ក្រុមកីឡាករអាយុក្រោម១២ឆ្នាំរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ត្រូវធ្វើដំណើរទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន នៅថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨ នេះក្នុងនាមក្រុមតំណាងប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Soong Ching Ling Cup, China-ASEAN Youth Football Friendly Matches ដែលជាព្រឹត្តិការណ៍ប្រកួតមិត្តភាពអាស៊ាន-ចិន។
លោកអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានជួបសំណេះសំណាលមុនពេលចេញទៅចូលរួមប្រកួតនេះ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្លិបនិងគ្រូបង្វឹក បានរៀបចំក្រុមហាត់ហ្វឹកហ្វឺន ក្នុងការចូលរួមប្រកួត។ នេះជាលើកទី៣ ហើយដែលកម្ពុជា បញ្ជូនក្រុមទៅចូលរួមប្រកួតក្នុងពានរង្វាន់នេះដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-ចិន នឹងក៏ជាឱកាសមួយក្មេងៗរបស់កម្ពុជា បានបង្ហាញពីសមត្ថភាពផ្ទាល់ខ្លួន ដកស្រង់យកបទពិសោធន៍ និងកសាងមិត្តភាពជាមួយកីឡាករនៃប្រទេសចូលរួមផ្សេងៗទៀត។
លោកបានបន្តថា រាជរដ្ឋាភិបាល ក៏ដូចក្រសួងអប់រំតែងយកចិត្តទុកដាក់ខ្ពស់ ពិសេសកីឡាបាល់ទាត់ ហើយទទួលរាប់រងក្នុងការចំណាយថវិកាលើថ្លៃសំបុត្រយន្ដហោះ និងប្រាក់ហោប៉ៅដ៏គាប់ប្រសើរផងដែរ។ ឯកឧត្តមសង្ឃឹមថា ក្មួយៗនឹងខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីជាតិ។ កាលពីឆ្នាំមុនក្រុមកីឡាកររបស់កម្ពុជា ទទួលបានពានរង្វាន់ Fair Play ផងដែរ។
កម្មវិធី Soong Ching Ling Cup, China-ASEAN Youth Football Friendly Matches ត្រូវបានរៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-ចិន (ASEAN-China Center) នៃប្រទេសចិន ហើយកម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែសីហា ខាងមុខ។ ក្នុងបេសកកម្មនេះក្រុមកីឡាករអាយុក្រោម១២ឆ្នាំរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ដឹកនាំដោយអ្នកគ្រូ ប៉ិ ផល្លី ជាគ្រូបង្វឹក អមដោយលោក ម៉ក ភារុន ជាជំនួយការគ្រូបង្វឹក។ ក្រុមទាំងមូលចេញដំណើរនៅវេលាម៉ោង៨ព្រឹកថ្ងៃសៅរ៍នេះ៕
Source: Kampuchea Thmey Daily
0 Comments