Ad Code

លិខិត​របស់​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​មិនមាន​ប្រសិទ្ធភាព​ទៅ​អាជ្ញាធរ​ខេត្តសៀមរាប



ភ្នំពេញ ​៖​ ឈ្មោះ ឡាយ សុជាតិ និង​ប្រពន្ធ​ឈ្មោះ អុ​ប សុភា បានដាក់​ពាក្យបណ្តឹង​កាលពី​ថ្ងៃទី ២៤ ខែមេសា ឆ្នាំ​២០១៨ ជូន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ស្នើសុំ​ចាត់​មន្ត្រី​ជំនាញ​បើក​ការស៊ើបអង្កេត និង​អធិការកិច្ច​លើ​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​លេខ 17100103-4989 ចុះ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៧ ចេញ​ដោយ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោ​ដី​ខេត្តសៀមរាប។

បន្ទាប់មក​ក្រសួង​រៀបចំ​ដែនដី ក៏បាន​ចេញ​លិខិត​លេខ 14-18 ដន​ស​/​អស​ដក ចុះ​ថ្ងៃទី 13 ខែមិថុនា ឆ្នាំ​២០១៨ ដោយ​លោក លឹម វ៉ាន់ រដ្ឋលេខាធិការ​ក្រសួង​ជម្រាប​ទៅ​អភិបាលខេត្ត​សៀមរាប ពិនិត្យ​និង​ដោះស្រាយ​។ ប៉ុន្តែ​មិនត្រូវ​បាន​ចៅហ្វាយខេត្ត​សៀមរាប​យក​ភ្នែក​មើល​ឡើយ បែរជា​បណ្តោយអោយ​ក្រុមហ៊ុន លី អ៊ុំ​អេង យក​កងកម្លាំង​ទៅ​ហ៊ុមព័ទ្ធ​របង​លើដី​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដែល​គ្នា​រស់នៅ​ស្របច្បាប់​ប្រកប អាជីវកម្ម​រាប់សិប​ឆ្នាំ​មកហើយ​អស់រលីង​។​

យោងតាម​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន​ដែល​យើង​ទទួលបាន​បញ្ជាក់ថា កាលពី​អំឡុង​ឆ្នាំ​២០១០ ឈ្មោះ ឡាយ សុជាតិ​និង​ប្រពន្ធ​អុ​ប សុភា បាន​ទិញ​ដី​ធ្វើ​អាជីវកម្ម​មួយកន្លែង​ស្ថិតនៅ​ផ្សារ​រាត្រី​អង្គរ​ឃ្យូ​ង​យូ ទំហំ ៥៥ ម៉ែត្រ x ៧៥ ម៉ែត្រ ពី​ឈ្មោះ ចិត្ត សុធា អ្នកគ្រប់គ្រង​ដី​ធ្វើ​អាជីវកម្ម ដើម្បី​បើក​មុខរបរ​រកស៊ី​។ បន្ទាប់ពី​ផ្តិតមេដៃ លក់​ទិញ​រួច​បានប្រគល់​ប្រាក់​ថ្លៃ​ទិញ​ដី​អោយ​ម្ចាស់​ដី​រួចរាល់។ ឈ្មោះ ឡាយ សុជាតិ​និង​ប្រពន្ធ​ឈ្មោះ​អុ​ប សុភា ក៏បាន​ដាក់ពាក្យ​ស្នើសុំ​ប្រកប​អាជីវកម្ម​ដាក់រទេះ​ភ្លើង​ក្មេង​ជិះ​កំសាន្ត ទោង​យោល​ក្មេង​ជិះ​លេង​កំសាន្ត ផ្ទះ​កូន​បាល់​កូនក្មេង គប់​ប៉េងប៉ោង ថាសហោះ ជិះ​កូន​ទា និង​ឡាន​បុក​គ្នា ពី​អាជ្ញាធរខេត្ត​ក៏ដូចជា​មន្ទីរជំនាញ​តាំងពី​ឆ្នាំ​២០១០ ដោយមាន​លិខិតអនុញ្ញាត​គ្រប់​ជ្រុងជ្រោយ​ទាំងអស់ ។ តាំងពី​ចាប់ផ្តើម​បើក​អាជីវកម្ម រហូតមកដល់​សព្វថ្ងៃ​គឺ​ពុំដែល​មានការ​រំខាន​ពី​បុគ្គល​ណាមួយ​នោះទេ។

បន្ទាប់មក​នៅក្នុង​អំឡុង​ឆ្នាំ​២០១៧ ស្រាប់តែ​ឈ្មោះ លី អ៊ុំ​អេង បាន​បញ្ជា​គេ​អោយ​យក​គ្រឿងចក្រ មក​ឈូសឆាយ​ចាក់ដី​រំលោភ​លើដី​លំនៅដ្ឋាន និង​ដី​ដំណាំ​ហូប​ផ្លែ​ដូចជា ខ្នុរ ស្វាយ ល្ហុង ព្រីង និង​ចេក របស់​ឈ្មោះ ឡាយ សុជាតិ និង​ឈ្មោះ អុ​ប សុភា អស់​ស្ទើរ​ទាំងស្រុង។ ឃើញ​ដូច្នេះ​ឈ្មោះ ឡាយ សុជាតិ និង​ភរិយា ក៏បាន​ប្តឹងទៅ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ អោយជួយ​រក​យុត្តិធម៌ ហើយក៏​មានការ​ប្រជុំ​ដោះស្រាយ​ជា​ហូរហែ តាំងពី​ថ្នាក់​សង្កាត់ ក្រុង រហូតដល់​ខេត្ត ប៉ុន្តែ​ពុំ​ទទួលបាន​លទ្ធផល​នៅឡើយ។ បែរជា​នៅ​រសៀល​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ ២០១៨ លោកស្រី លី អ៊ុំ​អេង​និង​បក្ខពួក​បាន​នាំ​កងកម្លាំង​ប៉ូលិស ប៉េអឹម បាន​យក​របង​ស័ង្កសី មក​ហ៊ុមព័ទ្ធ​លើដី​ធ្វើ​អាជីវកម្ម​របស់​ឈ្មោះ ឡាយ សុជាតិ និង​ប្រពន្ធ​ឈ្មោះ អុ​ប សុភា ទាំងអស់ ដោយ​មិន​អនុញ្ញាត​អោយ​ចូល​យក​សូម្បីតែ​សំភារៈ​ធ្វើ​អាជីវកម្ម​ដែល​ដាក់​នៅ​លើ​ដី​នោះ​ចេញ​ឡើយ។

តាម​សម្តី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ពេល​ដែល​កម្លាំង​មាន​សមត្ថកិច្ច​ចុះ​មក​បិទ​របង​ព័ទ្ធជុំវិញ​ដី​ធ្វើ​អាជីវកម្ម​របស់​ឈ្មោះ ឡាយ សុជាតិ បាន​និយាយ​ទាំង​ខឹងសម្បា​​ថា អាង​តែ​ពួកវា​យក​អំណាច​មាន​លុយ ចង់​ធ្វើ​អី​ក៏​បាន​ដែរ​កងកម្លាំង​ប៉ូលិស ប៉េអឹម សម្រាប់​ជួយ​រក្សា​សន្តិសុខ ជូន​ប្រជាពលរដ្ឋ​បែរជាយក​មកប្រើប្រាស់​ស​ម្រា​ប់​រំលោភបំពាន​យក​ដី​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ទៅវិញ​។

ជាក់ស្តែង​ដូច​យើង​ឃើញនឹងភ្នែក ហើយ​បើ​យើង​ឈ្នះក្តី ហើយ​ចង់​មក​យក​ដី​នេះ គួរតែ​ទុកអោយ​គ្នា​អ្នក​ចាញ់ក្តី​រុះរើ​សំភារៈ​របស់របរ​គ្នា​ចេញ​សិន​ទៅ​កុំ​លេង​លបៗ​យក​របង​មក​ព័ទ្ធ​យក​ឆៅៗ​អ​ញ្ចឹង​តើ​ត្រង់ណា​ភាពយុត្តិធម៌​? ខ្មែរ​ដូចគ្នា​សោះ​គួរតែ​យោគយល់​ខ្លះទៅ​លោក​អើយ​។

ដោយឡែក លោកស្រី អុ​ប សុភា បាន​និយាយ​ទាំង​ទឹកភ្នែក​ថា តុលាការ​គួរតែ​បើក​ការស៊ើបអង្កេត​ការ​លួច​ចេញ​ប្លង់​កម្មសិទ្ធិ​ដី​ដែល ឈ្មោះ លី អ៊ុំ​អេង យកមក​ដាក់​ជា​ភស្តុតាង​ក្នុង​សំណុំរឿង​សិន​ទៅមុន នឹង​សម្រេច​អោយ​មានការ​ចាញ់ឈ្នះ ថា តើ​មន្ទីរ​រៀបចំ​ដែនដី​ខេត្តសៀមរាប​ចេញ​ប័ណ្ណ​ហ្នឹង​ស្របច្បាប់​ដែរ ឬ​អត់​? តើ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ ឬ​អ្នក​ជាប់​ព្រំ​ផ្តិតមេដៃ​ដឹងឮ​ដែរ​ឬ​អត់​? កុំ​ចេះតែ​ចេញៗ​យកទៅអោយ​តុលាការ ធ្វើជា​សំអាង​យ៉ាង​អញ្ចឹង​ងាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​អស់ហើយ​។​

​ជា​ចុងក្រោយ​តាមរយៈ​អ្នកសារព័ត៌មាន លោកស្រី អុ​ប សុភា សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល មេត្តាជួយ​រក​យុត្តិធម៌​ដល់​គ្រួសារ​របស់គាត់​ផង​។​

ដោយឡែក លោកស្រី លី អ៊ុំ​អេង អ្នក​សារព័ត៌មាន​យើង​ពុំ​អាច​ទំនាក់ទំនង​សុំ​ការបកស្រាយ​បានទេ នៅ​ថ្ងៃទី​២៦ ខែកញ្ញា នេះ ដោយ​ពុំ​ស្គាល់​លេខ​ទូរស័ព្ទ យើង​រង់ចាំ​ទទួល​ការបកស្រាយ​ពន្យល់​គ្រប់ភាគី​ពាក់ព័ន្ធ​គ្រប់ពេល៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu