ភ្នំពេញ ៖ បន្ទាប់ពីបានឃុំខ្លួនអស់មួយឆ្នាំនៅក្នុងពន្ធនាគារពាក់ព័ន្ធនឹងបទល្មើសដឹកជញ្ជូន រក្សាទុក និងជួញដូរគ្រឿងញៀនឆ្លងដែន មានជនបរទេស៣នាក់ក្នុងនោះមានបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ស្ត្រីជនជាតិអាមេរិកាំងម្នាក់ និងស្ត្រីជនជាតិថៃម្នាក់ ត្រូវបានបញ្ជូនមកកាត់ទោសនៅសាលាដំបូងរាជធានីភ្នំពេញ។
ជនជាប់ចោទទី១ ឈ្មោះ FORTUNE EGWUONWU ភេទប្រុស ជនជាតិនីហ្សេរីយ៉ា កើត ១៤ ខែវិច្ឆិកា ឆ្នាំ១៩៨៤ ជាបក្សពួក/អ្នកផ្សំគំនិត ជនជាប់ចោទទី២-ឈ្មោះ TIPPARAT MUEANCHAN ភេទស្រី ជនជាតិថៃ កើត ០៥ ខែធ្នូ ឆ្នាំ១៩៨៧ ជាអ្នកដឹកជញ្ជូនពីកម្ពុជាទៅថៃ និងជនជាប់ចោទទី៣ឈ្មោះ Meyer Nancy Lela ភេទស្រី ជនជាតិអាមេរិក កើត ០៧ ខែមិថុនា ឆ្នាំ១៩៨៥ ជាអ្នកដឹកជញ្ជូនពីប្រេស៊ីលមកកម្ពុជា។
នៅក្នុងអង្គសវនាការនាសាលាដំបូងរាជធានីភ្នំពេញ តុលាការបានសាកសួរតែបុរសជនជាតិនីហ្សេរីយ៉ា ប៉ុណ្ណោះដែលជាអ្នកមេគំនិតនៅក្នុងការដឹកជញ្ជូនគ្រឿងញៀននេះ។
ជនជាប់ចោទបានត្រឹមតែឆ្លើយថា ពួកគេស៊ីឈ្នួលអ្នកដទៃក្នុងការនាំគ្រឿងញៀនទាំងនេះឆ្លងកាត់កម្ពុជា ហើយមានគោលដៅទៅប្រទេសថៃឡង់។ ចំណែកស្ត្រីជនជាតិថៃ និងស្ត្រីជនជាតិអាមេរិក តុលាការនៅមិនទាន់បានសាកសួរទេ ហើយចៅក្រមបានពន្យារសវនាការដោយមិនកំណត់។
គួររំលឹកថា ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំង ជំនាញការិយាល័យរដ្ឋបាល-សរុបនៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងជំនាញគយ កម្លាំងនគរបាលអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមការដឹកនាំរបស់ព្រះរាជអាជ្ញាអមសាលាដំបូង បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់ពីប្រទេសប្រេស៊ីលមកកម្ពុជា ឆ្លងកាត់ ABABA, និង HONG KONG គោលដៅចុងក្រោយទៅប្រទេសថៃ នៅចំណុចច្រកដំណើរមកដល់ នៃអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងនៅចំណុចមុខសណ្ឋាគារសំណាងល្អភ្នំពេញ ផ្លូវលេខ៣០៤ ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ លទ្ធផល: បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ និងចាប់យកវត្ថុតាង ម្សៅសារ ធាតុញៀនប្រភេទកូកាអ៊ីន(Cocaine ទម្ងន់ ១២៣៧.៥ក្រាម ដែលលាក់បង្កប់ក្នុងឆ្អឹងនិងបាតវ៉ាលិស ចំនួន ១វ៉ាលិស និងសម្ភារៈមួយចំនួនទៀត។
ជនសង្ស័យទាំង៣នាក់នោះទី១-ឈ្មោះ FORTUNE EGWUONWU ភេទប្រុស ជនជាតិនីហ្សេរីយ៉ា កើត ១៤ ខែវិច្ឆិកា ឆ្នាំ១៩៨៤ ជាបក្សពួក/អ្នកផ្សំគំនិត ទី២-ឈ្មោះ TIPPARAT MUEANCHAN ភេទស្រី ជនជាតិថៃ កើត ០៥ ខែធ្នូ ឆ្នាំ១៩៨៧ ជាអ្នកដឹកជញ្ជូនពីកម្ពុជាទៅថៃ និង៣-ឈ្មោះ Meyer Nancy Lela ភេទស្រី ជនជាតិអាមេរិក កើត ០៧ ខែមិថុនា ឆ្នាំ១៩៨៥ ជាអ្នកដឹកជញ្ជូនពីប្រេស៊ីលមកកម្ពុជា។
ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនសង្ស័យទាំង៣នាក់នៅក្នុងពន្ធនាគាររយៈពេល១ឆ្នាំមកហើយ ទើបតែនាំមកកាត់ទោសនេះ៕
Source: Kampuchea Thmey Daily
0 Comments