាចគឺទទួលបានអាសនៈច្រើនជាងគេនៅក្នុងការបោះឆ្នោតសភាដែលជាហេតុពង្រឹងការរំពឹងទុកថាលោកប្រធានាធិបតី Emmerson Mnangagwa នឹងកាន់អំណាចក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីដ៏សំខាន់។
ក្រុមអ្នកគាំទ្រ MDC ដែលនិយាយថាមេដឹកនាំរបស់ពួកគេលោក Nelson Chamisa គឺជាអ្នកឈ្នះឆ្នោតនោះគឺបានដុតកង់ឡាននិងបំផ្លាញសញ្ញានៅតាមដងផ្លូវខណៈដែលការតវ៉ាបានរីករាលដាលចេញពីទីស្នាក់ការកណ្តាលរបស់គណបក្សនេះនៅក្នុងទីក្រុង Harare។
ប៉ូលិសបានបញ្ជាក់ថា អ្នកស្លាប់មានចំនួន៣នាក់ហើយលោក Mnangagwa បានចេញសេចក្តីថ្លែងការណ៍មួយដោយស្តីបន្ទោសគណបក្សប្រឆាំងចំពោះភាពចលាចលនិងការស្លាប់នេះ។
លោកបាននិយាយថា “យើងសូមឲ្យគណបក្សប្រឆាំង MDC និងមេដឹកនាំទាំងមូលរបស់ខ្លួនទទួលខុសត្រូវចំពោះការរំខានដល់សន្តិភាពជាតិ”។
នៅក្នុងសន្និសីទកាសែតយប់ជ្រៅមួយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Obert Mpofu បានព្រមានថា រដ្ឋាភិបាលនឹងមិនអត់ឱនចំពោះសកម្មភាពណាមួយដែលបានធ្វើនៅថ្ងៃនេះទេ៕ AFP
Source: Kampuchea Thmey Daily
0 Comments