ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានបក្ខពួកបីនាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូពីប្រជាពលរដ្ឋបានហើយ យកទៅលាក់ទុកក្នុងគុម្ពោតព្រៃមួយកន្លែង ទុកមួយអន្លើរសិន ប៉ុន្ដែពេលមកយកម៉ូតូចេញទៅវិញ ត្រូវបានប្រជាពលរដ្ឋឃើញទាន់និងរាយការណ៍ប្រាប់សមត្ថកិច្ចទើបនាំគ្នាចុះទៅឡោមព័ទ្ធចាប់បានជនសង្ស័យចំនួន៣នាក់ និង ម៉ូតូ២គ្រឿង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២០ខែសីហា ឆ្នាំ២០១៨នៅក្នុងភូមិសាស្ដ្រភូមិ ក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុក្រុមចោរប្រដាប់អាវុធខាងលើបានធ្វើសកម្មភាពកាច់សោរកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BZ -5958 មួយគ្រឿងបានសម្រេចហើយបានជិះគេចខ្លួនចូលក្នុងព្រៃ និង លាក់ទុកម៉ូតូនោះសិន។ លុះមកដល់វេលាម៉ោងខាងលើ ជនសង្ស័យទាំងនោះបាននាំគ្នាមកយកម៉ូតូបំណងយកចេញតែត្រូវបានប្រជាពលរដ្ឋប្រទះឃើញក៏រាយការណ៍ទៅនគរបាលភ្លាមៗពេលនោះកម្លាំងប៉ុស្តិ៍កាកាបទី២សហការជាមួយកម្លាំងនគរបាលខណ្ឌបានចុះបង្ក្រាបជាក់ស្តែងតែម្ដង។
ប្រភពបន្ដថា ក្នុងការបង្ក្រាបនោះនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលស្ថិតក្នុងការសង្ស័យនៅឡើយនិងម៉ូតូដែលជនសង្ស័យជិះម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CW-5779 មួយគ្រឿងនិងម៉ាកzoomerx ពណ៌សលាយលឿង ពាក់ស្លាកលេខភ្នំពេញ1GG-7230 ដោយឡែក ម៉ូតូដែលជនសង្ស័យលួចបានហើយយកមកលាក់ទុកក្នុងគុម្ពោតព្រៃមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ស៊េរី ឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BZ-5958។
ជនសង្ស័យទាំងនោះ សមត្ថកិច្ចមិនទាន់ប្រាប់ អត្តសញ្ញាណនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងនាំខ្លួនយកទៅធ្វើការសាកសួរនិងស្រាវជ្រាវរកបក្ខពួកនៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យលួចយកមកលាក់ទុកនោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនិងស្រាវជ្រាវយកម្ចាស់ដើម្បីយកឯកសារមកផ្ទៀងផ្ទាត់ទទួលយកទៅវិញ៕
Source: Kampuchea Thmey Daily
0 Comments