ភ្នំពេញ ៖ អង្គការស្នាមញញឹមកម្ពុជា បានអំពាវនាវឲ្យអាណាព្យាបាល ដែលមានកូនចៅមាត់ឆែប និងក្រអូបមាត់ឆែប មកធ្វើការវះកាត់ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដើម្បីទទួលបាននូវស្នាមញញឹមជាថ្មីក្នុងជីវិត។
ថ្លែងកាលពីព្រឹកថ្ងៃទី១ សីហា ឆ្នាំ២០១៨ អ្នកស្រី ហូ ថាវរី អ្នកសម្របសម្រួលបច្ចេកទេសអង្គការស្នាមញញឹមកម្ពុជាថ្លែងជំរុញឲ្យប្រជាពលរដ្ឋ ដែលមានកូនមាត់ឆែបនិងក្រអូបមាត់ឆែបនៅទូទាំងប្រទេសមកចុះឈ្មោះនៅមន្ទីរពេទ្យមិត្តភាពសូវៀតចាប់ថ្ងៃទី៦ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីឲ្យកុមារទទួលបានការវះកាត់កែសម្ផស្សឲ្យបានស្រស់ស្អាតឡើងវិញ។
អ្នកស្រីបានបន្តថា ការវះកាត់កុមារមាត់ឆែបនិងក្រអូបមាត់ឆែបនេះ មិនត្រឹមតែវះកាត់ដោយឥតគិតថ្លៃប៉ុណ្ណោះទេ ថែមទាំងមានផ្តល់កន្លែងស្នាក់នៅនិងអាហារចំនួនពីរពេលដល់គ្រួសារអ្នកជំងឺទៀតផងដោយសារអង្គការបានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសសឹង្ហបុរីនិងមានការជួយឧបត្ថម្ភគាំទ្រជាថវិកានិងសម្ភារៈផ្សេងៗពីសប្បុរសជននៅក្នុងស្រុក។
អ្នកស្រី ហូ ថាវរី បានបន្ថែមទៀតថា ការវះកាត់កុមារមាត់ឆែប គឺធ្វើឡើងចំពោះកុមារចាប់ពីអាយុ៦ខែនិងមានទម្ងន់៦គីឡូក្រាមឡើងទៅ និងកុមារមានក្រអូបមាត់ឆែបអាយុចាប់ពី១ឆ្នាំដល់១៣ឆ្នាំ។ ចំណែកមនុស្សចាស់វិញការវះកាត់មាត់ឆែបបានដូចកុមារដែរតែនិយាយមិនច្បាស់បានល្អទេដោយសារកោសិកាលែងលូតលាស់ដូចនៅកុមារ។
អ្នកស្រី ហូ ថាវរី បានពន្យល់ថា មូលហេតុដែលបណ្តាលឲ្យកុមារមានមាត់ឆែបនិងក្រអូបមាត់ឆែបនិងពិការផ្សេងៗគឺបណ្តាលមកពីកង្វះជាតិអាស៊ីតហ្វូលីក ដែលមាននៅចំណីអាហារ បន្លែពណ៌បៃតងជាពិសេសមានច្រើននៅក្នុងសណ្តែកបារាំង តំណពូជ ផឹកស្រា ជក់បារី ជាតិពុលផ្សេងៗនិងការប្រើប្រាស់ឧបករណ៍អេឡេចត្រូនិកដែលមានហ្វ្រេកង់ខ្ពស់ដូចជា អង់ទែនទូរទស្សន៍ ទូរស័ព្ទ កុំព្យូទ័រនៅពេលស្ត្រីចាប់ផ្តើមមានផ្ទៃពោះ។
អ្នកស្រីបានណែនាំដល់ស្ត្រីនៅពេលមានផ្ទៃពោះត្រូវទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ដើម្បីទទួលបានការពិគ្រោះយោបល់ពីគ្រូពេទ្យសម្រាប់ថែរក្សាគភ៌ឲ្យបានល្អនិងផ្តល់ថ្នាំពេទ្យព្រមទាំងអាហារូបត្ថម្ភដើម្បីកុំឲ្យទារកកើតមកមានមាត់ឆែប ឬ ក្រអូបមាត់ឆែបព្រោះថា នៅក្នុងប្រទេសកម្ពុជាក្នុងចំណោមអ្នកកើតរស់៥០០នាក់មានម្នាក់មានមាត់ឆែប។
អ្នកស្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានកូនចៅមានមាត់ឆែបនិងក្រអូបមាត់ឆែបមកចុះឈ្មោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដើម្បីទទួលបានការវះកាត់កែសម្ផស្សដល់កុមារឲ្យបានស្រស់ស្អាតឡើងវិញដើម្បី ឲ្យកុមារមានសិទ្ធិពេញលេញនៅក្នុងសង្គមក៏ដូចជាបានចូលរៀនដូចកុមារដ៏ទៃៗទៀតផងដែរ។
គួរបញ្ជាក់ថា អង្គការស្នាមញញឹមកម្ពុជាបានបង្កើតឡើងតាំងពីឆ្នាំ២០០២ហើយរហូតមកដល់ឆ្នាំ២០១៨នេះបានវះកាត់កែសម្ផស្សដល់កុមារមាត់ឆែបនិងក្រអូបមាត់ឆែបបានចំនួន៤៥៣៦នាក់៕
Source: Kampuchea Thmey Daily
0 Comments