Ad Code

ការ​អះអាង​របស់​លោក Trump លើ​អគ្គិភ័យ​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​គឺ​មិន​ត្រឹមត្រូវ



លោក​ប្រធានាធិបតី Donald Trump បាន​អះអាងថា គោលនយោបាយ​ទឹក​រប​ស់​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​គឺ​ការ​ផ្លាស់ប្តូរ​អ្នក​ពន្លត់​អគ្គិភ័យ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភ្លើង​ឆេះ​ព្រៃ​របស់​រដ្ឋ​មួយ​នេះ​។ បើ​យោងតាម​អ្នកជំនាញ​ខាង​អគ្គិភ័យ​ និង​ទឹកបាន​ឲ្យ​ដឹងថា វា​មិនមែន​ដូច្នោះ​ទេ។

សូម​មើល Twitter របស់គាត់​និង​ហេតុការណ៍​ដែល​នៅ​ពីក្រោយ​វា​៖
លោក TRUMP៖ “​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​កំពុង​ពង្រីក​និង​ធ្វើ​ឲ្យ​កាន់តែ​អាក្រក់​ទៅៗ​ដោយ​ច្បាប់បរិស្ថាន​មិនល្អ​ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​បរិ​មាណទឹក​ដែល​អាច​ប្រើ​បាន​គ្រប់គ្រាន់​ដើម្បី​យកទៅ​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​។ វា​ត្រូវបាន​គេ​បង្វែរ​ទៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ ត្រូវតែ​សម្អាត​ដើមឈើ​ផងដែរ​ដើម្បី​បញ្ឈប់​ការ​រាលដាល​ភ្លើង​! ”​។​
​ការពិត​៖ នោះ​មិនមែនជា​អ្វីដែល​អ្នកឯកទេស​រប​ស់​រដ្ឋ​និយាយ​ទេ​។​

លោក Scott McLean អ្នកនាំពាក្យ​នាយកដ្ឋាន​ការពារ​ព្រៃឈើ​និង​អគ្គិភ័យ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​បាន​និយាយថា “​យើង​មានទឹក​ច្រើនណាស់​” សម្រាប់​ការប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ដែល​កំពុង​ឆេះ​នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​។ លោក McLean បាន​ថ្លែងថា ភ្លើង​ឆេះ​ព្រៃ​បច្ចុប្បន្ន​កំពុងតែ​ស្ថិតនៅក្នុង​បឹង​ធំៗ​នៅ​ភាគ​ខាងជើង​នៃ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​និង​ទន្លេធំ​បំផុត​របស់​រដ្ឋ​នេះ​។​

ក៏មាន​ទឹក​គ្រប់គ្រាន់​ក្នុងការ​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ជាទូទៅ​ផងដែរ​។ យន្តហោះ​ពន្លត់​អគ្គិភ័យ​អាច​ជ្រមុជ​ចូលក្នុង​និង​ចេញពី​បឹង​។ លោក McLean បាន​និយាយថា នៅពេល​អគ្គិភ័យ​ឆាបឆេះ​នៅ​តំបន់​ដែល​គ្មាន​ស្រះ បឹង​ឬ​ទន្លេ​, ជាទូទៅ​មន្ត្រី​រដ្ឋ​បាន​អំពាវនាវ​ឲ្យ​មាន​យន្តហោះ​បន្ថែម​ដើម្បី​នាំ​ទឹក​មក​។​

រឿង​មួយ​, ភ្លើង​ឆេះ​ព្រៃ​គឺ​នៅលើ​ភ្នំ​ឆ្ងាយ​ពី​មហាសមុទ្រ​ប៉ាស៊ីហ្វិក​និង​ឆ្ងាយ​ពី​ប្រព័ន្ធ​ផ្ទុក​និង​ចែកចាយ​ដែល​បង្កើត​ដោយ​មនុស្ស​។​

គ្រោះរាំងស្ងួត​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​របស់​រដ្ឋ​នេះ​បានសម្លាប់​ដើមឈើ​រាប់លាន​ដើម​ដែលជា​ហេតុ​ធ្វើ​ឲ្យ​វា​ងាយ​សម្រាប់​ភ្លើង​ឆេះ​ព្រៃ​។ អ្នកជំនាញ​បាន​ជំរុញ​ឲ្យ​មន្ត្រី​ព្រៃឈើ​រដ្ឋ​និង​សហព័ន្ធ​ធ្វើការ​ឲ្យ​បាន​ឆាប់រហ័ស​ក្នុងការ​ឈូសឆាយ​ព្រៃ​ដោយសារតែ​ខ្លាច​គ្រោះថ្នាក់​បន្ថែមទៀត​។ អាកាសធាតុ​ក្តៅ​និង​ស្ងួត​ក៏បង្ក​ជា​ហានិភ័យ​ផងដែរ​។​

លោក TRUMP៖ “​លោក​អភិបាល Jerry Brown ត្រូវតែ​អនុញ្ញាត​ឲ្យ​មាន​លំហូរ​ទឹក​ក្នុង​បរិមាណ​ដ៏​ធំ​មកពី​ភាគ​ខាងជើង​និង​កុំ​បង្វែរ​ចូលទៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​”​។​

ការពិត​៖ លោក Trump កំពុងតែ​បង្កើត​ឲ្យ​មាន​ជម្លោះ​ចាស់​មួយ​នៅក្នុង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ដែលជា​រដ្ឋ​កសិកម្ម​កំពូល​របស់​ប្រទេស​។ វា​ជាការ​ប្រកួតប្រជែង​ទឹក​រវាង​ក្រុមការងារ​កសិកម្ម​និង​បរិស្ថាន​, អ្នកនេសាទ​និង​អ្នកដទៃ​ដែល​ចង់បាន​ទឹក​បន្ថែម​សម្រាប់​សត្វព្រៃ​និង​ជម្រក​។​ប៉ុន្តែ​ជម្លោះ​នេះ​មាន​តិចតួច​ណាស់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ពន្លត់​អគ្គិភ័យ​៕ AP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu