Ad Code

រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​នេះ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ខេត្តព្រះវិហារ ឃាត់​រថយន្ត​បាន​ជិត​៦០​គ្រឿង



ព្រះវិហារ​ ៖ ក្រុម​ការងារ​ត្រួតពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ខេត្តព្រះវិហារ ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​នេះ បាន​ឃាត់​រថយន្ត​ដឹកទំនិញ​បាន​ចំនួន​ជិត​៦០ គ្រឿង និង​បាន​រក​ឃើញ​រថយន្ត​ល្មើសច្បាប់​ជាច្រើន​គ្រឿង​ផង​ដែរ ដើម្បី​ធ្វើការ​ផាកពិន័យ​និង​កាត់​ទ្រុង​ចេញ​។​

លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានអោយដឹង​ថា អ្នកបើកបរ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក នៅលើ​ដងផ្លូវ​ជាតិ​​​លេខ​៦២ ខេត្តព្រះវិហារ នៅតែ​បន្ត​មាន​ស្ទើរ​ជា​រៀងរាល់ថ្ងៃ បើទោះបីជា​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ​ស្រុក បានដាក់​កម្លាំង​ប្រចាំការ​ស្ទាក់ចាប់ ទាំងយប់ ទាំង​ថ្ងៃ​ក្តី ជាក់ស្តែង​នៅ​រយៈពេល​២​ថ្ងៃ​កន្លងមកនេះ ថ្ងៃទី​១៤-១៥ ខែកញ្ញា ឆ្នាំ​២០១៨ ក្រុមការងារ​ខេត្ត​ចុះ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​គោក ដោយបាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក បាន​ឃាត់​យានយន្ត​ចំនួន ៥៧​គ្រឿង ដើម្បី​ត្រួតពិនិត្យ និង​ធ្វើការ​ផាកពិន័យ​តាមច្បាប់​។

យោងតាម​របាយការណ៍​ពី ក្រុមការងារ​ទាំងពីរ​គោលដៅ​ដែល​បាន​ឈរជើង​លើ​ដង​ផ្លូវជាតិ​លេខ​៦២ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៤-១៥ ខែកញ្ញា ឆ្នាំ​២០១៨ ចំនួន​២​ថ្ងៃ​ជាប់ៗ​គ្នា​កន្លងមកនេះ ក្រុមការងារ​ខេត្ត ឃាត់​យានយន្ត​បាន​ចំនួន ៥៧​គ្រឿង ក្នុងនោះ ពិនិត្យឃើញថា​ត្រឹមត្រូវ ចំនួន ១៩​គ្រឿង រក្សាទុក​ត្រៀម​កាត់​ចំនួន ០១ គ្រឿង​ដឹក​សំពីងសំពោង​ចំនួន ០៣ គ្រឿង ខ្វះ​ឯកសារ ចំនួន ២៤ គ្រឿង​ដោះ​រាន​ខាងក្រោយ​ចំនួន ០៣ គ្រឿង គ្មាន​បណ្ណ​បើកបរ ចំនួន ០៥ នាក់ គ្មាន​ផ្លាន​ផ្លាកលេខ ចំនួន ០២ គ្រឿង​។​

បច្ចុប្បន្ន​យានយន្ត​ទាំងនោះ ក្រុមការងារ​បានធ្វើកា​រ​ផាកពិន័យ និង​ធ្វើ​ការអប់រំ​ណែនាំ​តាម​នីតិវិធី​។​
​គួររំលឹកថា កាលពី​ថ្ងៃ​សុក្រ ៩​រោច ខែមាឃ ឆ្នាំរកា ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងឱកាស​ដែរ​អញ្ជើញ​ជា​អធិបតីភាព​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ថ្មី​មួយទៀត​ត​ភ្ជាប់​ទឹកដី​នៃ​ខេត្តកំពង់ចាម ទៅកាន់​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ សម្តេច​តេ​ជោ ហ៊ុន សែន​បានដាក់​ឱសានវាទ ចាប់ពី​ម៉ោង​០០​យប់​ថ្ងៃទី​៩​កុម្ភៈ តទៅ គ្មាន​វត្តមាន​ឡាន ត​ទ្រុង លើ​ដងផ្លូវ​ទៀតឡើយ​។ បើ​មាននៅ​តំបន់​ណា ភូមិសាស្ត្រ​ណា ចៅហ្វាយខេត្ត និង​ក្រុង​នោះ ជា​អ្នកទទួលខុសត្រូវ​។ បើ​នរណា​មក​តវ៉ា​ឬ​អ្នកកាង ទោះជា​ឋានៈ​ណាក៏ដោយ ក៏​ធ្លាក់​បុណ្យស័ក្តិ​ទាំងអស់ និង​បញ្ចូល​ព្រៃ​ស​តែម្តង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu