Ad Code

រដ្ឋាភិបាល​ចិន ផ្តល់​រថយន្ត ម៉ូតូ និង​ឧបករណ៍​អេឡិចត្រូនិក ដែលមាន​តម្លៃ​២,៥​លាន​ដុល្លារ សម្រាប់​ការធ្វើជំរឿន​នៅ​កម្ពុជា



ភ្នំពេញ​ ៖​ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ផ្តល់ជំនួយ​ជា​រថយន្ត​ចំនួន​៥២​គ្រឿង ម៉ូតូ​៣០០​គ្រឿង និង​ឧបករណ៍​អេឡិចត្រូនិក​ជាច្រើន​គ្រឿង ដែលមាន​តម្លៃ​សរុប​ប្រមាណ ២,៥​លាន​ដុល្លារ ដើម្បី​បម្រើ​ដល់​ការធ្វើជំរឿន​នៅ​កម្ពុជា ដែល​នឹង​ធ្វើឡើង​នៅ​ឆ្នាំ​២០១៩​ខាងមុខនេះ ហើយ​ពិធី​ប្រគល់ និង​ទទួលបាន​ធ្វើឡើង​នៅ​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨។

យោងតាម​របាយការណ៍​ដែល​បង្ហាញ​ក្នុង​ពិធី​ប្រកាស​គណៈកម្មាធិការ​ជំរឿន​ទូទៅ​ប្រជាជន​រាជធានី​-​ខេត្ត និង​ប្រគល់​ទទួល​សម្ភារៈ​ជំរឿន ដែលជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​បង្ហាញថា សម្ភារៈ​ដែលជា​ជំនួយ​របស់​ចិន​នេះ​រួមមាន​៖ រថយន្ត​៥២​គ្រឿង ម៉ូតូ​៣០០​គ្រឿង កុំព្យូទ័រ​លើ​តុ​៤៥០​គ្រឿង កុំព្យូទ័រ​យួរដៃ​៥០​គ្រឿង ម៉ាស៊ីនបោះពុម្ព​ឯកសារ​៣០​គ្រឿង ម៉ាស៊ីន​បញ្ចាំង Slide ៣០​គ្រឿង ម៉ាស៊ីនថតចម្លង​១០​គ្រឿង Tablet ២០០​គ្រឿង និង​ម៉ាស៊ីន Server។

តំណាង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក លី អាន ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ បាន​ថ្លែងថា ការធ្វើជំរឿន​ប្រជាជន​នេះ គឺមាន​សារៈសំខាន់​ណាស់​ចំពោះ​ការស្វែងយល់​ពី​ស្ថានភាព​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ និង​ការ​ចងក្រង​គោលនយោបាយ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ក៏ដូចជា​បញ្ហា​ពាក់ព័ន្ធ​នឹង​ជីវភាព​របស់​ប្រពល​រដ្ឋ​។ លោក​បញ្ជាក់ថា ជំនួយ​របស់​ចិន​នៅពេលនេះ នឹង​ជា​ចំណែក​មួយ​ជួយ​ឲ្យ​ការធ្វើជំរឿន​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ដំណើរការ​ដោយ​ភាពល្អប្រសើរ និង​ទទួលបាន​ជោគជ័យ​។​

ចំណែក​ទេសរដ្ឋមន្ដ្រី ឆាយ ថន បានបង្ហាញ​នូវ​ការ​ជឿជាក់ថា រថយន្ដ ម៉ូតូ និង​សម្ភារ​ជំរឿន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ នឹង​ជួយ​ដល់​មន្ដ្រី​ជំរឿន មានលទ្ធភាព​ចាត់ចែង​គ្រប់គ្រង​ការងារ​ត្រួតពិនិត្យ តាមដាន​ការប្រមូល​ទិន្នន័យ​តាម​មូលដ្ឋាន ការដឹកជញ្ជូន​ឯកសារ ព្រមទាំង​ការកែច្នៃ និង​ការ​វាយ​បញ្ចូល​ទិន្នន័យ​ក្នុង​កុំព្យូទ័រ ការថត​ចម្លង​ឯកសារ​ជំរឿន​ជាដើម​។ ជាមួយគ្នា​នោះ លោក​ទេសរដ្ឋមន្ដ្រី ក៏បាន​សម្ដែង​នូវ​ការដឹក​គុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ប្រទេស​ចិន និង​ប្រជាជន​ចិន រាជរដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​តែងតែ​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា ក្នុងការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​

សម្ភារៈ​ទាំងអស់នេះ​មិន​គ្រាន់តែ​ប្រើប្រាស់​សម្រាប់​ការងារ​ជំរឿន​ប្រជាជន​ប៉ុណ្ណោះ​ទេ តែ​វា​នឹង​បម្រើ​ឲ្យ​ការងារ​ជំរឿន អង្កេត​ផ្សេងៗ​ទៀត​នៅពេល​អនាគត មានដូចជា ជំរឿន​កសិកម្ម ជំរឿន​សេដ្ឋកិ្ច​ច ជារួម គឺ​បម្រើ​ឲ្យ​ការងារ​ប្រព័ន្ធ​ស្ថិតិ​ជាតិ​ទាំងមូល និង​ការងារ​ផែនការ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។​

សូមបញ្ជាក់ថា កម្ពុជា​នឹង​ចាប់ផ្តើម​ធ្វើ​ជំរឿន​ប្រជាជន​លើក​ទី​៣ នឹង​ចាប់ធ្វើ​ពីថ្ងៃ​ទី​០៣ ដល់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩​។ ជំរឿន​នេះ​គ្រោង​ប្រើ​មន្ត្រី​រហូតដល់​ទៅ​៤៧,០០០​នាក់ និង​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៨​លាន​ដុល្លារ​អា​មេ​រិក ដែលជា​ថវិកា​របស់​រា​ជ​រដ្ឋាភិបាល​។ បើតាម​ការប៉ានស្មាន​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ អាច​កើនឡើង​រហូតដល់​១៦​លាន​នាក់៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu