Ad Code

ផ្តន្ទាទោស​គ្រូបង្រៀន​សាលា​ជម្ពូ​វ័ន​២​នាក់ ម្នាក់​កំណត់​៦​ខែ តែ​ទោស​នេះ​ត្រូវ​ព្យួរ​.​ពីបទ​លួច​ទឹក​ថ្នាំ​ខ្មៅ​គ​.​ជ​.ប



​ភ្នំពេញ ៖ គ្រូបង្រៀន​២​នាក់ ត្រូវបា​ន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​ការ​ជំនុំជម្រះ​ផ្ទាល់ និង បាន​ប្រកាស​សាលក្រម​ភ្លាមៗ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ក្នុង​ម្នាក់​៦​ខែ តែ​ទោស​នោះ​ត្រូវ​បាន​ព្យួរ​ទាំងអស់ ក្រោម​ការចោទប្រកាន់​ពី​បទ​លួច ពាក់ព័ន្ធ​នឹង​ករណី​លួច​ថ្នាំ​ជ្រលក់​ដៃ​របស់​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត។

ជនជាប់ចោទ​ម្នាក់​ឈ្មោះ ទែន រតនា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ និង ម្នាក់​ឈ្មោះ ជា សុធា​រី ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ជា​គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ​ហ៊ុន សែន ជម្ពូ​វ័ន សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ជន​ជាប់​ឈ្មោះ ជា សុធា​រី ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​លួច ចំណែក​ជន​ជាប់​ឈ្មោះ ទែន រតនា ចោទប្រកាន់​ពីបទ​.​សមគំនិត​ក្នុង​អំពើ​លួច ទឹកខ្មៅ​ជ្រលក់​ចង្អុលដៃ​របស់ គ​.​ជ​.​ប។

ប្រ​ភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃទី​៣១ កក្កដា សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជូន​គ្រូបង្រៀន ដែល​ជា​ជន​ជាប់ ចោទ​២​នាក់ មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ជូន​តំណាង​អយ្យការ​ធ្វើការ​សាកសួរ រឿង​លួច​ទឹកខ្មៅ​ជ្រលក់​ចង្អុលដៃ​របស់​គ​.​ជ​.​ប។



ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ដំបូង​សម​ត្ថ​កិច្ច​បានធ្វើការ​ឃាត់ខ្លួន​អ្នកគ្រូ ជា សុធា​រី តែ​ម្នាក់​ទេ ប៉ុន្តែ​ក្រោយ​ការសាកសួរ​យក​ចម្លើយ​អ្នកគ្រូ បាន​ជាប់​ពាក់​ព័ន្ធ​ទៅ និង លោកគ្រូ​ម្នាក់ទៀត ទើប​តំណាង​អយ្យការ​តម្រូវ​ឲ្យ​សម​ត្ថ​កិច្ច​នាំមក​ទាំងពីរ​នាក់​តែម្ដង។

នៅក្នុង​សវនាការ​នាសា​លា ដំបូង​រាជធានី​ភ្នំពេញ អ្នកគ្រូ​បាន​សារភាព​ថា​ បានជា​គាត់​លួច​យក​ទឹកខ្មៅ​គ​.​ជ​.​ប នោះ ដោយសារ​លោកគ្រូ​បាន​ពឹងពាក់​ឲ្យ​គាត់​ជួយ​យក​ដប​ទឹក​ថ្នាំ​ខ្មៅ​នោះមក​ជ្រលក់​ដៃ ព្រោះ​លោកគ្រូ​ជាប់រវល់​នៅ​ថ្ងៃ​បោះឆ្នោត​មិនបាន​ទៅ​បោះឆ្នោត នឹង​គេ និង​មិន​មាន​ស្នាម​ទឹកខ្មៅ​ជាប់​ចង្អុលដៃ​ដូច​ដូច្នោះ​បានជា​គាត់​យក​ឲ្យ។

ចំណែក​លោកគ្រូ​វិញ​បាន​បដិសេធ​ទៅ និង​សំដី​អ្នកគ្រូ ដែល​ចោទប្រកាន់​យ៉ាង​ដូច្នោះ ហើយ​លោកគ្រូ​ក៏បាន​តប​ទៅ​អ្នកគ្រូ​វិញ​ថា ខ្ញុំ​គ្រាន់តែ​និយាយថា បើសិនជា​ខ្ញុំ​មិនបាន​ទៅ​បោះឆ្នោត ខ្ញុំ​អាច​សុំ​ទឹក​ថ្នាំ​ខ្មៅ​របស់​គ​.​ជ​.​ប មក​ជ្រលក់​ចង្អុលដៃ​បាន​អត់?

ទោះបី​លោកគ្រូ​បដិសេធ​ក៏ដោយ ក៏​តំណាង​អយ្យការ​នៅតែ​តម្កល់​ការចោទប្រកាន់​ពីបទ​លួច ហើយ​ស្នើ​ឲ្យ​ចៅក្រម​សម្រេច​តាមច្បាប់។

ចៅក្រម​ជំនុំ​ជំ​រះ លោក​ពេជ្រ វិជ្ជាធរ បានសម្រេច​ភ្លាមៗ​ផ្ដន្ទាទោស​គ្រូបង្រៀន​ទាំង​២​នាក់​ដាក់ពន្ធនាគារ​៦​ខែ តែ​ទោស​នេះ​ត្រូវ​ព្យួរទាំង​អស់​ក្រោម​ការចោទប្រកាន់​ពី​បទ​លួច​និង​សមគំនិត​លួច។ បន្ទាប់មក​តុលាការ​បាន​អនុញ្ញាត​ឲ្យ​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ ត្រឡប់​ទៅ​ផ្ទះ​វិញ៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu