ភ្នំពេញ ៖ ទឹកជំនន់បានហូរលេបត្របាក់លំនៅឋានប្រជាពលរដ្ឋនចំនួន៥០០គ្រួសារ ហើយប្រជាជនដែលរងគ្រោះពីទឹកជំនន់នេះ មានចំនួន២០០គ្រួសាររងផលប៉ះពាល់ ហើយ៥០គ្រួសារទៀតបានបាត់បង់ផ្ទះសម្បែងគ្មានជម្រកស្នាក់នៅផងដែរ។
ហេតុការណ៍ផ្ដើមចេញពីការរងគ្រោះទឹកជំនន់មកញាំញីនេះ ធ្វើឲ្យប្រជាជន២០០គ្រួសារកំពុងជួបផលវិបាកដោយសារទឹកជំនន់លិចលង់ ហើយប្រជាជន៥០គ្រួសារទៀតបានរងការបាត់បង់ផ្ទះសម្បែង លិចលង់គ្មានសល់ ហើយបានរងផលប៉ះពាល់ដល់ផលដំណាំ ស្រែចំការ សត្វពាហនៈ ដែលកើតឡើងនៅភូមិព្រៃក្មេង ឃុំព្រៃក្មេង ស្រុកល្វាឯម ខេត្ដកណ្ដាល។
ព្រះភិក្ខុប៉ាន់ ឈុន គង់ នៅវត្ដបទុមវតី មេកុដិ២២ ជំនួញការទូទៅសមាគមព្រះពុទ្ធសាសនាជួយសង្គ្រោះខ្មែរ មានសង្ឃដិកាថា ទឹកជំនន់កាលពុំទាន់ឡើងប្រជាជននៅភូមិព្រៃក្មេង ឃុំព្រៃក្មេង ស្រុកល្វាឯម ខេត្ដកណ្ដាលនេះ ពួកគាត់អាស្រ័យផលធ្វើស្រែចំការ ដកស្ទូង ស៊ីឈ្នួល ព្រួសស្រូវ បាចជីរឲ្យគេ ដកស្មៅក្នុងស្រែ បើអ្នកមានទូកគឺទៅនេសាទរកត្រីក្នុងបឹង ឬទន្លេ។ ព្រះអង្គបន្ដសង្ឃដីកាថា តែពេលដែលទឹកលិចភូមិបែបនេះ បានធ្វើឲ្យពួកគាត់រងផលប៉ះពាល់ច្រើនផ្នែកសេដ្ឋកិច្ចរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ហើយទឹកលិចនេះមិនមែនតែ១ខែទេ អាចលិចបន្ដដល់ពិធីបុណ្យភ្ជុំបិណ្ឌ។ ព្រះអង្គបន្ដសង្ឃដីកាទៀតថា ក្នុងចំណោមប្រជាជនដែលរងផលប៉ះពាល់ទឹកលិចនោះគឺមានប្រជាជន៥០គ្រួសារដែលកំពុងរងគ្រោះខ្លាំងជាងគេ គឺពួកគាត់ត្រូវបាត់បង់ផ្ទះសម្បែង ព្រោះទឹកលិចជិតដំបូលផ្ទះទៅហើយ ដូច្នេះពួកគាត់ត្រូវជួបទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរបំផុត។
ដូច្នេះមានតែការជួយសម្រួលដល់ការលំបាកដែលប្រជាជនខ្មែរកំពុងជួបប្រទះនូវផលវិបាកបែបនេះ ទើបភិក្ខុ ប៉ាន់ ឈុន មេកុដិលេខ២២ វត្ដបទុមវតី រួមសហការជាមួយព្រះភិក្ខុមហា យិន នឿន នៅសហរដ្ឋអាមេរិក និងភិក្ខុមហា សមយស គង់នៅប្រទេសបារាំង ព្រមទាំងឧបាសក ឡូ ប៊ុនឡេង និងឧបាសិកា អៀប ឆៃគីម ព្រមទាំងបុត្រធីតា បាននាំយកអំណោយមានអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតទៅចែកជូនដល់ប្រជាជនដែលកំពុងរងគ្រោះជួបការលំបាកដោយទឹកជំនន់នេះ ដើម្បីជួយសម្រាលទុក្ខដល់ប្រជាពលរដ្ឋនៅភូមិព្រៃក្មេង បានមួយគ្រាផងដែរ។
ព្រះអង្គ ប៉ាន់ ឈុន មានសង្ឃដីកាបញ្ជាក់ចុងក្រោយថា ព្រះអង្គសង្ឃឹមថា ញាតិញោមទាំងអស់នឹងចូលរួមជួយដល់សង្គមតាមរយៈសមាគមព្រះពុទ្ធសាសនាជួយសង្គ្រោះខ្មែរដែលដឹកនាំដោយលោកគ្រូភិក្ខុមហា យិន នឿន និងភិក្ខុមហាសម យស ក្នុងទឹកចិត្ដខ្មែរស្រឡាញ់ខ្មែរ និងជួយខ្មែរទាំងអស់គ្នា៕
Source: Kampuchea Thmey Daily
0 Comments