ស្ទឹងត្រែង ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានចុះបង្ក្រាបឈើមួយកន្លែង ដែលទូកដឹកយកមកទម្លាក់ប្រមាណជិត១០ ម៉ែត្រគូបប្រគល់ទៅឲ្យសង្កាត់រដ្ឋបាលព្រៃឈើក្បាលរមាសស្រែគរ។
ឈើ ដែលសមត្ថកិច្ចបង្ក្រាបបានធ្វើឡើងកាលពីវេលាម៉ោងមុនមាន១១និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ចំណុចស្រែតាចាន់ ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែង។
លោកវ៉ា សាន់ នាយការិយាល័យប្រឆាំងបទល្មើសខេត្តបានឲ្យដឹងថា ឈើ ដែលសមត្ថកិច្ចបង្ក្រាបត្រូវបានក្រុមឈ្មួញដឹកតាមទូកយកមកទម្លាក់នៅចំណុចខាងលើ ហើយត្រូវបានគេរាយការណ៍ដល់សមត្ថកិច្ចរបស់លោក រហូតធ្វើការចុះមកបង្ក្រាបតែម្ដង។ តែចំណែកទូកដឹកឈើ ត្រូវបានបើករត់គេចបាត់ស្រមោល។
ប្រភពបានឱ្យដឹងថា ឈើទាំងនេះ ត្រូវបានក្រុមឈ្មួញធ្វើការកាប់នៅតំបន់ភូមិសាស្ត្រស្រុកសេសានរួចដឹកតាមទូកជារៀងរាល់ថ្ងៃមកកាន់ចំណុចខាងលើ ហើយធ្វើការលក់ទៅឲ្យក្រុមឈ្មួញធ្វើការដឹកជញ្ជូនតាមរ៉ឺម៉ករថយន្តសាំយ៉ុងទៅកាន់ដេប៉ូឈើក្នុងខេត្តត្បូងឃ្មុំខេត្តកំពង់ចាមនិងខេត្តព្រៃវែង។
ប្រភពបន្តថា ឈើដែលគេបង្ក្រាបនេះគឺជាប្រភេទឈើលេខ 1 និងឈើលេខ 2 ដែលគេអារច្រៀកជាសន្លឹកតូចធំនៅតាមទីផ្សារ ដែលក្រុមឈ្មួញកុម្ម៉ង់។
ក្រោយការបង្ក្រាប កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តធ្វើការប្រគល់ទៅឲ្យសង្កាត់រដ្ឋបាលព្រៃឈើក្បាលរមាសស្រែគរធ្វើការដឹកជញ្ជូនតាមគោយន្តដើម្បីយកទៅរក្សាទុកចាត់ការទៅតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments