ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងកសាងផ្លូវបេតុង២ខ្សែ ប្រវែង២៥៣០ម៉ែត្រ ដាក់លូសងខាងផ្លូវរួមនឹងការដាក់បង្គោលភ្លើងបំភ្លឺតាមផ្លូវសាធារណៈ ជូនប្រជាពលរដ្ឋផងដែរ នៅក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដើម្បីឆ្លើយតបទៅតាមការសន្យាដែលបានធ្វើឡើងកាលពីមុនពេលបោះឆ្នោតកន្លងមកនេះ។
ការសម្រេចឲ្យមានការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធខាងលើនេះបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រជិត៤០០គ្រួសារ នៃសហគមន៍ព្រែកតាគង់១ ក្នុងសង្កាត់ចាក់អង្រែលើ កាលពីព្រឹកថ្ងៃទី១០ ខែសីហានេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង ថ្លែងថា ដោយមើលឃើញពីការ លំបាករបស់ប្រជាពលរដ្ឋ ក្នុងតំបន់នេះជាច្រើនដំណរ មកនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋតាមការសន្យារបស់រដ្ឋបាលរាជធានីកាលពីពេលមុនបោះឆ្នោត។
លោកអភិបាលបានបញ្ជាក់ថា កន្លងមកយើងបានសន្យាថា នឹងស្ថាបនាផ្លូវបេតុង១ខ្សែ ប្រវែង១៣៣០ម៉ែត្រ និងដាក់ប្រព័ន្ធលូ តែថ្ងៃនេះមិនត្រឹមតែផ្តល់ផ្លូវមួយខ្សែនេះទេ ក្នុងនាមរដ្ឋបាលរាជធានីដោយពិនិត្យមើលពីស្ថានភាពជាក់ស្តែងនិងការស្នើសុំពីប្រជាពលរដ្ឋ រដ្ឋបាលរាជធានីនឹងស្ថាបនាផ្លូវបេតុង១ខ្សែជូនប្រជាពលរដ្ឋនៅតំបន់នេះ ដែលមានប្រវែង១២០០ម៉ែត្រ។
លោកអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ខាងលើនេះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើប្រទានកម្មដី ជិត៤០០គ្រួសារ ដើម្បីឲ្យពួកគាត់មានកន្លែងសង់លំនៅឋានសមរម្យ និងមានសិទ្ធិកាន់កាប់ស្របច្បាប់។ ការសម្រេចប្រគល់ដីប្រទានកម្ម ពីសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋ៣៨០គ្រួសារ រស់នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ គឺដើម្បីឲ្យបងប្អូនទទួលបានសិទ្ធិលំនៅឋានរស់នៅស្របច្បាប់ និងចូលរួមកាត់បន្ថយភាពក្រីក្រ តាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៣។
ចំពោះការស្ថាបនាផ្លូវបេតុងខាងលើនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ឲ្យដឹងថា តាមគម្រោងនឹងស្ថាបនាក្នុងពេលឆាប់ខាងមុខនេះ នឹងស្ថាបនាឲ្យបានរួចរាល់ នៅក្នុងឆមាសទី២ នៃឆ្នាំ២០១៨នេះ។
លោកបន្តថា ផ្លូវបេតុងប្រវែង២៥៣០ម៉ែត្រនេះ ពីមុនមិនមានប្រព័ន្ធលូទេ ប៉ុន្តែការស្ថាបនាផ្លូវបេតុងថ្មីនេះ គឺមានដាក់ប្រព័ន្ធលូសង្ខាង និងដាក់បង្គោលភ្លើងបំភ្លឺតាមផ្លូវផងដែរ។
លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅ ក្នុងភូមិព្រែកតាគង់១ មានចំនួន៣៨៦គ្រួសារ ដែលពួកគាត់ភាគច្រើនប្រកបមុខរបរដាំបន្លែលក់ ចិញ្ចឹមជីវិត៕
Source: Kampuchea Thmey Daily
0 Comments