Ad Code

សារធាតុ Novichok ត្រូវបាន​ច្រានចោល ​បន្ទាប់ពី​មនុស្ស​ពីរ​នាក់​ធ្លាក់ខ្លួន​ឈឺ​ក្នុង​ទីក្រុង​អង់គ្លេស​ដែល​រងគ្រោះ​ដោយ​ការ​បំពុល



ប៉ូលិស​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា គ្មានអ្វី​ត្រូវ​លើកឡើង​ទេ​ដែលថា សារធាតុ​គីមី Novichok បាន​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​ធ្លាក់ខ្លួន​ឈឺ​នៅក្នុង​ទីក្រុង​អង់គ្លេស​ដែលជា​កន្លែង​អតីត​ចារកម្ម​រុស្ស៊ី​និង​កូនស្រី​របស់គាត់​ត្រូវបាន​បំពុល​ដោយ​ភ្នាក់ងារ​បំផ្លាញ​សរសៃប្រសាទ​ដ៏​សាហាវ​នេះ​។​

ផ្នែក​ខ្លះ​នៃ​ទីក្រុង Salisbury ភាគ​និរតី​ប្រទេស​អង់គ្លេស​ត្រូវបាន​បិទ​ហើយ​ក្រុម​ឆ្លើយតប​នៃ​តំបន់​មាន​គ្រោះថ្នាក់​ត្រូវបាន​គេ​ហៅ​ទៅ​កន្លែងកើតហេតុ​បន្ទាប់ពី​មនុស្ស​ពីរ​នាក់​មាន​ភាពមិន​ស្រួល​នៅក្នុង​ភោជនីយដ្ឋាន​អ៊ីតាលី​មួយ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​។​

ប៉ូលិស​តំបន់ Wiltshire បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ដោយសារតែ​ព្រឹត្តិការណ៍​ថ្មីៗ​នៅក្នុង​ទីក្រុង​នេះ​និង​ការព្រួយបារម្ភ​ថា​អ្នក​ទាំងពីរ​ត្រូវបាន​ប៉ះពាល់​ទៅនឹង​សារធាតុ​ដែល​គេ​មិន​ស្គាល់​នោះ វិធីសាស្ត្រ​ប្រុងប្រយ័ត្ន​ខ្ពស់​ត្រូវបាន​យកទៅ​ប្រើប្រាស់​ដោយ​សេវា​សង្គ្រោះបន្ទាន់​ទាំងអស់​។ ឥឡូវនេះ​យើង​អាច​បញ្ជាក់បាន​ថា គ្មាន​សារធាតុ Novichok ទេ​”​។​

ប៉ូលិស​បាន​និយាយថា អ្នក​ទាំងពីរ​ដែល​បុរស​ស្ថិតក្នុង​វ័យ​៤០​ឆ្នាំ​និង​ស្ត្រី​ក្នុង​វ័យ​៣០​ឆ្នាំ​ត្រូវបាន​គេ​វាយតម្លៃ​នៅក្នុង​មន្ទីរពេទ្យ​ដែល​នៅ​ទីនោះ ពួកគេ​នៅតែ​ស្ថិតក្រោម​ការសង្កេត​។​

ប៉ូលិស​បាន​និយាយទៀតថា វា​មិន​ច្បាស់​ទេ​ថា​តើ​មាន​ឧក្រិដ្ឋកម្ម​ណាមួយ​ត្រូវបាន​ប្រព្រឹត្ត​ដែរ​ឬក៏​អត់​។ ប៉ូលិស​បន្ថែមថា ព្រឹត្តិការណ៍​នេះ​លែង​ត្រូវបាន​គេ​ចាត់ទុកជា​ឧប្បត្តិហេតុ​ធំ​ទៀតហើយ​ប៉ុន្តែ​ការស៊ើបអង្កេត​កំពុង​បន្ត​។​

ទីក្រុង Salisbury ជា​កន្លែង​ដែល​ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី​លោក Sergei Skripal និង​កូនស្រី​របស់គាត់​ឈ្មោះ Yulia ត្រូវបាន​បំពុល​ជាមួយ​សារធាតុ Novichok ដែលជា​សារធាតុ​បំផ្លាញ​សរសៃប្រសាទ​ដ៏​មាន​ឥទ្ធិពល​បង្កើតឡើង​នៅក្នុង​សហភាពសូវៀត​។​

ចក្រភព​អង់គ្លេស​បាន​ចោទប្រកាន់​ប្រទេស​រុស្ស៊ី​ពីបទ​រៀបចំ​ការវាយប្រហា​រ​នោះ​ដែល​ការចោទប្រកាន់​បែបនេះ​ត្រូវបាន​ក្រុង​មូ​ស្គូ​បដិសេធ​។​

លោក Skripal និង​កូនស្រី​របស់គាត់​បាន​រួច​ជីវិត​ប៉ុន្តែ​ប្តី​ប្រពន្ធ​ជនជាតិ​អង់គ្លេស​ឈ្មោះ Dawn Sturgess និង Charlie Rowley បាន​ប៉ះពាល់​ជាមួយ​សារធាតុ​ដូចគ្នានេះ​នៅក្នុង​ទីក្រុង​មួយ​ក្បែរ​ទីក្រុង Salisbury នា​ប៉ុន្មាន​ខែក្រោយ​ហើយ Sturgess អាយុ​៤៤​ឆ្នាំ​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu