ភ្នំពេញ ៖ លោក យឹម សាវី អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិចបានអះអាងថា អ្នកប្តឹងលោកជាមនុស្សល្ងង់ ពីព្រោះគណបក្ស តែងមានច្បាប់ មានលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គេ កាលណាគេបញ្ចប់សមាជិកភាពអ្នកណាម្នាក់ គេតែងមានហេតុផល ដូច្នេះកុំឃើញខ្លាដេក ថាខ្លាសំពះ ប្រយ័ត្នចូលគន្លងថា បំផ្លាញគណបក្ស។
អគ្គលេខាធិការលើកឡើងបែបនេះ ជាការឆ្លើយតបលោក មៀច សំរួល ដែលអះអាងថា ជាអតីតឧបការីផ្ទាល់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលបានដាក់ពាក្យប្តឹងលោក យឹម សាវី និងលោកប៉ោ ប៊ុនស្រ៊ឺ អនុប្រធានគណបក្ស ទៅតុលាការពីបទផ្តួចផ្តើម និងសមគំនិតធ្វើលិខិតរដ្ឋបាលទុច្ចរិតបញ្ចប់សមាជិកភាពរូបលោក។
ទាក់ទងបញ្ហានេះ លោក យឹម សាវី បានថ្លែងប្រាប់កម្ពុជាថ្មី កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ថា “វាហាក់ដូចជាចម្លែក អ្នកដែលដាក់ពាក្យប្ដឹងនេះ វានៅតែល្ងង់ មិនដឹងអីទេ ហេតុអីបានជាខ្ញុំនិយាយដូច្នេះ ធម្មតាគណបក្សមួយ គេមានច្បាប់របស់គេ បទបញ្ជាផ្ទៃក្នុង គេមានការគ្រប់គ្រងរបស់គេ កាលណាគេបញ្ចប់សមាជិកភាព រឿងអីមកប្ដឹងខ្ញុំ មកប្ដឹង ប៉ោ ប៊ុនស្រ៊ឺរឿងស្អីក៏ដោយ អ្នកដែលចុះហត្ថលេខា គឺសម្ដេចព្រះប្រធាន ហើយបើសម្ដេចព្រះប្រធានចុះហត្ថលេខាហើយ យើងថាជាឯកសារទុច្ចរិត មានតែយើងមើលងាយសម្ដេចព្រះប្រធានថា អត់ដឹងខ្យល់អី។ អាហ្នឹងវាល្ងង់ដល់ប៉ុណ្ណឹង យើងគិតតែប៉ុណ្ណឹងបានហើយ។ គណបក្សណាក៏ដោយ គេមានច្បាប់របស់គេ កាលណាសម្ដេចព្រះប្រធានបញ្ចប់ហើយ កុំថាឡើយតែខ្ញុំ គឺសម្ដេចព្រះប្រធានអាចបញ្ចប់ភ្លាមហ្នឹងឯង។ ពីព្រោះលោកជាប្រធានទាំងអស់ ជាប្រធានគណៈកម្មាធិការនាយក ជាប្រធានគណៈកម្មាធិការវិន័យ នៅក្នុងបក្សមួយគ្មានអ្នកណាធំជាងលោកទេ តែលោកសម្រេចបញ្ចប់ គឺចប់ហើយ ប៉ុន្តែខ្ញុំយល់ថា មិនមែនទេ វាគឺជារឿងមនុស្សបំផ្លាញហ៊្វុនស៊ិនប៉ិច ដែលគណបក្សហ៊្វុនស៊ិនប៉ិចអន្តរាយកន្លងមក គឺដោយសារមនុស្សប្រភេទហ្នឹង គឺមនុស្សដែលមកជ្រកហើយ បើមានប្រយោជន៍ ក៏គេស៊ីទៅ បើអត់ប្រយោជន៍ហើយ គេក៏ធ្វើអ្វីដែលមិនគប្បីធ្វើ”។
លោក យឹម សាវី លើកឡើងទៀតថា “គណបក្សហ៊្វុនសិនប៉ិច ប្រវត្តិកន្លងមក យើងដឹងស្រាប់ហើយ យើងត្រូវការកែទម្រង់ បានន័យថា គណបក្សហ៊្វុនស៊ិនប៉ិច អ្នកណាជួយចូកជួយចែវ គេប្រមូលមនុស្ស គេធ្វើនយោបាយមិនមែនធ្វើលេខដកមនុស្សចេញនោះទេ គឺគេត្រូវការប្រមូលមនុស្ស បើដូច្នេះ តើគេខំឃោសនាប្រមូលមនុស្សមកធ្វើអី ប៉ុន្តែបើប្រមូលមកទទួលទានទៅវាបែកធ្មេញ តើទុកយ៉ាងម៉េចនឹងកើត ដូច្នេះត្រូវក្រឡេកមើលទៅខ្លួនឯងវិញ មិនមែនខ្ញុំចេះតែនិយាយនោះទេ។ ខ្ញុំមិននិយាយការពារអ្នកណាទេ ក្រលេកមើលតែខ្លួនឯងទៅ តើយើងបានធ្វើអីដល់បក្សវិញ ហើយមានមនុស្សច្រើនណាស់ដែលបានជួយ ដូច្នេះយើងត្រូវសួរខ្លួនឯងវិញថាតើយើងបានជួយអី្វខ្លះដល់បក្ស”។
លោក យឹម សាវី លើកឡើងទៀតថា លោកបានឃើញឈ្មោះ មៀច សម្រួល នេះទៅចូលជាមួយគណបក្សរបស់លោក ញឹក ប៊ុនឆៃ ទៅហើយ ដូច្នេះមើលតែប៉ុណ្ណឹងដឹងហើយ លោកមិនចង់បរិយាយអីលើសពីនេះនោះទេ។ លោកបន្តថា បើនិយាយទៅ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សុទ្ធតែជាអតីតគណបក្សហ៊្វុនសិនប៉ិច ដែលគណបក្សចេះតែទទួលមុខធ្វើការរួមគ្នា។ មួយទៀតកន្លងមក ឈ្មោះ មៀច សម្រួល នេះបានដាក់ពាក្យប្ដឹងនៅសាលាដំបូងរួចហើយ ក្រោយពីសម្ដេចក្រុមព្រះបញ្ចប់សមាជិកភាពនោះ ប៉ុន្តែតុលាការមិនដឹងគិតយ៉ាងម៉េចព្រោះអត់មានច្បាប់ អត់មានក្បួន ឥឡូវចេញថ្មីទៀត។
តាមលោក យឹម សាវី អះអាងថា ការធ្វើបែបនេះ “គេហៅថា មានបំណងបំផ្លិចបំផ្លាញគណបក្សហ៊្វុនសិនប៉ិច វាច្បាស់តែម្ដង ... ខ្ញុំអត់ចង់ប្ដឹងទេ សូមជម្រាបឲ្យត្រង់ តាមពិតនៅក្នុងបក្សគេមានទិសដៅប្ដឹងពួកទាំងអស់ហ្នឹង ដោយសារគេមានហេតុផល គេចាប់បាននៅតាមបណ្ដាញសង្គមហ្វេសប៊ុកច្រើនណាស់ តែខ្ញុំទេថា កុំឲ្យមានរឿងនៅក្នុងសង្គមច្រើនពេក បើអាចអត់ធ្មត់បានអត់ធ្មត់ទៅ ... ខ្ញុំថា កុំអី ក្រែងលោវាវេទនាទៅ ប្រយ័ត្នចូលកន្លែងគេចោទថាបំផ្លាញបក្ស អាហ្នឹងដូចខ្ញុំថា កុំឃើញខ្លាដេក កុំចេះតែថាខ្លាសំពះ។
ទាក់ទងបញ្ហានេះ កម្ពុជាថ្មីនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីលោក មៀច សំរួល បាននៅឡើយទេ រហូតដល់ល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ លោក មៀច សំរួល អតីតឧបការីផ្ទាល់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានដាក់ពាក្យប្តឹងលោក យឹម សាវី អគ្គលេខាធិការគណបក្ស និងលោកប៉ោ ប៊ុនស្រ៊ឺ អនុប្រធានគណបក្ស ទៅតុលាការពីបទផ្តួចផ្តើម និងសមគំនិតធ្វើលិខិតរដ្ឋបាលទុច្ចរិតបញ្ចប់សមាជិកភាពរូបលោក និងទាមទារសំណងជំងឺចិត្តចំនួន៤០០លានរៀល៕
Source: Kampuchea Thmey Daily
0 Comments