ភ្នំពេញ ៖ យុវនគរបាលមួយរូបបានជួបគ្រោះថ្នាក់ចរាចរណ៍ដួលបាក់ឆ្អឹងដងកាំបិត និងភ្លាត់ដៃ ខណៈចេញអន្តរាគមន៍ជួយសហការដេញចាប់ចោរឆក់ ដែលបានជិះម៉ូតូរត់កាត់មុខប៉ុស្ដិ៍រដ្ឋបាលរបស់ខ្លួន ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ កាលវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ទល់មុខអគ្គបញ្ជាការដ្ឋានកងទ័ពជើងគោកដែលស្ថិតនៅភូមិត្រពាំងទួលសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ផាន់ ភូមិន្ទ ភេទប្រុស អាយុ២៣ឆ្នាំ ជាមន្ដ្រីនគរបាលប៉ុស្តិ៍ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពី កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយមានដំណឹងតាមវិទ្យុទាក់ទង(អាឌី)ពីកម្លាំងនគរបាលខណ្ឌសែនសុខ កំពុងដេញ ចោរឆក់មកដល់មុខប៉ុស្តិ៍នគរបាលចោមចៅ៣ខាងលើ បន្ទាប់មកកំលាំងនគរបាល ចោមចៅ៣បានចេញជួយដេញដែរ ដោលមានម៉ូតូ៣គ្រឿងមានគ្នា៥នាក់ ចំណែកជនរងគ្រោះជានគរបាលខាងលើជិះម្នាក់ឯងដោយបានដេញប្រកៀកប្រកិតជាមួយជនសង្ស័យដែលមានគ្នា ៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់ប៊ិច ពណ៌ខ្មៅ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍បានជិះទន្ទឹមគ្នាជាមួយជនសង្ស័យ ហើយបានផ្លាតជាមួយផ្លូវបេតុងចំណុចការដ្ឋានជួសជុលផ្លូវ បណ្តាលឲ្យដួលបាក់ឆ្អឹងដងកាំបិតនិងភ្លាត់ឆ្អឹងដៃជិតគ្នាផងដែរ។
ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលគ្រោះថ្នាក់ភ្លាមៗជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលចោមចៅ៣ បានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនជិតកន្លែងកើតហេតុ តែដោយសារតែជនរងគ្រោះ រងរបួសធ្ងន់ពេក ទើបលោកនាយប៉ុស្តិ៍ចោមចៅ៣ បានហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗផងដែរ ក្រោយពេលបញ្ជូនជនរងគ្រោះ ទៅដល់មន្ទីរពេទ្យលោកនាយប៉ុស្តិ៍ចោមចៅ៣បានជួយចេញថ្លៃព្យាបាលភ្លាមៗនិងពេលបន្ទាប់ទៀត៕
Source: Kampuchea Thmey Daily
0 Comments