ការប្រកួតជម្រុះប្រដាល់ដណ្តើមខ្សែក្រវាត់ជើងឯកពានរង្វាន់ជើងឯកTV5 Knock Out Series by K.Cement ទម្ងន់៦០គីឡូក្រាម វុត្ថា លាន់លិញ អ្នកប្រដាល់ក្លិបអង្គរធំគុនខ្មែរ និង ឡុង រ៉ាមី អ្នកប្រដាល់ក្លិបខ្លារខិនមានរិទ្ធ ត្រូវបានឆ្លងទៅដំណាក់កាលទី៣បន្តទៀត ក្រោយពីពួកគេទាំងពីរវាយឈ្នះដៃគូក្នុងដំណាក់កាលទី២ កាលពីយប់ថ្ងៃទី១៨សីហាឆ្នាំ២០១៨ លើសង្វៀនTV5 ព្រែកកំពឹសនោះ.
វុត្ថា លាន់លិញ គេបានយកឈ្នះតាំង តាក់ អ្នកប្រដាល់ក្លិបរស្មីភូមិគាបខេត្តបន្ទាយ មានជ័យដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នាយ៉ាងស្វិតស្វាញពេញប្រាំទឹកនោះ ។ ការឈ្នះរបស់វុត្ថា លាន់លិញ រាងពិបាកដែរ ដោយតាំង តាក់ ដែលជាជើងខ្លាំងម្នាក់នោះ គេវាយបុកមកលើខ្លាំងពេក ។ ប៉ុន្តែយ៉ាងណា តាំង តាក់ធ្វើអ្វីលាន់លិញមិនបាននោះឡើយ ដែលធ្វើអោយចប់ការប្រកួត វុត្ថា លាន់លិញឈ្នះតាំង តាក់ ដោយពិន្ទុ ។
និយាយរួម ស្ថានភាពប្រកួតពេលនោះ អាចចាត់ទុកជាសំណាងរបស់វុត្ថា លាន់លិញហើយ ដោយសារពេលនោះតាំង តាក់ គេហាក់ដូចជាមានកម្លាំងស៊ុហ្វមិនរឹងមាំ ដែលនាំអោយការវាយចេញរបស់គេមិនសូវខ្លាំងនិងចំគោលដៅល្អ ពិសេសស្នៀតទាត់ដែលធ្លាប់តែខ្លាំងនិងធ្ងន់របស់តាំងតាក់ លែងមានប្រសិទ្ធភាព ។ វុត្ថា លាន់លិញ បើពុំជួបសភាពបែបនេះទេនោះ ក៏ប្រហែលជាយ៉ាប់ឈ្នះតាំង តាក់ដែរ ។
តែយ៉ាងណា តាំង តាក់ គេត្រូវជ្រុះធ្លាក់ចេញពីការប្រកួតដណ្តើមខ្សែក្រវាត់ជើងឯកTV5 Knock Out Series by K.Cement ទម្ងន់៦០គីឡូក្រាមត្រឹមនេះ។ ឯ វុត្ថា លាន់លិញគេនឹងត្រូវនៅបន្តការប្រកួតក្នុងដំណាក់កាលទី៣ទៀត ។
ចំណែកឡុង រ៉ាមី គេបានប្រកួតឈ្នះឈានរស្មី អ្នកប្រដាល់ក្លិបរាជសីហ៍ខេត្តរតនគិរី ដោយពិន្ទុដាច់តែម្តង ក្នុងការប្រកួតជម្រុះដំណាក់កាលទី២នេះ ។ ឈាន រស្មី ដែលជាអ្នកប្រដាល់ជើងចាស់យូរឆ្នាំណាស់មកហើយនោះ ត្រូវឡុង រ៉ាមី ដេញសម្រុកវាយដៃ ទាត់និងជង្គង់ និងប្រើទាំងកែង ក្នុងបំណងផ្តួលមួយទឹកពីរទឹកដំបូងតែម្តង ។
តែយ៉ាងណា ឈាន រស្មី គេនៅតែអាចទប់បាននិងវាយសងវិញត្រូវរ៉ាមីជាច្រើនដៃឡើងចង់វង្វេងទៅហើយ ប៉ុន្តែឈាន រស្មី នៅតែចាញ់ឡុង រ៉ាមី ដាច់ដដែល ។ ដូច្នេះ ឡុង រ៉ាមី គេត្រូវនៅបន្តការប្រកួតទៀត នៅក្នុងដំណាក់កាលទី៣ ឯ ឈាន រស្មីត្រូវជ្រុះធ្លាក់ត្រឹមនេះ ។
គួរបញ្ជាក់ថា នៅក្នុងការប្រកួតដំណាក់កាលទី២នេះ ក៏ជាការប្រកួតចាញ់ធ្លាក់ដែរ ។ អ្នកប្រដាល់ទាំង១៦នាក់ ដែលចំរ៉ាញ់បានក្នុងដំណាក់កាលទី១នោះ នឹងត្រូវជួបប្រកួតគ្នាជម្រុះចោល៨នាក់ ទុក៨នាក់ ដែលជាអ្នកឈ្នះសម្រាប់បន្តការប្រកួតក្នុងដំណាក់កាលទី៣ ដែលជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមពានរង្វាន់ជើងឯកTV5 Knock Out Series by K.Cement ទម្ងន់៥៧គីឡូក្រាម ។ ការប្រកួតជម្រុះក្នុងដំណាក់ទី២នេះ ក៏ប្រកួតបីទឹកដូចក្នុងដំណាក់កាលទី១ដែរ ។
ដោយឡែក ចំពោះការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិមួយគូនោះ ពុទ្ធ ឆាយរិទ្ធី អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា បានផ្តួលអ្នកប្រដាល់មកពីប្រទេសថៃThav Oularn អោយសន្លប់លើរេញ ដោយការប្រើកែងនិងកណ្តាប់ដៃ ។
ពុទ្ធ ឆាយរិទ្ធី បានឈ្នះThav Oularnនេះ ចាត់ទុកថាគេខ្លាំងហើយ ព្រោះអ្នកប្រដាល់ថៃThav Oularnនេះ គេជាជើងខ្លាំងនិងជាម្ចាស់ខ្សែក្រវាត់ ហើយរិទ្ធីសឹងតែទប់ជាមួយជង្គង់និងជើងទាត់របស់Thav Oularnមិនបាននោះទេ ។
ចំណែក ឡាញ់ ផល្លា អ្នកប្រដាល់ក្លិបអេភូថងកីឡា បានវាយឈ្នះផាន រះ អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យក្នុងទឹកទី៣ ។ ផាន រះ ត្រូវអាជ្ញាកណ្តាលរាប់៨ពីរដងនិងដួលម្តងទៀត ក៏ត្រូវអាជ្ញាកណ្តាលបញ្ឈប់លែងឲ្យប្រកួតបន្តទៀតតែម្តង៕
Source: Kampuchea Thmey Daily
0 Comments