Ad Code

៦​ថ្ងៃ នៃ​យុទ្ធនាការ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ផ្លូវ​ជុំវិញ​ផ្សារ​ដើម​គរ ផ្លូវ​មួយចំនួន​ត្រូវ​បាន​រំដោះ



ភ្នំពេញ​ ៖​ ៦​ថ្ងៃ នៃ​យុទ្ធនា​ការចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ផ្លូវ​ជុំវិញ​ផ្សារ​ដើម​គរ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើមគរ ខណ្ឌ​ទូល​គោក ឃើញថា ផ្លូវ​មួយចំនួន​ត្រូវ​បាន​រំដោះ ដើម្បីអោយ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ហើយ ក្រោយពី​ផ្លូវ​មួយចំនួន​នោះ​ ត្រូវបាន​រំលោភ​ដោយ​អ្នក​លក់ដូរ ជាច្រើន​ឆ្នាំ​កន្លងមកនេះ។

លោក​មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ ដែលជា​អ្នកដឹកនាំ​ក្រុម​ការងារ​ចុះ​ធ្វើការ​ងារ​នេះ​ជាប្រចាំ​ប្រមាណ​១​សប្តាហ៍​មកនេះ បាន​អោយ​ដឹង​ថា​ នៅ​ថ្ងៃទី​៦ នៃ​យុទ្ធនា​ការ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ផ្លូវ​ជុំវិញ​ផ្សារ​ដើម​គរ ស្ថានភាព​ល្អប្រសើរ។ ប៉ុន្តែ​លោក​សូម​បងប្អូន​អ្នកប្រមូល​សំរាម ពន្លឿន​កិច្ចការ​របស់ខ្លួន​បន្ថែម​ទៀត ដើម្បីឱ្យ​ដងផ្លូវ​របស់​យើង​មាន​ទាំង​សណ្ដាប់ធ្នាប់ រៀបរយ​ល្អ និង​អនាម័យ​ស្អាត​។​

ប្រធាន​គណៈកម្មការ​ផ្សារ​ដើម​គរ លោក​ឈួន ឆាយា​រិ​ទ្ធ បានអោយដឹងថា ផ្លូវ​លេខ ៣៣៦ ខាងជើង​ផ្សារ​ដើមគរ​ដែល​កន្លងមក ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ នាំគ្នា​លក់ដូរ នៅ​លើ​​ទ្រូងផ្លូវ​នោះ ក្នុងនាម​លោក​ជា ប្រធាន​គណៈកម្មការ​ផ្សារ សូម​សន្យា​ថា ចាប់ពី​ពេលនេះ​តទៅ គ្មាន​ទេ ការលក់ដូរ​នៅ​លើ​ទ្រូងផ្លូវ ចាប់ពី​ម៉ោង ៦​ព្រឹក ដល់​ម៉ោង​៦ ល្ងាច ដើម្បី​ទុក​ទ្រូងផ្លូវ​អោយ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​បានជា​រៀង​រហូត​ទៅ៕



​​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu