ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបាត់បង់ឱកាសក្នុងការប្រជែងតំណែងជើងឯកទាំងក្នុងពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2018និង ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១២ ក្រោមការដឹកនាំរដូវកាលដំបូងរបស់លោក Conor Nestor។
យោងតាមវិសាយផ្លូវការរបស់ក្លិបព្រះខ័នរាជស្វាយរៀង បានបង្ហាញពីទស្សនៈរបស់គ្រូបង្វឹកក្រុមរបស់ខ្លួននៅក្នុងរដូវកាលនេះថា៖«ចាប់ផ្តើមរដូវកាលដំបូងយើងមានពេលត្រឹម៥សប្តាហ៍ប៉ុណ្ណោះដើម្បីប្រមូលផ្តុំក្រុម និងពេលនោះបញ្ជីឈ្មោះកីឡាករមិនទាន់បានសម្រេចច្បាស់លាស់ ខណៈយើងមានកីឡាកររបួសជាច្រើនដូចជា សុក សំណាង, នេន សុធារដ្ឋ, សារ៉េត គ្រីយ៉ា, សំអឿន ពិដោរ និងរស់ គង់សំរេច។ មួយវិញទៀតនោះគឺគ្រូបង្វឹកថ្មី តែងតែត្រូវការពេលវេលាដើម្បីអោយកីឡាករយល់ថាគាត់ចង់បានអ្វី»។
គ្រូបង្វឹកជនជាតិអៀកឡង់រូបនេះបន្តថា៖«យើងត្រលប់ទៅការប្រកួតជាមួយ ក្រសួងការពារជាតិ ដែលកីឡាករមិនបានប្រើអំពើហិង្សាបែរជាជាប់ពិន័យដល់ទៅ១១ប្រកួត។ ខ្ញុំសួរអ្នកគាំទ្រទាំងអស់គ្នាថាបើសិនជាក្រុមដូចជា Real Madrid បានបាត់បង់កីឡាករជម្រើសដំបូង១១នាក់ដល់ទៅពាក់កណ្តាលរដូវកាលថា តើថាពួកគេអាចប្រជែងជើងឯកបានដែរ ឬ ទេ?»។
គ្រូបង្វឹកវ័យ៣៣ឆ្នាំខាងលើបង្ហាញគំនិតបន្ថែមថា ៖« ខ្ញុំដឹងថាអ្នកគាំទ្រទាំងអស់ដែលបានមកទស្សនាគ្រប់ការប្រកួតទាំងអស់របស់យើងអាចដឹងពីរបៀបលេងរបស់ក្រុម និងខ្ញុំជឿជាក់ថា ពួកគេមើលឃើញថាពួកយើងកំពុងបង្កើតអ្វីម្យ៉ាង។ ដោយយើងត្រូវតែការពារអោយប្រសើរ និងបំលែងឱកាសទាំងនោះបានច្រើន។ ខ្ញុំបានប្រើប្រាស់ក្លិប Manchester City ជាឧទាហរណ៍ដោយកាលពី២ឆ្នាំមុនពួកគេបាត់បង់ឱកាសប្រជែងលីគដល់ទៅ១៥ពិន្ទុ ប៉ុន្តែបានកែប្រើស្ថានការណ៍ទៅជាល្អរហូតឈានដល់ជាក្រុមជើងឯកកាលពីរដូវកាលមុន។ ដោយបានបំបែកកំណត់ត្រាទាំងអស់ក្នុងលីគ ហើយខ្ញុំមានជំជឿ១០០ភាគរយថាវាជារឿងដូចគ្នា»។
លោក Conor Nestor បន្តទៀតថា៖« ជាមួយនឹងកីឡាករមានបទពិសោធការប្រឈមគឺមានកម្រិតទាប ប៉ុន្តែជាគ្រូបង្វឹកអ្នកត្រូវដឹងពីដែនកំណត់របស់ពួកគេ។ ជាមួយនឹងកីឡាករវ័យក្មេងហានិភ័យគឺមានខ្ពស់ ប៉ុន្តែសក្ដានុពលរបស់ពួកគេគឺមិនដឹងថា ជាអ្វី មានន័យថា យើងមិនដឹងពីដែនកំណត់របស់ពួកគេ។ កាលពីអតីតកាលខ្ញុំបានធ្វើការជាមួយកីឡាករវ័យក្មេងជាច្រើននាក់ដែលបានបន្តលេងឲ្យក្លិបដូចជាក្រុម Wolves, Brighton, Huddersfield, Leeds United ។ ខ្ញុំដឹងថាអ្វី ត្រូវធ្វើសម្រាប់កីឡាករវ័យក្មេងម្នាក់ពីកម្រិតទាបទៅកម្រិតខ្ពស់បំផុតនៃការប្រកួត។ ខ្ញុំដឹងថា កីឡាករជឿទុកចិត្តខ្ញុំដើម្បីជួយអភិវឌ្ឍពួកគេហើយនោះគឺជាការជឿទុកចិត្តមួយដែលនឹងនាំឲ្យទទួលបានជោគជ័យសម្រាប់ក្លឹបនេះឆាប់ជាងពេលបន្ទាប់»។
គ្រូបង្វឹករូបនេះបានសូមទោសទៅអ្នកគាំទ្រទាំងអស់ ដែលធ្វើពុំបានល្អនារដូវកាលនេះ ប៉ុន្តែលោកសន្យានឹងធ្វើឲ្យបានល្អនារដូវកាលក្រោយ ពេលកីឡាកររបួស និងកីឡាករជាប់ពិន័យត្រលប់មកវិញ។ ក្រុមព្រះខ័នរាជស្វាយរៀង ទើបតែផ្លាស់ប្តូរគ្រូបង្វឹកកាលពីដើមរដូវកាល ដោយចុះកិច្ចសន្យា១រដូវកាលជាមួយលោក Conor Nestor កាន់អាជ្ញាប័ណ្ណគ្រូបង្វឹកកម្រិត UEFA A License ជំនួសលោក សំ វ៉ាន់ដេត ដែលជាគ្រូចាស់គ្រោងនឹងបន្តរៀនវគ្គគ្រូបង្វឹក AFC “A” License។ ក្រុមនេះបានបញ្ចប់រដូវកាលឆ្នាំ២០១៧ របស់ខ្លួនកន្លងទៅ ដោយឈរចំណាត់ថ្នាក់លេខ៣ ប្រចាំពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2017 ដែលមានសមាជិក១២ក្រុម ហើយនៅក្នុងពានរង្វាន់សម្តេចតេជោហ៊ុន សែន វិញបានបញ្ចប់រដូវកាលរបស់ខ្លួនដោយគ្រងតំណែងជើងឯកតែម្តង៕
Source: Kampuchea Thmey Daily
0 Comments