ភ្នំពេញ ៖ ក្រុមហ៊ុនភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មដ៏ធំជាងគេមួយនៅកម្ពុជាគឺហ្វីបៀស (Phibious)បានប្រកាសអំពីគម្រោងថ្មីមួយទៀតលើផ្នែក ឌីជីថលរបស់ខ្លួន ដើម្បីពង្រឹងផ្នែកឌីជីថល និងម៉ាកផលិតផលនិងសេវារបស់ដៃគូ ពាណិជ្ជកម្មក៏ដូចជាដើម្បីរក្សានិងផ្សារ ភ្ជាប់ទំនាក់ទំនងទៅនឹងអ្នកប្រើប្រាស់ព្រោះថាបច្ចុប្បន្នម្នាក់ៗបានចំណាយពេលវេលាច្រើនលើទូរស័ព្ទ ដើម្បីទំនាក់ទំនង និងការកម្សាន្តផ្សេងៗនៅលើប្រព័ន្ធឌីជីថល។
លោកមើវីន ជេអូ( Mervyn Cheo) ស្ថាបនិកនិងនាយកប្រតិបត្តិក្រុមហ៊ុន ហ្វីបៀស ឥណ្ឌូចិន (Phibious Indochina) បានថ្លែងថា យើងត្រូវការផ្តោត សំខាន់ទៅលើជំនាញ និងសមត្ថភាពថ្មីបន្ថែមដើម្បីអភិវឌ្ឍសេវាផ្នែកឌីជីថលថ្មីសម្រាប់ម៉ាកផលិតផល/សេវារបស់អតិថិជនដើម្បីភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរជាមួយអ្នកប្រើប្រាស់ចុងក្រោយជាក់ស្តែងដូចជាការផ្សព្វផ្សាយ និង កម្សាន្តជាបែបឌីជីថលកម្មវិធីសេវាហិរញ្ញវត្ថុនិងការទិញទំនិញលើទូរស័ព្ទដៃជាដើមដោយសារបច្ចុប្បន្ននេះប្រជាជនកម្ពុជាពិតជាជឿនលឿនលើផ្នែក បច្ចេកវិទ្យាហើយ នេះគឺជាឱកាសដែលយើងត្រូវចាប់យកឲ្យបាន។
លោកបានបន្ថែមទៀតថា ចំណែកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ថ្មីៗនេះបានប្រកាសថា នៅឆ្នាំ២០២៣ ក្រសួងនឹងធ្វើការផ្លាស់ប្តូរប្រទេសមួយនេះឲ្យទៅជាសេដ្ឋកិច្ចឌីជីថល មានន័យថា ចំណែកដ៏ធំនៃប្រជាជននឹងប្តូរទៅប្រើឧបករណ៍ឌីជីថល ដោយមានសមត្ថភាព ប្រើបច្ចេកវិទ្យាទំនើបដើម្បីធ្វើឲ្យជីវិតរស់នៅប្រចាំនិងការងាររបស់ខ្លួនមានភាពងាយស្រួល។
លោក Jimmy Lim នាយកប្រតិបត្តិប្រចាំតំបន់ និងគ្រប់គ្រងផ្នែកឌីជីថល ក៏បានថ្លែង ថាជាមួយនឹងភាពរីកដុះដាលលើផ្នែកឌីជីថលវាក៏បានក្លាយជាផ្នែកស្នូលសម្រាប់គ្រប់វិស័យដែលនឹងនាំមកនូវភាពជោគជ័យនៃអាជីវកម្មដោយផ្អែកលើការអនុវត្ត និងជំនាញក្នុងសម័យឌីជីថលនេះ។ បន្ថែមលើសពីនេះទៅទៀត ការផ្លាស់ប្តូរនេះតម្រូវឲ្យមានការពួតដៃគ្នា និងផ្តល់ការគាំទ្រដោយដើម្បីទទួលបានប្រសិទ្ធ ភាពដ៏គួរឲ្យកត់សម្គាល់”។
លោក Jimmy Lim បានបន្ថែមថា “ភាពជាដៃគូជាមួយ WML បានបង្កើត ដំណោះស្រាយ ថ្មីមួយសម្រាប់ម៉ាកផលិតផលនិងសេវារបស់អតិថិជនដើម្បីភ្ជាប់ទំនាក់ទំនងនិងអាចលក់ ផលិតផល/សេវាកម្មដោយផ្ទាល់ទៅអតិថិជនចុងក្រោយរបស់WML។ យើងកំពុងផ្លាស់ប្តូរ ទិសដៅរបស់ក្រុមហ៊ុនដែលពីមុនផ្តោតតែលើការយល់ដឹងរបស់ អតិថិជនគោលដៅនិងទីផ្សារផ្នែកប្រព័ន្ធផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមឲ្យទៅជាបែប ផែនគំរូថ្មីដែលអនុញ្ញាតឲ្យម៉ាកផលិតផល/សេវារបស់អតិថិជនអាចបង្វែរអតិថិជនគោលដៅរបស់ខ្លួនឲ្យក្លាយជាអ្នកប្រើប្រាស់”។
នៅក្នុងសន្និសីទកាសែតដែលបានធ្វើឡើងនៅ The Factoryកាលល្ងាចថ្ងៃទី១៨ សីហា ២០១៨ ហ្វីបៀសក៏បានប្រកាសតែងតាំងមុខតំណែងជានាយកគ្រប់គ្រង និងជាដៃគូប្រចាំកម្ពុជាទៅលោក សៀត ស៊ីសុភក្តិ ដែលមានបទពិសោធន៍ យ៉ាងក្រាស់ក្រែលលើផ្នែកទីផ្សារ និងផ្នែកផ្សព្វផ្សាយអស់រយៈពេល ២០ឆ្នាំមកហើយ។
លោក Mervyn Cheo បានឲ្យដឹងថា "យើងពិតជាមានមោទនភាពដោយ មានអ្នកជើងចាស់ផ្នែកទីផ្សារកម្ពុជាដូចជាលោកសៀត ស៊ីសុភក្តិ ចាប់អារម្មណ៍ចូលរួមជាមួយយើងដែលបច្ចុប្បន្នកំពុងគ្រប់គ្រងក្រុមហ៊ុនដ៏ជោគជ័យមួយគឺក្រុមហ៊ុន Active Communications ដែលជាក្រុមហ៊ុនផ្តោតលើការ Events management & Activation ។ តាមរយៈបទពិសោធរបស់គាត់ យើងជឿថា ហ្វីបៀសទទួលបានទីផ្សារដ៏ធំពីការរួមបញ្ចូលគ្នានេះ”។
លោក សៀត ស៊ីសុភក្តិ បានមានចំណាប់អារម្មណ៍ថា "ខ្ញុំពិតជាមានមោទនភាពក្នុងនាមជាថ្នាក់គ្រប់គ្រងមួយរូបរបស់ ហ្វីបៀស ដែលគ្រប់គ្នាស្គាល់ថា ជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មឈានមុខដំបូងគេក្នុងទីផ្សារកម្ពុជាអស់រយៈពេល ១៦ឆ្នាំមកហើយ។ ខ្ញុំមានទំនុកចិត្តលើការរួមបញ្ចូលក្រុមហ៊ុនជាមួយហ្វីបៀស ដែលត្រូវបានទទួលស្គាល់លើផ្នែកគំនិតច្នៃប្រឌិត និងជំនាញ ផ្នែកឌីជីថល ក៏ដូចជាបទពិសោធន៍ និងជំនាញរបស់ខ្ញុំលើ Events management & Activation។ យើងនឹងបន្តបង្កើតនូវការងារ និងព្រឹត្តិការណ៍ធំៗដែលធ្វើឲ្យអតិថិជនគោលដៅចងចាំវត្តមានម៉ាកផលិតផល/សេវារបស់លោកអ្នកក្នុងទីផ្សារកម្ពុជា នេះ”។
លោក ស៊ីសុភក្តិ បានលើកឡើងបន្ថែមថា ភាពជោគជ័យថ្មីរបស់ទីផ្សារសម្រាប់ម៉ាក ផលិតផល/សេវានាសព្វថ្ងៃគឺពឹងផ្អែកលើសមត្ថភាពដើម្បីជំរុញការសម្រេចចិត្តតាមរយៈប្រព័ន្ធឌីជីថលខណៈពេលដែលអ្នកប្រើប្រាស់អាចទទួលបានបទពិសោធនពីម៉ាកផលិតផលនិងសេវា នៅតាមកន្លែងដែលក្រុមហ៊ុនរៀបចំសម្រាប់អតិថិជនគោលដៅ។ ដំណោះស្រាយទីផ្សារថ្មីតាមរយៈទូរស័ព្ទនឹងអាចជួយឲ្យម៉ាកផលិតផល/សេវារបស់អ្នកអាចបានឃើញ និងព័ត៌មានបានទៅដល់អតិថិជនគោលដៅ និងអាចឈានទៅជាអ្នក ប្រើប្រាស់ផលិតផល/សេវារបស់អ្នកផងដែរ៕
Source: Kampuchea Thmey Daily
0 Comments