តាកែវ ៖ ដោយទទួលបានព័ត៌មានអំពីទីតាំងផលិតស្ករត្នោតក្លែងក្លាយនៅស្រុកបាទីកំពុងបន្តសកម្មភាពផលិតកែច្នៃដោយមិនស្តាប់ការហាមឃាត់ និងការណែនាំនាពេលកន្លងមកនោះ ពេលនេះ មន្ត្រីជំនាញខេត្តតាកែវ បានសហការគ្នាចុះបង្ក្រាប។
ហេតុការណ៍ ចុះបង្ក្រាបទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយសមត្ថកិច្ចចម្រុះ ដែលរួមមាន សាខាកាំកុងត្រូលខេត្តតាកែវ មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត អាជ្ញាធរស្រុកបាទី និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដោយបានចុះឆ្មក់ចាប់ទីតាំងផលិតស្ករត្នោតក្លែងក្លាយចំនួន២ទីតាំង ស្ថិតនៅភូមិព្រៃខ្លា ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ ក្នុងការឆ្មក់ចាប់ទីតាំងផលិតស្ករត្នោតក្លែងក្លាយនោះ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុនិងដកហូតសម្ភារៈជាច្រើនមុខ ដែលជាវត្ថុធាតុបង្កជាការផលិតស្ករត្នោតក្លែងក្លាយ និងវត្ថុតាងស្ករត្នោតដែលកែច្នៃសម្រេចចំនួន០៨ធុងផងដែរ។ ចំណែកម្ចាស់ទីតាំងដែលជាអ្នកផលិតនោះបានរត់គេចខ្លួនបាត់។
បច្ចុប្បន្នវត្ថុតាងទាំងអស់ ត្រូវបានដកហូត ដោយឡែកមន្ត្រីសាខាកាំកុងត្រូលខេត្តតាកែវ ដែលជាដើមបណ្តឹងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីតាមចាប់ខ្លួនម្ចាស់ទីតាំងផលិតស្ករត្នោតក្លែងក្លាយទាំងអស់នេះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខានតែបាន៕
Source: Kampuchea Thmey Daily
0 Comments