បន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នេះលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានចូលរួមបើកវិញ្ញាសាប្រឡងបាក់ឌុបនៅមណ្ឌលប្រឡងវិទ្យាល័យសិរីសោភ័យ។
ពិធីបើកវិញ្ញាសាប្រឡងនេះ មានការចូលរួមពិនិត្យដោយ លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យ លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ ភ្នាក់ងារប្រឆាំងពុករលួយ និងលោកគ្រូអ្នកគ្រូជាច្រើននាក់ទៀតបានចូលរួមពិនិត្យផងដែរ។
លោកឈូ ប៊ុនរឿង បានមានប្រសាសន៍ថា ការប្រឡងបាក់ឌុបឆ្នាំនេះ មានសភាពស្ងប់ស្ងាត់បើតាមការពិនិត្យនៅមណ្ឌលប្រឡងសញ្ញាបត្រមធ្យមទុតិយភូមិនៅខេត្តបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់ហើយល្អជាងឆ្នាំមុនៗឆ្ងាយជាក់ស្តែងនៅមណ្ឌលប្រឡងវិទ្យាល័យសិរីសោភ័ណ ចាប់ពីម៉ោង៧ព្រឹកគេសង្កេតឃើញមានសិស្សានុសិស្ស ដែលមានឈ្មោះប្រឡង នេះចូលកាន់បន្ទប់ប្រឡងរៀងៗខ្លួន ដោយគ្មានភាពរញ៉េរញ៉ៃដូចឆ្នាំមុនឡើយ ព្រោះសិស្សានុសិស្សមានការយល់ដឹងអំពីវិន័យក្នុងការប្រឡងគ្រប់គ្នាសិស្សពេលដើរចូលទៅតាមខ្លោងទ្វារអនុរក្សឆែកឆេររកមិនឃើញប្រុយយ៉ុងដាក់ជាប់នៅក្នុងខ្លួនសិស្សឡើយ។
លោកឈូ ប៊ុនរឿង បានបញ្ជាក់ឲ្យដឹងទៀតថា ការប្រឡងបាក់ឌុបឆ្នាំនេះ មានចំនួនមានបេក្ខជនក្នុងបញ្ជីឈ្មោះ សរុប ៤.២៩២នាក់ ស្រី២.០៧៧នាក់ ក្នុងនោះបេក្ខជននារី បេក្ខជនស្វៃរិនចំនួន ៨៧១នាក់ស្រី ៣២២នាក់ បេក្ខជនបំពេញវិជ្ជា ២១៥នាក់ ស្រី៥១នាក់ ចែកចេញជា៦ មណ្ឌលនៅទីប្រជុំជនខេត្តទាំងអស់ គឺថ្នាក់វិទ្យាសាស្ត្រ ផ្នែកចំណេះដឹងទូទៅ នៅ ១មណ្ឌលវិទ្យាល័យសម្តេចឪ ២មណ្ឌលវិទ្យាល័យសិរីសោភ័ណ៣មណ្ឌលបឋមសិក្សាហ៊ុន សែនសូភី ៤មណ្ឌលវិទ្យាល័យអូរអំបិលស្វៃរិននិងបំពេញវិជ្ជា ៥មណ្ឌលអនុវិទ្យាល័យទឹកថ្លានិង ថ្នាក់សង្គម នៅ ៦មណ្ឌលបឋមសិក្សាអូរអំបិលបើប្រៀបធៀបនឹងឆ្នាំ២០១៧ បេក្ខជន បេក្ខនារីប្រឡងបាក់ឌុបឆ្នាំនេះច្រើនជាង ដោយឆ្នាំ២០១៧ សម័យប្រឡងថ្ងៃទី២១សីហា ក្នុងខេត្តនេះមានបេក្ខជននារីក្នុងបញ្ជីចំនួន ៣.៣៩២នាក់ ស្រី ១.៦៨៨នាក់ ក្នុងនោះបេក្ខជន នារីទាំងចំណេះទូទៅ ស្វៃរិននិងបំពេញវិជ្ជា មកប្រលងចំនួន៣.៣៥១នាក់ ស្រី ១.៦៧៧នាក់ ប្រឡងនៅ៥មណ្ឌល ហើយប្រលងជាប់ចំនួន ១.៨៣០នាក់ ស្រី ៩៨០នាក់ ស្មើជិត៥៥ភាគរយ។
ក្នុងនោះ បាននិទ្ទេស A ចំនួន១២នាក់ ស្រី ៧នាក់ កើនលើសឆ្នាំនៃ២០១៦ ដែលមាន ៨នាក់ និទ្ទេស B មាន៩៨នាក់ ស្រី៥០នាក់។
លោកសួន បវរ ក៏បានមានប្រសាសន៍ដែរថា នៅឆ្នាំ២០១៨នេះ ជាឆ្នាំទី៥ហើយ ដែលក្រសួងអប់រំ យុវជននិងកីឡា បានរៀបចំដំណើរការប្រឡងបាក់ឌុបក្រោមវិន័យដ៏តឹងរ៉ឹងដើម្បីធានាថា ការប្រឡងនេះ មានស្តង់ដារគុណភាពខ្ពស់ ដូច្នេះបេក្ខជន បេក្ខនារីប្រឡងត្រូវគោរពម៉ោងពេល វិន័យប្រឡង ហាមយកសំណៅឯកសារចម្លើយ ក៏ដូចឧបករណ៍អេឡិចត្រូនិចពោលគឺត្រូវគោរពបទបញ្ជា បទបញ្ញត្តិដែលក្រសួងបានដាក់ចេញ ពោលគឺការរឹតបន្តឹងនេះ នឹងបន្តធានាថា អ្នកចេះ គឺជាប់។
ក្នុងនោះលោកសួន បវរ បានបញ្ជាក់ឲ្យដឹងទៀតថា អស់រយៈពេល១ឆ្នាំពេញនេះសិស្សទាំងអស់បានខិតខំរៀនសូត្រគ្រប់ៗគ្នាដើម្បីយកចំណេះដឹងទាំងអស់នេះទៅប្រឡងប្រណាំងឲ្យបានជាប់និទ្ទេស Aឲ្យបានច្រើនដើម្បីលើកស្ទួយមុខមាត់ខេត្តបន្ទាយមានជ័យនេះផងដែរ។
ក្នុងនោះដែរ លោកសួន បវរ ក៏បានជូនពរឲ្យសិស្សានុសិស្សទាំងអស់ប្រឡងឲ្យបានជាប់គ្រប់គ្នាដើម្បីយកចំណេះវិជ្ជាទាំងអស់នេះ យកទៅកសាងជាតិមាតុភូមិឲ្យបានរុងរឿងផងដែរ៕
Source: Kampuchea Thmey Daily
0 Comments