ភ្នំពេញ ៖ មជ្ឈមណ្ឌលសម្រាប់បណ្តុះបណ្តាលពលរដ្ឋកម្ពុជាអំពីវិធីសាស្ត្រ និងចំណេះដឹងក្នុងការថែទាំមនុស្សចាស់ បានមានវត្តមានជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ ការបង្ហាត់បង្រៀននេះ មាននៅវិទ្យាស្ថានកម្ពុជាបច្ចេកវិទ្យាជប៉ុន ដែលមានទីតាំង តាមបណ្តាយផ្លូវឧកញ៉ា ម៉ុង រិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។
វិទ្យាស្ថានកម្ពុជាបច្ចេកវិទ្យាជប៉ុន ដែលនឹងបណ្តុះបណ្តាលជំនាញចំនួន បីគឺ៖ ថែទាំសុខុមាលភាព ភាសាជប៉ុន និងវិទ្យាសាស្ត្រកុំព្យូទ័រ បានត្រូវសម្ពោធដំណើរការជាផ្លូវការ កាលពីថ្ងៃទី១ ខែ កញ្ញា ឆ្នាំ២០១៨។
សម្រាប់វគ្គសិក្សាដំបូង ទទួលសិស្សចំនួន១៦០នាក់។ រយៈពេល២ឆ្នាំសិក្សានៅក្នុងវិទ្យាស្ថានកម្ពុជាបច្ចេកវិទ្យាជប៉ុន ហើយបន្ទាប់មកទៅធ្វើកម្មសិក្សានៅប្រទេសជប៉ុនចំនួន២ឬ៣ឆ្នាំទៀតនិងមានឱកាសធ្វើការនៅជប៉ុនតែម្តង។ សម្រាប់សិក្ខាកាម គឺ សិក្សាដោយឥតគិតថ្លៃ ដោយសារកម្មវិធីអាហារូបករណ៍របស់សមាគមជប៉ុន។
លោកអ៊ីស៊ីកូរី អ៊ីអ៊ីឈិ (Ishikori Eiichi)នាយកវិទ្យាស្ថានកម្ពុជាបច្ចេកវិទ្យាជប៉ុន បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានលិខិតអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា វិទ្យាស្ថានរបស់យើងបានបង្កើតឡើងនៅថ្ងៃទី៥ខែមេសាឆ្នាំ២០១៨។ វិទ្យាស្ថាន មានដេប៉ាតឺម៉ង់ធំៗចំនួន៣គឺដេប៉ាតឺម៉ង់ថែទាំសុខុមាលភាពសង្គមអន្តរជាតិ ដេប៉ាតឺម៉ង់អក្សរសាស្ត្រជប៉ុន និង ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រកុំព្យូទ័រ។
នៅថ្ងៃអនាគតវិទ្យាស្ថានមានគម្រោងបើកដេប៉ាតឺម៉ង់ផ្សេងៗទៀត ដូចជាដេប៉ាតឺម៉ង់កសិកម្មនិងដេប៉ាតឺម៉ង់ទេសចរណ៍ជាដើម។ ក៏ប៉ុន្តែនៅក្នុងឆ្នាំនេះផ្ទាល់តែម្តង វិទ្យាស្ថានធ្វើការបើកសម្ពោធតែដេប៉ាតឺម៉ង់សុខុមាលភាពសង្គមអន្តរជាតិមួយតែប៉ុណ្ណោះ។
លោកបានឲ្យដឹងថា វិទ្យាស្ថាននឹងបង្ហាត់បង្រៀនទៅកាន់និស្សិតនូវពាក្យប្រៀនប្រដៅរបស់វិទ្យាស្ថានផ្ទាល់តែម្តងនោះ គឺការស្រលាញ់ ការគោរព គុណធ៌ម ដែលរបស់ទាំងអស់នេះសុទ្ធសឹងដែលមានតម្លៃក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប។ជាពិសេសវិទ្យាស្ថាននឹងបង្រៀននូវបច្ចេកវិទ្យាថ្មីៗជាច្រើនរបស់ប្រទេសជប៉ុនក្នុងគោលបំណងរួមចំណែកចូលរួមធ្វើឲ្យកម្ពុជាកាន់តែមានការរីកចម្រើន។ វិទ្យាស្ថាន នឹងប្រឹងប្រែងឲ្យអស់សមត្ថភាពដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តពីសំណាក់ប្រជាជនកម្ពុជាមកលើវិទ្យាស្ថាននឹងដើម្បីឲ្យវិទ្យាស្ថានក្លាយទៅជាកន្លែងមួយដែលអាចធ្វើឲ្យក្តីសុបិន្ត និង គោលដៅរបស់និស្សិតសម្រេចជោគជ័យបាន។
លោក សាមឺឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា វិទ្យាស្ថានកម្ពុជាបច្ចេកវិទ្យាជប៉ុន ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡាប្រកាសទទួលស្គាល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨។ វិទ្យាស្ថាន មានដេប៉ាតឺម៉ង់ធំៗចំនួន៣គឺដេប៉ាតឺម៉ង់ថែទាំចាស់ជរា ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រកុំព្យូទ័រ និងដេប៉ាតឺម៉ង់ភាសាជប៉ុន។ មុខជំនាញទាំងអស់នេះវានឹងក្លាយទៅជាមុខជំនាញដែលមិនអាចខ្វះបានទាំងក្នុងពេលបច្ចុប្បន្ន និង អនាគតព្រមទាំងស្របទៅតាមគោលនយោបាយក្នុងការលើកកម្ពស់ការអប់រំរបស់ប្រទេសកម្ពុជាថែមទៀតផង។
អ្វីដែលពិសេសនោះ គឺដើម្បីសម្រួលដល់ការបង្រៀនរបស់សាស្ត្រាចារ្យនិងការសិក្សារបស់សិស្សនិស្សិតវិទ្យាស្ថានកម្ពុជាបច្ចេកវិទ្យាជប៉ុនបានប្រើប្រាស់ថវិកាជាច្រើនលើការរៀបចំដេគ័រអគារផ្នែកខាងក្នុងឲ្យមានលក្ខណៈស្របតាមស្តង់ដាររបស់ប្រទេសជប៉ុនដោយបានបំពាក់នូវឧបករណ៍ទំនើបៗនិងស្របតាមតំរូវការជាក់ស្តែងដែលគេប្រើប្រាស់នៅក្នុងមជ្ឈមណ្ឌលថែទាំចាស់ជរាដែលមានក្នុងប្រទេសជប៉ុនសម្រាប់ឲ្យសិស្សអនុវត្តជាក់ស្តែងផ្ទាល់តែម្តង ជាមួយនឹងសាស្ត្រាចារ្យជប៉ុន ដែលមានបទពិសោធន៍និងជំនាញច្បាស់លាស់ខាងជំនាញថែទាំចាស់ជរា។ បើមើលពីស្ថានភាពរបស់ពិភពលោកបច្ចុប្បន្ន បញ្ហាកើនឡើងនូវចំនួនមនុស្សចាស់និង ការថយចុះនៃចំនួនប្រជាជនគឺជាបញ្ហាមួយដែលមិនអាចជៀសវាងបាន។ ស្របទៅនឹងបញ្ហានេះដែរការថែទាំមនុស្សចាស់ជរាគឺជារឿងដ៏សំខាន់មួយដែលមិនអាចខ្វះបានផងដែរ។
ប្រទេសកម្ពុជា ជាប្រទេសដែលសំបូរដោយប្រជាជនវ័យក្មេងច្រើន ដូច្នេះប្រហែលជាប្រជាជនភាគច្រើនមិនសូវស្គាល់ថា អ្វីទៅជាការថែទាំចាស់ជរា ប៉ុន្តែបើយោងតាមអង្គការសុខភាពពិភពលោកនៅក្នុងឆ្នាំ២០១៥បានឲ្យដឹងថា ប្រទេសកម្ពុជាកំពុងឈានចូលទៅក្នុងសង្គមមនុស្សចាស់ដែលចំនួនមនុស្សចាស់នឹងកើនឡើងដល់៧%នៃចំនួនប្រជាជនសរុបទាំងអស់ហើយនៅរយៈពេល២០ឆ្នាំតទៅមុខទៀតកំណើនប្រជាជននឹងថយចុះ។ ដូច្នេះការសិក្សាអំពីការថែទាំចាស់ជរានៅប្រទេសកម្ពុជាគឺជារឿងដ៏សំខាន់សម្រាប់ត្រៀមទៅពេលអនាគតខាងមុខ។
កាលពីខែធ្នូឆ្នាំមុន សម្តេចអគ្គសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនៅក្នុងការថ្លែងសុន្ទរកថានៅរោងចក្រកាត់ដេរសំលៀកបំពាក់មួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញថា «កាលពីខែសីហាលោកនាយករដ្ឋមន្ត្រីបានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ហើយបានធ្វើការពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីសនហ្សូ អាបេ ថានឹងអាចយកជំនាញថែទាំចាស់ជរាជាគោលក្នុងការបង្កើនចំនួនសិក្ខាកាមរបស់ប្រទេសកម្ពុជា ដើម្បីអាចចាកចេញទៅធ្វើការនៅក្រៅប្រទេស។ ម្យ៉ាងវិញទៀតការប្រើប្រាស់ AI(ប្រាជ្ញាសិប្បនិម្មិត) ICT(បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន) IOT(អ៊ីនធឺណិត) គឺជាការចាំបាច់សម្រាប់កែលម្អប្រសិទ្ធភាពប្រតិបត្តិការ៕
Source: Kampuchea Thmey Daily
0 Comments