យោងតាមសេចក្តីបញ្ជាក់មកពីក្លិបបឹងកេត បានអះអាងថា អនុប្រធានក្លឹបបឹងកេតលោក រ៉ាចនាគិត វ៉ាស៊ុណាន់ និងអគ្គលេខារបស់ក្លឹបលោក បែ មករា ព្រមទាំងក្រុមការងារមួយចំនួនទៀត បានទៅធ្វើទស្សនកិច្ចផ្លូវការជាមួយក្លិបបាល់ទាត់ឈៀងរ៉ៃយូរណាយធីត (CHIANG RAI UNITED)ដែលមានមូលដ្ឋាននៅខេត្តឈៀងរ៉ៃ ប្រទេសថៃ។
ប្រភពបន្តទៀតថា «ក្នុងដំណើរទស្សនកិច្ចនៅក្លិបស្ថិតក្នុងលីគកំពូលរបស់ប្រទេសថៃនេះមានរយៈពេល២ថ្ងៃក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងក្លិបទាំងពីរក៏ដូចជាសិក្សាស្វែងយល់បន្ថែមលើចំណុចសំខាន់ៗដែលអាចញ៉ាំងឲ្យវិស័យកីឡាមួយនេះកាន់តែមានភាពរីកចម្រើន។ បន្ថែមលើនេះទៅទៀតថ្នាក់ដឹកនាំកំពូលនៃក្លិបទាំងពីរនិងបន្ដជួបជជែកពិភាក្សាគ្នាបន្ថែមលើចំណុចជាច្រើនទៀត»។
មានដំណឹងក្រៅផ្លូវការមួយបញ្ជាក់ថា ការធ្វើដំណើររបស់ថ្នាក់ដឹកនាំក្លិបបឹងកេត ទៅកាន់ក្លិបមានមូលដ្ឋាននៅភាគខាងជើងប្រទេសថៃ នេះ គឺអាចទៅចចាលើកិច្ចព្រមព្រៀងក្នុងការនាំយកខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ទៅលេងនៅទីនោះក្នុងរដូវកាលក្រោយនៃក្របខ័ណ្ឌ Thai-League។
ក្លិបបឹងកេត ឡើងមកលេងពានរង្វាន់លីគកំពូលកម្ពុជា នៅឆ្នាំ២០១២ ហើយធ្លាប់ឈ្នះជើងឯកចំនួន៣លើកគឺនៅឆ្នាំ២០១២,២០១៦ និង២០១៧ ខណៈនៅឆ្នាំ២០១៣ និង២០១៤ ត្រឹមឈរជើងឯករង។ នៅឆ្នាំ២០១៧ ក្រុមនេះឈ្នះពានរង្វាន់ CNCC Cup 2017 ផងដែរ។ ចំណែកពានរង្វាន់នៅក្រៅស្រុកវិញក្រុម ដែលមានប្រភពមកពីខេត្តកំពង់ចាម មួយនេះធ្លាប់ចេញទៅប្រកួតវគ្គជម្រុះតាមពូលពានរង្វាន់ AFC President's Cup នៅឆ្នាំ២០១៣ ធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club Championship 2015 តែចាញ់ក្រុម Buriram United របស់ថៃ និងប្រកួតក្នុងពានរង្វាន់នៅឆ្នាំ២០១៦ និង២០១៧ ផងដែរ។ នៅឆ្នាំ២០១៨និង២០១៨ ក្រុមនេះមានឈ្មោះចេញទៅលេងពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី AF Cup ផងដែរ តែធ្លាក់ត្រឹមវគ្គជម្រុះតាមពូលដូចគ្នា៕
Source: Kampuchea Thmey Daily
0 Comments