រតនគិរី ៖ ម៉ូតូហុងដាឌ្រីមពីរគ្រឿង បោលបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យយុវជនពីរនាក់បានរងរបួសធ្ងន់ធ្ងរ ខណៈជិះក្នុងទិសដៅបញ្ច្រាសគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីយប់ថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្កាឈូកក្បែរបន្ទាយប៉េអឹមខេត្ត ស្ថិតនៅក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង។
នគរបាលប៉ុស្តិ៍បឹងកន្សែងបានឲ្យដឹងថា ម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី ១B-០៥៩២ ជិះក្នុងទិសដៅពីកើតទៅលិចអ្នកបើកបរមានឈ្មោះ សាន សានិត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស របួសធ្ងន់បាក់ជើងខាងឆ្វេង មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ចំណែកភាគីម្ខាងទៀតឈ្មោះ ភីម សិលា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស របួសធ្ងន់ត្រង់ផ្ទៃមុខ ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១C-៤៧៦៤ ក្នុងទិសដៅពីលិចទៅកើត។
ក្រោយកើតហេតុនគរបាលមូលដ្ឋានចុះមកអន្តរាគមន៍ធ្វើការវាស់វែងដឹកបញ្ជូនជនរងគ្រោះទាំងពីរនាក់ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
បច្ចុប្បន្នមធ្យោបាយទាំងពីរគ្រឿងនគរបាលអូសយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្តដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments