រតនគិរី ៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ ថា យុវជនជាសសរទ្រូងរបស់ប្រទេសជាតិ ដែលត្រូវចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍លើគ្រប់វិស័យ។
លោកមានប្រសាសន៍យ៉ាងដូច្នេះ នាព្រឹកថ្ងៃចន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ក្នុងពិធីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជានៅវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង។
លោកថង សាវុន មានប្រសាសន៍លើកឡើងថា តាមរយៈការធ្វើ កំណែទម្រង់ ស៊ីជម្រៅរបស់ក្រសួងអប់រំកន្លងមក អង្គភាពប្រឆាំងអំពើពុករលួយដែល សហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា នឹងនៅតែរឹតបន្តឹងក្នុងការប្រឡង ដូចឆ្នាំមុនៗ ហើយពិសេសអាចនឹងតឹងជាងឆ្នាំកន្លងមកទៀតផង ។
ជាមួយគ្នានេះដែរការវេចខ្ចប់ វិញ្ញាសា ទាំងការដឹកជញ្ជូនមានលក្ខណៈតឹងរ៉ឹង និងម៉ត់ចត់ដែលមានការចូលរួមពីមន្ត្រីក្រសួងអប់រំ និងអង្គភាពប្រឆាំងអំពើពុករលួយដើម្បីមិនឲ្យមានការបែកធ្លាយវិញ្ញាសា ណាមួយនោះឡើយ ធ្វើឲ្យយន្តការនៃការប្រឡងបាក់ឌុប គឺមានការច្បាស់លាស់ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព ជាពិសេសលទ្ធផលអាចទទួលយកបាន ហើយគុណភាពនៃការ សិក្សារបស់សិស្សានុសិស្សមានភាគរយនៃការប្រឡងជាប់កើនឡើងផងដែរ ។
លោកបន្ថែមទៀតថា បេក្ខជនទាំងអស់ពេលមកប្រឡង មិនត្រូវយក សំណៅឯកសារ ឬទូរស័ព្ទចូលបន្ទប់ប្រឡងឡើយ គឺប្រើបានតែឧបករណ៍ណា ដែលក្រសួងបានអនុញ្ញាត តែប៉ុណ្ណោះ ម្យ៉ាងវិញទៀត ក្មួយៗជាបេក្ខជន បេក្ខនារី ត្រូវស្លៀកសម្លៀកបំពាក់ ឯកសណ្ឋានជាសិស្សនៅពេលប្រឡងបាក់ឌុបនេះ។
លោកថា ក្នុងនាមអាជ្ញាធរខេត្ត ក៏បានរៀបចំ ការផ្ញើរកង់ម៉ូតូគ្រប់មណ្ឌលប្រឡងទាំងអស់ មិនឲ្យយកលុយទេដោយស្នើ សុំកម្លាំងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរីជួយហើយខេត្តនឹងឧបត្ថម្ភរាល់ការ ចំណាយផ្សេងរបស់ក្រុមការងារ។
លោក ថង សាវុន ក៏បានក្រើនរំឭកឲ្យសិស្សានុសិស្សទាំងអស់មិនត្រូវជឿការ ឃោសនារបស់ជនខិលខូចមួយចំនួនតូច ដែលលក់វិញ្ញាសារនៅខាងក្រៅ គឺត្រូវជឿជាក់ លើខ្លួនឯង ខិតខំធ្វើឲ្យអស់ពីសមត្ថភាព ប្រើឲ្យអស់សក្ដានុពលរបស់ខ្លួនពោលគឺ អ្នកចេះ គឺជាប់។
លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគិរី បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះដឹងទូទៅ និងបំពេញ វិជ្ជាឆ្នាំ២០១៨នេះ ការប្រឡងចែកចេញជាពីរ មណ្ឌលគឺមណ្ឌលវិទ្យាសាស្ត្រ មាន៦បន្ទប់ នៅវិទ្យាល័យហ៊ុន សែន ភូមិថ្មី មានបេក្ខជនចំនួន១៤០នាក់ និងមណ្ឌលវិទ្យាសាស្ត្រសង្គមចំនួន៣២បន្ទប់នៅវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ មានបេក្ខជន៧៦៧នាក់។
សរុបបេក្ខជនទាំងអស់មានចំនួន ៩០៧ នាក់ មកពីវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ វិទ្យាល័យ ហ៊ុន សែនភូមិថ្មី វិទ្យាល័យ អន្តេវាសិកដ្ឋានក្រុងបានលុង វិទ្យាល័យបកែវ វិទ្យាល័យអណ្តូងមាស និងវិទ្យាល័យត្រពាំងក្រហម។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៧ ក្នុងខេត្តរតនគិរី មានបេក្ខជនចូលរួមប្រឡង មានចំនួន៨៨៥ នាក់ ក្នុងនោះប្រឡងជាប់ ចំនួន ៧៣៦ នាក់ គិតជាភាគរយស្មើ ៨៣,២០ % ៕
Source: Kampuchea Thmey Daily
0 Comments