Ad Code

ក្រសួងសុខាភិបាល​ណែនាំ​ដល់​ប្រជាពលរដ្ឋ អនុវត្ត​វិធានការ​បង្ការ​៩​ចំណុច ដើម្បី​ចៀស​ផុតពី​បញ្ហា​សុខភាព​ក្នុង​ពិធី​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​



ភ្នំពេញ​ ៖ ​ក្រសួងសុខាភិបាល​បាន អំពាវនាវ​ដល់​ពលរដ្ឋ អនុវត្ត​វិធានការ​បង្ការ​៩​ចំណុច ដើម្បី​ចៀស​ផុតពី​បញ្ហា​សុខភាព​ដែល​មកពី​ការបរិភោគ​ចំណីអាហារ និង​ស្រា​មិនមាន​ប្រភព​ត្រឹមត្រូវ​នៅក្នុង​ពិធី​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​នេះ​។

ដើម្បី​ចូលរួម​បង្ការ​សុខភាព ដែល​បណ្តាលមកពី​ការបរិភោគ​ចំណីអាហារ និង​ពិសា​ស្រា នាឱកាស​ដែល​បងប្អូន​ប្រជាពលរដ្ឋ អញ្ជើញ​ចូលរួម​ក្នុង​ពី​ធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៥ ខែកញ្ញា ដល់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨ នេះ​លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រ​សួង​សុខាភិបាល​បាន អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ ឱ្យ​ចូលរួម​អនុវត្ត​វិធានការ​បង្ការ ដើម្បី​សុខភាព​ល្អ ចៀស​ផុតពី​បញ្ហា​សុខភាព​បណ្តាលមកពី​ការបរិភោគ​ចំណីអាហារ ដែល​នាំ​ឲ្យ​ក្អួត រាក និង​ការ​ពិសា​ស្រា​និង​ជំងឺឆ្លង​ផ្សេងៗ ដែល​បង្កឡើង​ដោយ​ចំណីអាហារ​គ្មាន​អនាម័យ ឬ​ទឹក​កខ្វក់ ដែលមាន​មេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬ​សារ​ធាតុគីមី​។

ថ្លែង​នៅក្នុង​សេចក្ដីប្រកាស​របស់​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨​លោ ក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​បញ្ជាក់ថា ​វិធានការ​បង្ការ​៩​ចំណុច នេះ​រួមមាន​១៖​ប្រើប្រាស់​ទឹកស្អាត និង​ម្ហូបអាហារ​ដែល​ស្អាត និង​ឆ្អិន​ជានិច្ច​ ២​ត្រូវ​លាងដៃ​នឹង​សាប៊ូ មុនពេល និង​អំឡុងពេល​រៀបចំ​ម្ហូបអាហារ មុន​បរិភោគ និង​ក្រោយ​បន្ទោបង់​ ៣​លាង​សំអាត​បន្លែ ផ្លែឈើ​ឲ្យ​បាន​ស្អាត​មុន​បរិភោគ​ ៤​សំអាត​សម្ភារៈ​ប្រើ​សម្រាប់​ចម្អិន​ម្ហូបអាហារ​ឲ្យ​បាន​ត្រឹមត្រូវ ​៥ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ ជាពិសេស សាច់ សត្វ​ស្លាប ស៊ុត និង​អាហារ​សមុទ្រ​។ ៦ទុកដាក់​ចំណីអាហារ​ឆៅ និង​ឆ្អិន​ដាច់ដោយឡែក​ពីគ្នា ​៧ កុំ​រក្សាទុក​អាហារ​ក្នុង​កំដៅ​ធម្មតា​លើសពី ២​ម៉ោង​ ៨មិនត្រូវ​រក្សាទុក​អាហារ​ជាច្រើន​ថ្ងៃ​ទេ ទោះជា​ស្ថិត​ក្នុង​កម្រិត​សីតុណ្ហភាព​សុវត្ថិភាព​ក៏ដោយ​។ បើ​យើង​រក្សាទុក​អាហារ​ក្នុង​ប្រព័ន្ធ​ត្រជាក់​គឺ​ត្រូវ​ឲ្យ​នៅក្រោម​សីតុណ្ហភាព ៥​អង្សា​សេ​និង​ត្រូវ​រក្សាទុក​អាហារ​ក្នុង​ប្រព័ន្ធ​កំដៅ​គឺ​ត្រូវ​ឲ្យ​លើសពី​សីតុណ្ហភាព ៦០​អង្សា​សេ​និង​ ៩​កុំ​ប្រើប្រាស់​ចំណីអាហារ​ហួស​កាលកំណត់​។

ចំពោះ​ការពុល​ស្រា លោក​សាស្ត្រាចារ្យ​ម៉ម​ប៊ុនហេង​ បាន​ណែនាំ​ចំពោះ​មនុស្ស​ពេញវ័យ​ទាំងអស់ សូម​ពិសា​គ្រឿង​ស្រវឹង​ក្នុង កំរិត​តិចតួច និង​ហាម​ពិសា​គ្រឿង​ស្រវឹង​ក្នុង​ពេល​បើកបរ ឬ​បញ្ជា​គ្រឿង​ម៉ាស៊ីន​។ បើ​មាន​រោគសញ្ញា​នៃ​ការពុល​ស្រា​ដូច​រៀបរាប់​ខាងលើ សូម​ស្វែងរក​ដំបូន្មាន​ជាបន្ទាន់​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​របស់​លោកអ្នក​។

ការ​អំពាវនាវ​របស់​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នេះ​ដោយសារតែ​កន្លងមក​មាន​ប្រជាពលរដ្ឋ​និង​ព្រះ​ស ង្ឃ​មួ យ​ចំនួន​បាន​ធ្លាក់ខ្លួន​ឈឺ​និង​ពុល​ចំណីអាហារ​ដោយ សារ​តែ​ការ​បរិភោគ​ចំណីអាហារ​មិន​មាន​អនាម័យ​និង​មាន​ខ្លះទៀត​ឈានដល់​ការ​ស្លាប់​បង់ជីវិត​ដោយសារ​ការ​បរិភោគ​ស្រា​ស​ស្រាថ្នាំ​ដែល​ផ្សំ​ខុស​បច្ចេកទេស​។

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង ក៏បាន​ធ្វើការ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​រួមមាន ផឹក​ស្អាត រស់នៅ​ស្អាត​និង​ហូប​ស្អាត​នៅ​ឱកាស​ពិធីបុណ្យ​កាន់​បិណ្ឌ​ និង ​ភ្ជុំបិណ្ឌ​នេះ​ដើម្បី​ការពារ​សុខភាព​ឲ្យ​ជៀស​ផុតពី​ការ​ឆ្លង​ជំងឺ​ផ្សេងៗ​ដូចជា​ជំងឺ​រាករូស​ជាដើម​។

ជា​មួយ​គ្នា​នេះដែរ​ លោក​រដ្ឋ​មន្ត្រី​បាន​បន្ត​ទៀត​ថា​ ចំណែក​លោកតា លោកយាយ​នៅ​តាម​វត្ដ​អារាម​នានា​វិញ ត្រូវ​លាងចាន​ឆ្នាំង​ឲ្យ​បាន​ស្អាត​ល្អ និង​មាន​អនាម័យ ត្រូវ​បរិភោគ​ទឹក​ដាំ​ពុះ​ជាពិសេស​កុំ​បរិភោគ​ទឹកស​ម្ល​ដោយ​ប្រើ​ស្លាបព្រា​រួមគ្នា​ដែល​អាច​បណ្តាល​ឲ្យ​ឆ្លង​ជំងឺ​ពីគ្នា​បាន​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu