បេក្ខជនប្រធានាធិបតីឈានមុខរបស់ប្រទេសប្រេស៊ីលលោក Jair Bolsonaro បានចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយកាលពីថ្ងៃអាទិត្យ បន្ទាប់ពីទទួលការវះកាត់របួសដែលគាត់ត្រូវគេចាក់អំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។
វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Albert Einstein ក្នុងទីក្រុង Sao Paulo បាននិយាយថា បេក្ខជនដែលបានវះកាត់ការស្ទះពោះវៀនតូចគឺត្រូវបានផ្ទេរទៅកាន់មណ្ឌលថែទាំពាក់កណ្តាលហើយ។
ជនដៃដល់ឆ្វេងនិយមម្នាក់បានចាក់លោក Bolsonaro អាយុ៦៣ឆ្នាំនៅថ្ងៃទី៦ខែកញ្ញាក្នុងអំឡុងយុទ្ធនាការឃោសនាមួយនៅទីក្រុង Juiz de Flora ភាគអាគ្នេយ៍រដ្ឋ Minas Gerais ។
គាត់បានរងរបួសពោះវៀនយ៉ាងធ្ងន់ធ្ងរហើយបានបាត់បង់ឈាមប្រហែល៤០ភាគរយ។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ មន្ទីរពេទ្យបានឲ្យដឹងថា លោក Bolsonaro មានសុខភាពល្អប៉ុន្តែត្រូវគេបញ្ចុកចំណីតាមវ៉ែន។
នៅខាងក្រៅមន្ទីរពេទ្យ ក្រុមអ្នកគាំទ្រមានគ្នាប្រហែល២០០នាក់ដែលភាគច្រើនជាអ្នកជិះម៉ូតូបាននាំគ្នាបង្ហាញការគាំទ្រដោយគ្រវីទង់ជាតិនិងតុបតែងប៉េងប៉ោងយក្សមួយដែលមានរូបលោក Bolsonaro ។
ខណៈដែលការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៧ខែតុលានៅសល់រយៈពេលត្រឹមតែ៣សប្តាហ៍ទៀតប៉ុណ្ណោះនោះ គ្រូពេទ្យមិនបង្ហាញពីពេលវេលាដែលគាត់អាចចេញពីមន្ទីរពេទ្យបានទេ។
គាត់ត្រូវបានផ្ទេរចេញពីបន្ទប់សង្គ្រោះបន្ទាន់ជាលើកដំបូងកាលពីថ្ងៃអង្គារមុនប៉ុន្តែបានវិលត្រឡប់មកវិញបន្ទាប់ពីការវះកាត់កាលពីថ្ងៃពុធដើម្បីដកចេញនូវអ្វីដែលគ្រូពេទ្យរៀបរាប់ថាជា “ការស្ទះពោះវៀន”។
បន្ទាប់ពីការចាក់ប្រហារ អ្នកគ្រប់គ្រងយុទ្ធនាការរបស់គាត់បាននិយាយថា គាត់ប្រហែលជាចំណាយពេល១០ថ្ងៃនៅក្នុងមន្ទីរពេទ្យប៉ុន្តែឥឡូវនេះទំនងជាត្រូវស្នាក់នៅរយៈពេលយូរ៕ AFP
Source: Kampuchea Thmey Daily
0 Comments