ក្រុមមន្ត្រីបាននិយាយថា ទឹកជំនន់យ៉ាងធ្ងន់ធ្ងរ បានបង្ខំឲ្យមានការជម្លៀសមនុស្សចំនួន១,៦០០នាក់ដែលភាគច្រើនគឺជាអ្នកបោះជំរំនៅភាគខាងត្បូងប្រទេសបារាំង។
ពួកគេបាននិយាយថា បុរសអាល្លឺម៉ង់អាយុ៧០ឆ្នាំម្នាក់ដែលកំពុងជួយមើលការខុសត្រូវលើកុមារនៅឯជំរំរដូវក្តៅមួយគឺបានបាត់ខ្លួន។
តំបន់ដែលរងគ្រោះខ្លាំងបំផុតគឺ Gard, Ardèche និង Drôme។ អ្នកពន្លត់អគ្គិភ័យនិងប៉ូលិសជាង ៤០០នាក់ព្រមទាំងឧទ្ធម្ភាគចក្រ៤គ្រឿងផងដែរត្រូវបានដាក់ពង្រាយ។
ទឹកជំនន់នេះបានកើតឡើងបន្ទាប់ពីតំបន់ភាគខាងត្បូងនៃប្រទេសបារាំងនិងភាគច្រើននៃទ្វីបអឺរ៉ុបជួបប្រទះអាកាសធាតុក្តៅមិនធម្មតា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងមហាផ្ទៃបារាំងបាននិយាយថា នាយកដ្ឋានចំនួន៦ត្រូវបានគេដាក់ក្នុងការប្រកាសភាពអាសន្ន។
នៅក្នុងជំរំរដូវក្តៅមួយក្នុងតំបន់ Saint-Julien-de-Peyrolas, កុមារចំនួន១១៩នាក់ត្រូវបានគេជម្លៀសចេញ។ អ្នកបាត់ខ្លួនជនជាតិអាល្លឺម៉ង់គឺជាអ្នកមើលការខុសត្រូវលើកុមារនៅជំរំនោះ។
ភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ខណៈដែលត្រូវបានជាប់ដោយសារតែទឹកហូរយ៉ាងលឿននោះ គាត់បានចូលក្នុងរថយន្តរបស់គាត់ប៉ុន្តែរថយន្តត្រូវបានទឹកហូរនាំយកទៅ។
អ្នកមុជទឹកត្រូវបានហៅឲ្យទៅកន្លែងកើតហេតុខណៈប្រតិបត្តិការរុករកកំពុងបន្ត។
ក្រុមមន្ត្រីបាននិយាយថា មនុស្សជាច្រើនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាមួយរបួសស្រាល។
លោកស្រី Rachel Buchanan មកពីទីក្រុង Oxford ក្នុងចក្រភពអង់គ្លេសគឺកំពុងបោះជំរំនៅជិតទន្លេមួយក្នុងទីក្រុង Ardèche នៅពេលទឹកជំនន់វាយប្រហារ។
លោកស្រីបានប្រាប់ BBC ថា “យើងដឹងថាព្យុះមួយកំពុងកើតឡើងប៉ុន្តែមិនអាចជឿថាព្យុះអាក្រក់ដូចនេះទេ។ កម្រិតនិងល្បឿននៃទឹកទន្លេនាពេលបច្ចុប្បន្ននេះគឺមិនធម្មតាឡើយ។ យើងបានភ្ញាក់ពីដេកដោយមានទឹកលិចជើងរបស់យើង”៕
Source: Kampuchea Thmey Daily
0 Comments