ភ្នំពេញ៖ មន្ត្រីតុលាការនៃសាលាវិនិច្ឆ័យក្រុងហ្វីឡាដែលហ្វីយ៉ា លោក James M. DeLeon បានធ្វើលិខិតស្វាគមន៍លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលនឹងធ្វើទស្សនកិច្ច នៅរដ្ឋផិលស៊ីលវ៉េនីញ៉ា សហរដ្ឋអាមេរិក។
ការប្រកាសស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងតាមរយៈលិខិតថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨។ លិខិតបានសរសេរថា សូមស្វាគមន៍លោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត ដែលទស្សនកិច្ចក្រុងហ្វីឡាដែលហ្វីយ៉ា ក្នុងក្រុង Commonwealth នៃរដ្ឋផិលស៊ីលវ៉េនីញ៉ានេះ។ ក្រុងហ្វីឡាដែលហ្វីយ៉ា គឺជាក្រុងមួយដែលជាអតីតរដ្ឋធានីរបស់សហរដ្ឋអាមេរិក និងជាក្រុងមួយដែលគេស្គាល់ថា ជាក្រុងនៃក្តីស្រឡាញ់ជាភាតរ។
នៅក្នុងលិខិតរបស់លោក James M. DeLeon បញ្ជាក់ដែរថា ពលរដ្ឋខ្មែរ ក្នុងសហគមន៍ក្រុងហ្វីឡាដែលហ្វីយ៉ា បានក្លាយជាស្នូលដ៏សំខាន់មួយដែលបានធ្វើឲ្យក្រុងហ្វីឡាដែលហ្វីយ៉ា មានភាពអស្ចារ្យផងដែរ។ បានបន្តថា ក្នុងនាមជាចៅក្រមម្នាក់ក្នុងក្រុងហ្វីឡាដែលហ្វីយ៉ា លោកសូមស្វាគមន៍នូវពាក្យសួស្តី។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅកាន់សហរដ្ឋអាមេរិក នឹងធ្វើឡើងនៅមុនដំណើរអញ្ជើញដល់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអញ្ជើញចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ ក្នុងក្រុងញូយ៉ក នៅថ្ងៃទី២៧ ខែកញ្ញា នេះ៕
Source: Kampuchea Thmey Daily
0 Comments