ក្រុងសេអ៊ូលបានប្រកាសកាលពីថ្ងៃអាទិត្យថា អ្នកស្នងមរតកក្រុមហ៊ុន Samsung និងមេដឹកនាំ សាជីវកម្មកូរ៉េខាងត្បូងជាច្រើននាក់ទៀត នឹងធ្វើដំណើរទៅទីក្រុងព្យុងយ៉ាងនៅសប្តាហ៍នេះ សម្រាប់កិច្ចប្រជុំអន្តរកូរ៉េ។
លោក Lee Jae-yong នៃក្រុមហ៊ុន Samsung និងមេដឹកនាំក្រុមហ៊ុន SK និង LG នឹងក្លាយជាផ្នែកមួយនៃគណៈប្រតិភូរបស់លោកប្រធានាធិបតី មូន ចេអ៊ីន នៅពេលលោកធ្វើដំណើរទៅជួបមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ នេះបើតាមការឲ្យដឹងពីការិយាល័យរបស់លោក មូន។
លោក Kim Yong-hwan អនុប្រធានក្រុមហ៊ុន Hyundai Motor Group នឹងស្ថិតនៅក្នុងចំណោមអ្នកចូលរួម។ លោកស្រី Hyun Jeong-eun ប្រធានក្រុមហ៊ុន Hyundai Group ដែលបានបង្កើតគម្រោងសេដ្ឋកិច្ចឆ្លងកាត់ព្រំដែនជាច្រើនក៏នឹងអមដំណើរលោក មូន ផងដែរ។
លោកស្រី Hyun បានជួបឪពុករបស់លោកគីមគឺលោកគីមជុងអ៊ីលជាច្រើនដងមកហើយ។ លោកស្រីគឺជាជនជាតិកូរ៉េខាងត្បូងដំបូងគេដែលបានជួបមេដឹកនាំវ័យក្មេងនៅពេលដែលគាត់ឡើងកាន់កាប់អំណាចបន្ទាប់ពីការស្លាប់របស់ឪពុកក្នុងឆ្នាំ២០១១។
លោក មូន បានលើកទឹកចិត្តឲ្យមានទំនាក់ទំនងសេដ្ឋកិច្ចឆ្លងកាត់ព្រំដែនកាន់តែជិតស្និទ្ធិបើទោះបីជាមានការដាក់ទណ្ឌកម្មជាច្រើនលើប្រទេសកូរ៉េខាងជើងអំពីអាវុធបរមាណូរបស់ខ្លួននិងកម្មវិធីមីស៊ីលផ្លោងក៏ដោយ។
លោកគ្រោងនឹងជិះយន្តហោះទៅរដ្ឋធានីរបស់កូរ៉េខាងជើងនៅថ្ងៃអង្គារនេះសម្រាប់ជំនួបកំពូលបីថ្ងៃជាមួយលោកគីមដែលជាកិច្ចប្រជុំលើកទីបីរបស់គាត់នៅឆ្នាំនេះជាមួយអ្នកគ្រប់គ្រងវ័យក្មេងរបស់កូរ៉េខាងជើង។
ការិយាល័យរបស់លោកមូនបាននិយាយថា គណៈប្រតិភូប្រហែល២០០នាក់ក៏រួមមានមន្ត្រីកំពូលៗរបស់ទីក្រុងសេអ៊ូលផងដែរដូចជាប្រមុខចារកម្ម រដ្ឋមន្ត្រីការបរទេសនិងប្រមុខការពារជាតិព្រមទាំងឥស្សរជនលេចធ្លោនៅក្នុងវិស័យសេដ្ឋកិច្ច សាសនា វប្បធម៌និងកីឡា។
លោក Lee គឺជាមេដឹកនាំក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតរបស់ពិភពលោកនិងបន្ទះឈីបផងដែរ៕ AFP
Source: Kampuchea Thmey Daily
0 Comments