ភ្នំពេញ ៖ ដើម្បីបើកមុខទឹករំដោះទឹកជំនន់ពេលភ្លៀងធ្លាក់ខ្លាំងម្ដងៗ ប្រឡាយព្រែកបាក់ទូកត្រូវបានស្ដារយកល្បាប់ភក់ឲ្យជ្រៅ និង យកសំរាមចេញ បញ្ចៀសការស្ទះរន្ធទឹកហូរបណ្ដាលឲ្យជន់លិចលំនៅឋានរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់មុនគេគឺសង្កាត់ទួលសង្កែទី១។
ជាក់ស្តែងអភិបាលខណ្ឌឫស្សីកែវលោកជាពិសីកាលពីថ្ងៃទី១៨និង១៩ ខែសីហា ឆ្នាំ២០១៨បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះស្តារប្រឡាយបាក់ទូកនេះ ចាប់ពីផ្លូវការ៥ ទៅទល់ផ្លូវសាំហាន់ មានប្រវែងប្រមាណជា៥០០ម៉ែត្រ។ នេះបើតាមការអះអាងបញ្ជាក់របស់ លោកជា ពិសី អភិបាលខណ្ឌឫស្សីកែវ ដោយមានការអញ្ជើញចូលរួមពី លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យការស្ដារប្រឡាយ តាមបញ្ជាលោកអភិបាលរាជធានីភ្នំពេញ ឲ្យយកគ្រឿងចក្រមកស្ដារដោយអាជ្ញាធរខណ្ឌ បានខ្ចីគ្រឿងចក្ររបស់ លោក លី គឹមហេង ម្ចាស់អាជីវកម្មខ្សាច់ឲ្យជួយបណ្ដោះអាសន្ន ទម្រាំមន្ទីរសាធារណៈការរាជធានីភ្នំពេញ ដឹកយកសេស្កាវាទ័រ (ហៅអាអ៊ិច) ដែលមានដៃវែងមកស្ដារបន្ត។
លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានមានប្រសាសន៍ថា ការស្ទះចរន្តទឹកនេះមួយផ្នែកបណ្ដាលមកពីបំពង់ទឹកស្អាតរបស់រដ្ឋាករស្វយ័តរាជធានីភ្នំពេញនៅកាត់ទទឹងពាក់កណ្ដាលប្រព័ន្ធលូឆ្លងផ្លូវសាំហាន់ ធ្វើឲ្យសំរាមហូរមកទាក់បង្កឲ្យស្ទះផ្លូវទឹក។
លោកបានបញ្ជាក់ទៀតថា បញ្ហាសំរាមនេះ ក្រោយពេលស្ដារបើកមុខទឹកហើយ លោកនឹងស្នើសុំទៅមន្ទីរបរិស្ថានដាក់ស្លាកហាមយកសំរាមមកដាក់នៅមាត់ប្រឡាយ ការបោះសំរាមចូលប្រឡាយដោយអត់សណ្ដាប់ធ្នាប់ និងធ្វើការផាកពិន័យចំពោះអ្នកមិនអនុវត្តតាមការណែនាំរបស់មន្ទីរបរិស្ថាន។
គួរបញ្ជាក់ថា ប្រឡាយបាក់ទូកចាប់ដំណើរការស្ដារតាំងពីឆ្នាំ២០១៤កន្លងមក ដោយបានពុះពារជំនះធ្វើឲ្យប្រឡាយមេ១ខ្សែនេះ អាចរំដោះជំនន់ទឹកភ្លៀងត្រាំត្រែងកាត់បន្ថយការលិចលង់នៅតាមបណ្ដាខណ្ឌមួយចំនួនភាគខាងជើងរាជធានីភ្នំពេញ មានខណ្ឌដូនពេញ ខណ្ឌទួលគោក និងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវផងដែរ។
ប្រឡាយបាក់ទូកបានដំណើរការស្ដារបើកមុខទឹកឲ្យបានធំទូលាយនិងដាក់ប្រព័ន្ធលូមេដើម្បីបញ្ចៀសជំនន់ទឹកភ្លៀង នៅសង្កាត់ទាំង៦នៃខណ្ឌឫស្សីកែវ ហូរចូលទៅប្រឡាយអូរវែងធ្លាក់ស្ថានីយបូមទឹកទំនប់កប់ស្រូវបញ្ចេញក្រៅក្រុង។ ប្រឡាយនេះជាប្រឡាយយុទ្ធសាស្ត្រសំខាន់មួយសម្រាប់រំដោះទឹកនៅភាគខាងជើងរាជធានីភ្នំពេញ៕
Source: Kampuchea Thmey Daily
0 Comments