កែវ រំចង់ អ្នកប្រដាល់ក្លិបដំបងគ្រញូងមានរិទ្ធខេត្តបាត់ដំបង បានវាយឈ្នះអ្នកប្រដាល់ថៃ តាគួនសិង្ហា ថ.ចតុថេន (Takunsingha Thor.Jatuthen) ដែលឡើងមកសងសឹកកាលពីយប់ថ្ងៃសុក្រទី១០ ខែសីហា ឆ្នាំ២០១៨ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។
តាគួនសិង្ហា ក្នុងការប្រកួត៥ទឹកពេញនោះ គេវាយល្អនិងហាក់មានប្រៀបឈ្នះលើកែវ រំចង់ តែមួយទឹកប៉ុណ្ណោះ គឺនៅក្នុងទឹកទី២ ដែលឃើញវាយត្រូវកែវ រំចង់ខ្លះៗ និងធ្វើឲ្យរំចង់ដួលលើរេញពីរដងនោះ។ ឯ ៤ទឹកទៀត គឺចាញ់កែវ រំចង់ ដោយក្នុងទឹកទី៣ តាគួនសិង្ហាត្រូវកែវ រំចង់ ធាក់និងដាល់បែកឈាមមាត់ ហើយក្នុងទឹកទី៤ត្រូវកែវ រំចង់ ដាល់ចំថ្គាមមួយដៃដួលលើរេញ ត្រូវអាជ្ញាកណ្តាលរាប់៨ថែមទៀត។
នៅក្នុងទឹកទី៥ ទាំងកែវ រំចង់ និង តាគួនសិង្ហា ហាក់ដូចជាអស់ស៊ុហ្វដូចគ្នា លែងសូវសម្រុកវាយគ្នា តែយ៉ាងណាកែវ រំចង់នៅតែមានប្រៀបឈ្នះលើអ្នកប្រដាល់ថៃរូបនេះ ដោយសាររំចង់ឆ្មក់វាយត្រូវមួយដៃៗនោះ ។ចប់ការប្រកួត កែវ រំចង់ឈ្នះតាគួនសិង្ហា ថ.ចតុថេន ដោយពិន្ទុ ។ អ្នកប្រដាល់ទាំងពីរនេះ ជួបប្រកួតក្នុងប្រភេទទម្ងន់៧៥គីឡូក្រាម ។
តាគួនសិង្ហា នេះ គេធ្លាប់មកប្រកួតនៅស្រុកខ្មែរប្រមាណ៣លើកហើយកន្លងមក ដោយមកលើកទី១ (២៧វិច្ឆិកា២០១៦) ត្រូវកែវ រំចង់ វាយអោយសន្លប់ក្នុងទឹកទី២ មកលើកទី២(០១ធ្នូ២០១៧) បានជួបប្រកួតជាមួយអ៊ុង ភារ៉ាក់ អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ហើយត្រូវអ៊ុង ភារ៉ាក់ វាយអោយសន្លប់ក្នុងទឹកទី៣ និងលើកទី៣(១៧កុម្ភះ២០១៨)មកសងសឹកកែវ រំចង់ តែមិនបានសម្រេច ដោយត្រូវសន្លប់ក្រោមកណ្តាប់ដៃរបស់រំចង់ក្នុងទឹកទី៤ទៀត ។
ចំណែក រិទ្ធ ភូលូ អ្នកប្រដាល់ក្លិបថ្មគោលពោធិសែនជ័យ បានប្រកួតចាញ់ អ្នកប្រដាល់ឡាវ ណាមផេត ឆ.ឆែមពាន (Nampeth Chor.Chhampion)ដោយពិន្ទុ បន្ទាប់ពីវាយគ្នា៥ទឹកពេញនោះ។ពួកគេពីរនាក់នេះប្រកួតគ្នាក្នុងទម្ងន់៦០ គ.ក្រ ។
រិទ្ធ ភូលូ ឡើងប្រកួតលើកនេះ ហាក់ដូចជាអន់ជាងលើកមុនៗ ដោយវាយចាញ់ថៃដាច់តែម្តង ។គ្រាន់តែក្នុងទឹកទី២ទី៣ រិទ្ធ ភូលូ ត្រូវណាមផេត ឆ.ឆែមពាន វាយដួលលើរេញពីរទៅបីដង ដែលមានម្តងត្រូវអាជ្ញាកណ្តាលរាប់៨ថែមទៀត ដោយសារតែត្រូវចំគោលដៅល្អពេក ។ ដូច្នេះហើយទើបចប់ការប្រកួត រិទ្ធ ភូលូ ចាញ់ ណាមផេត ឆ.ឆែមពាន ដោយពិន្ទុ ។
ជាលើកទី២ហើយ ដែលរិទ្ធ ភូលូ វាយចាញ់ឡាវ ក្នុងចំណោមជួបប្រកួតជាមួយឡាវ៣លើកនោះ ។ ភូលូ គេជាអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ ដោយមានចិត្តធំ កម្លាំងខ្លាំង វាយមិនសំចៃដៃឡើយ ប៉ុន្តែការប្រកួតលើកនេះ ភូលូមិនអាចចូលចុះជាមួយ ណាមផេត ឆ.ឆែមពាន នោះឡើយ។
ចំពោះ ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ នីម នន អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ បានវាយឈ្នះ សយ សី អ្នកប្រដាល់ក្លិបវិបុលដារិទ្ធពោធិសែនជ័យ ដោយពិន្ទុ ក្រោយពីវាយគ្នាប្រាំទឹកពេញនោះ ។ រីឯ សួន សុខចាន់ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ ប្រកួតចាញ់ ជា ផាន់ណា អ្នកប្រដាល់ក្លិបរាជសីហ៍ខេត្តរតនគិរី ក្នុងទឹកទី២៕
Source: Kampuchea Thmey Daily
0 Comments