Ad Code

ក្មេងៗ​ត្រូវ​បាន​រក​ឃើញ​ក្នុង​សំលៀកបំពាក់​រហែក​រយ៉ីរយ៉ៃ​នៅ​រដ្ឋ New Mexico​ ស្រប​ពេល​មានរឿង​រ៉ាវ​អំពី​កាំភ្លើង ​និង​ការ​បណ្ដេញ​ខ្មោច​អារក្ស



ការ​វាយឆ្មក់​លើ​វាល​ខ្សាច់​មួយ​នៅ​រដ្ឋ New Mexico បាន​រកឃើញ​កុមារ​ចំនួន​១១​នាក់​ស្លៀកពាក់​រហែក​រយ៉ីរយ៉ៃ ​និង​រស់នៅ​ក្នុង​ភាព​កខ្វក់​ ហើយ​ក៏បាន​ទម្លាយ​រឿងរ៉ាវ​ដ៏​ចម្លែក​ទាក់ទង​នឹង​កាំភ្លើង​និង​ការ​បណ្តេញ​ខ្មោច​អារក្ស​ព្រមទាំង​កុមារ​ដែល​បាត់​ខ្លួន​ម្នាក់​ផងដែរ។

​ឪពុក​របស់​ក្មេងប្រុស​ម្នាក់​គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​៥​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​មានការ​ឆ្មក់​ក្បែរ​ព្រំដែន​ជាប់​រដ្ឋ Colorado ។ ឯកសារ​ដែល​បង្ហាញ​ជា​សាធារណៈ​នៅក្នុង​ការដាក់​ពាក្យបណ្តឹង​របស់​តុលាការ​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា ឪពុក​បាន​ប្រាប់​ម្តាយ​របស់​ក្មេងប្រុស​រូបនោះ​មុនពេល​គេចខ្លួន​ពី Georgia ថា គាត់​ចង់​ធ្វើ​ពិធី​បណ្តេញ​ខ្មោច​អារក្ស​លើ​កូន​ព្រោះ​គាត់​ជឿថា កូន​ត្រូវ​ខ្មោច​ចូល​។​

តម្រួត​តំបន់ Taos County លោក Jerry Hogrefe បាន​និយាយថា ក្រុមមន្ត្រី​បាន​ចាប់ខ្លួន​ឪពុក​ឈ្មោះ Siraj Ibn Wahhaj និង​មនុស្សពេញវ័យ​៤​នាក់​ផ្សេងទៀត​ពីបទ​រំលោភបំពាន​លើ​កុមារ​បន្ទាប់ពី​ការរកឃើញ​ក្មេង​ទាំង​១១​នាក់​កាលពី​ថ្ងៃ​សុក្រ​នៅ​បរិវេណ​បណ្តោះអាសន្ន​មួយ​ក្នុង​សហគមន៍ Amalia ។ អាជ្ញាធរ​និយាយថា ទីនោះ​គឺ​ពោរពេញ​ទៅដោយ​សំរាម​និង​ខ្វះ​ទឹកស្អាត​។​

តម្រួត​និយាយថា នៅក្នុង​នោះ លោក Wahhaj អាយុ​៣៩​ឆ្នាំ​ត្រូវបាន​ប្រទះឃើញ​មាន​ប្រដាប់​ដោយ​អាវុធ​ជាច្រើន​រួមទាំង​កាំភ្លើង AR-15 មួយ​ដើម​ផងដែរ​មុនពេល​គាត់​ត្រូវ​នាំទៅ​ឃុំខ្លួន​។​

កូនប្រុស​របស់គាត់​ឈ្មោះ Abdul-ghani ដែលមាន​អាយុ​៣​ឆ្នាំ​នៅពេល​បាត់​ខ្លួន​កាលពី​ខែធ្នូ​គឺ​មិន​ស្ថិតក្នុង​ចំណោម​កុមារ​ដែល​ត្រូវបាន​រកឃើញ​នោះទេ​។ ប៉ុន្តែ​លោក Hogrefe បាន​និយាយថា អាជ្ញា​ធរមាន​មូលហេតុ​ជឿជាក់ថា ក្មេងប្រុស​ម្នាក់នេះ​គឺ​ស្ថិតនៅ​បរិវេណ​នេះ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​។​

ម្តាយ​របស់​ក្មេងប្រុស​នេះ​បាន​ប្រាប់​អាជ្ញាធរ​ថា ក្មេងប្រុស​នេះ​មាន​រោគ​ប្រគ្រីវកាច់​ដោយ​មិនអាច​ដើរ​បានទេ​ហើយ​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​ជាប្រចាំ​។ នាង​បាន​ប្រាប់​ប៉ូលិស​កាលពី​ខែធ្នូ​ថា Wahhaj បាន​នាំ​ក្មេងប្រុស​នេះ​ទៅ​ឧទ្យាន​មួយ​ហើយ​មិនដែល​ត្រឡប់មកវិញ​ទេ​។​

ប៉ូលិស​តំបន់ Clayton បាន​និយាយ​នៅក្នុង​របាយការណ៍​មនុស្ស​បាត់​ខ្លួន​ថា Wahhaj និង​កូនប្រុស​របស់គាត់​ត្រូវបាន​គេ​ប្រទះឃើញ​ចុងក្រោយ​បំផុត​នៅ​ថ្ងៃទី​១៣​ខែធ្នូ​ក្នុង​រដ្ឋ Alabama ដោយ​ធ្វើដំណើរ​ជាមួយ​កុមារ​ប្រាំ​នាក់​ផ្សេងទៀត​និង​មនុស្សពេញវ័យ​ពីរ​នាក់​។​

វា​មិន​ត្រូវបាន​គេ​ដឹង​ភ្លាមៗ​ទេ​ថា​តើ​លោក Wahhaj និង​អ្នក​ដទៃទៀត​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភបំពាន​លើ​កុមារ​នៅក្នុង​រដ្ឋ New Mexico បាន​ជួល​មេធាវី​ដែរ​ឬក៏​អត់​នោះទេ​។ ការិយាល័យ​មេធាវី​រដ្ឋ​នៅ​តំបន់ Taos County មិនបាន​តប​សារ​ភ្លាមៗ​ពី The Associated Press ដើម្បី​សុំ​យោបល់​ឡើយ​។​

យោងតាម​លោក Hogrefe បាន​ឲ្យ​ដឹងថា ការឆែកឆេរ​នៅ​បរិវេណ​នេះ​បាន​កើតឡើង​ចំពេល​ការស៊ើបអង្កេត​រយៈពេល​ពីរ​ខែ​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​តំបន់ Taos County និង FBI ៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu