កណ្តាល ៖ យុវជនពីក្រុមធ្លាប់មានទំនាស់នឹងគ្នា ដោយសារទៅដើរលេងកម្សាន្តនៅវត្តស្អាងភ្នំ ពេលដែលធ្វើដំណើរជួបមុខគ្នាក៏ផ្ទុះកំហឹងវាយតប់បណ្តាលឲ្យស្លាប់ម្នាក់ ឯអ្នកឈ្នះត្រូវសមត្ថកិច្ចចាប់វាយខ្នោះបាន៣នាក់ក្នុងចំណោម៥នាក់ ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង២១និង៣០នាទី នៅចំណុចភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះមានពីរនាក់ ទី០១ឈ្មោះភឹម ដា ហៅពៅ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិ ព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់នៅមន្ទីរពេទ្យ) ស្លាកស្នាមផុងលលាក្បាលចំបនទូល ជាំភ្នែក ជាំកញ្ចឹងកខាងស្ដាំ។ ទី០២ ឈ្មោះគឿន កែវ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល( របួសស្រាល)។
ជនសង្ស័យមានចំនួន០៥នាក់ទី០១ឈ្មោះកាន សម្បត្តិ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅភូមិ ព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ទី០២ឈ្មោះ វ៉ិត ចន្ថា ភេទប្រុស អាយុ ១៨ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ទី០៣ឈ្មោះធឿន សុខថេត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ ព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ទី០៤ឈ្មោះ ខុំ ឃាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់មានទីលំនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (គេចខ្លួន) ទី០៥ឈ្មោះ យឿន វីន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុក ស្អាង ខេត្តកណ្ដាល ។(គេចខ្លួន)
លោកអធិការបានបញ្ជាក់ថា កន្លងមកក្រុមជនសង្ស័យ និង ក្រុមជនរងគ្រោះ ធ្លាប់មានទំនាស់គុំគួនគ្នា។ លុះដល់ថ្ងៃទី២៥ កញ្ញា ២០១៨ ក្រុមទាំងពីរបានជិះម៉ូតូជួបគ្នាហើយក៏បានដេញវាយនិងគប់គ្នារហូតដល់ចំណុចកើតហេតុ ភាគីខាងជនសង្ស័យបានយកដុំឥដ្ឋប្រហោង គប់ទៅលើក្រុមជនរងគ្រោះបណ្ដាលឲ្យត្រូវចំកញ្ចឹងករបស់ឈ្មោះភឹម ថា ហៅពៅ ដែលជិះម៉ូតូឌុបឈ្មោះ គឿន កែវ បណ្ដាលឲ្យដួលធ្លាក់ទៅចិញ្ចើមផ្លូវម្ខាង។ បន្ទាប់មកឈ្មោះ កាន សម្បត្តិ និងបក្ខពួកបានចូលទៅវាយលើជនរងគ្រោះបន្ថែមទៀត។ ភ្លាមនោះឈ្មោះ គឿន កែវ ត្រូវបានឈ្មួញ កាន សម្បត្តិ វ៉ៃត្រូវកចំនួន០១ដៃ ហើយក៏រត់គេចខ្លួនតែម្ដង។ លុះបានប្រហែល១០នាទី ឈ្មោះគឿន កែវ បានដើមករកមើលឈ្មោះភឹម ដា ហៅពៅ ដែលកំពុងដួលសន្លប់នៅជិតម៉ូតូមានឈាមក្បាលហើយខ្លួនក៏លើកជនរងគ្រោះដាក់លើម៉ូតូដឹកយកទៅផ្ទះ។ បន្ទាប់មកក៏បញ្ជូនទៅពេទ្យភ្នំពេញ លុះដល់ថ្ងៃទី២៦ កញ្ញា ២០១៨ វេលាម៉ោង០៨និង៣០នាទីជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យតែម្ដង ។ ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments