កណ្ដាល ៖ ជនសង្ស័យដែលក្លែងខ្លួនជាសមត្ថកិច្ចកងរាជអាវុធហត្ថដើរចាប់ជនល្មើសជំរិតយកលុយចំនួន២ខេត្ត និង រាជធានី ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាឮខេត្តកណ្តាលចាប់ខ្លួនបាននោះ នៅល្ងាចថ្ងៃទី១៦ កញ្ញា ២០១៨ លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នក្រោមបទចោទប្រកាន់ចំនួន៣បទល្មើសមាន "គំរាមយកដោយស្ថានទម្ងន់ទោស ដោយសារការប្រើប្រាស់អាវុធ ,បទ កាន់កាប់អាវុធដោយគ្មានលិខិតអនុញ្ញាត និងបទ ប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា" ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥ និងប្រព្រឹត្តនៅចំណុចភ្នំឧត្តុង្គ ខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ២០១៨ និងនៅចំណុចភូមិថ្មី ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី១៤ កញ្ញា ២០១៨ តាមបញ្ញត្តិមាត្រា៣៦៣ មាត្រា៣៦៦ មាត្រា៤៩០ និងមាត្រា៦១៦ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទមានឈ្មោះរស់ ចាន់រ៉ន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ មានទីលំនៅ ភូមិព្រែកផ្គាំឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
លោកវរសេនីយ៍ ដួង តេង អធិការនគរបាលស្រុកពញាឮបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក ចំណុចភូមិថ្មី ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាលមានករណីកំហែងយកប្រាក់ ពីជនល្មើសជួញដូរគ្រឿងញៀនដែលដើមបណ្ដឹង ០២នាក់ គឺទី១-ឈ្មោះផាត់ សាម៉ុន ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮខេត្តកណ្ដាល។ ២-ឈ្មោះហ៊ិន យន ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិត្រញាំងអណ្ដោង ឃុំទំនប់ស្រុកពញាឮ ខេត្តកណ្តាល។ ចំណែកឯឈ្មោះឈ្មោះមុំ ល័ក្ខ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករដឹងអង្កាម ទីលំនៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល និងឈ្មោះសាន់ ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះទីលំនៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ត្រូវជាកូននិងកូនប្រសារបស់ដើមបណ្តឹង។
ជនសង្ស័យម្នាក់ត្រូវឃាត់ខ្លួនឈ្មោះរស់ ចាន់រ័ត្ន ភេទប្រុស អាយុ៣១ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅស្នាក់នៅក្រុមទី៤សង្កាត់ទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោកអធិការបានឲ្យដឹងថា វត្ថុតាងចាប់យក មាន ម៉ូតូ០១គ្រឿងម៉ាកC125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GR-1798 អាវុធខ្លីម៉ាកK54ចំនួន០១ ដើម បង់០១ គ្រាប់០៧ គ្រាប់ វិទ្យុទាកទង (ID) ចំនួន០១គ្រឿង ខ្នោះដៃចំនួន០១ ទូរស័ព្ទដៃ០៣គ្រឿង ម៉ាកអ៊ិនចុចពិល០១គ្រឿង ម៉ាកIPhone ០១គ្រឿង និងsumsung០១គ្រឿង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក ប្រាក់ដុល្លារ១០ដុល្លារ ប្រាក់រៀល១៥.០០០៛ ឯកសារផ្សេងៗមួយចំនួន លោកអធិការបញ្ជាក់ពីដំណើររឿងឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ដើមបណ្ដឹងទាំង០២នាក់ខាងលើ កំពង់នៅផ្ទះរៀងខ្លួនពេលនោះមានជនសង្ស័យឈ្មោះរស់ ចាន់រ័ត្ន បានជិះម៉ូតូម៉ាកC125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ជិះពីក្រោយ ម៉ូតូឈ្មោះមុំ លក្ខ័ ភេទប្រុស អាយុ២៦ឆ្នាំ និង ឈ្មោះសាន់ ដារ៉ា ភេទប្រុស ជាកូនប្រុសរបស់ដើមបណ្ដឹងឈ្មោះផាត់ សាម៉ុន ហើយមានដៃជាប់ខ្នោះទាំង០២នាក់ ពេលជិះមកដល់ផ្ទះជនរងគ្រោះភ្លាម ជនសង្ស័យឈ្មោះរស់ ចាន់រ័ត្ន បាននិយាយទៅកាន់ដើមបណ្ដឹងថា កូនរបស់មីង មានថ្នាំញៀនជាប់និងខ្លួន ឥឡូវខ្ញុំចាប់បានហើយ តើមីងចង់សម្រួលនៅទីនេះ ឬក៏ចង់បញ្ជូនឡើងទៅលើ បន្ទាប់មកដើមបណ្ដឹង បាននិយាយថា មិនបាច់បញ្ជូនឡើងលើទេសម្រួលនៅទីនេះហើយ រួចមកជនសង្ស័យបាននិយាយទារប្រាក់ពីដើមបណ្ដឹងក្នុងមួយនាក់៥០០ដុល្លារ និងម៉ូតូ០១គ្រឿងចំនួន៥០០ដុល្លារ ដែរ សរុបទាំងមនុស្ស០២នាក់ និង ម៉ូតូ០១គ្រឿងចំនួន១.៥០០ដុល្លារ ពេលនោះជនរងគ្រោះក៏និយាយសុំសម្រួលជនសង្ស័យត្រឹមចំនួន ១.២០០ដុល្លារ ហើយជនសង្ស័យក៏យល់ព្រម បន្ទាប់មកជនរងគ្រោះក៏យកម៉ូតូទៅដាក់បញ្ចាំគេ តែឆ្លៀតពេលនោះជនរងគ្រោះបានរាយការណ៍ប្តឹង មកសមត្ថកិច្ចពីរឿងហេតុខាងលើ បន្ទាប់ពីទទួលបាន ព័ត៌មានភ្លាមកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌សហការជាមួយកម្លាំងប៉ុស្តិ៍ជ្រៃលាស់ចុះទៅកន្លែងកើតហេតុនាំខ្លួនជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពញាឮ។ តាមការចម្លើយជនសង្ស័យបានសារភាពថា នៅថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើខ្លួនបានទទួលព័ត៌មានពីកងកម្លាំងអាវុធហត្ថបានប្រាប់ថា មានក្មេង០២នាក់ជិះម៉ូតូមកយកថ្នាំញៀននៅប្រឡាយហើយឥឡូវពួកវាជិះចេញទៅវិញហើយ បន្ទាប់មកជនសង្ស័យក៏ជិះម៉ូតូដេញតាមពីក្រោយរហូតមកដល់ចំណុច កើតហេតុខាងលើក្មេងប្រុសទាំង០២នាក់នោះ ក៏ឈប់ទិញទឹកអំពៅ ហើយជនសង្ស័យបានធ្វើសកម្មភាពដកកាំភ្លើងខ្លីពីចង្កេះភ្ជង់ ឆែកឆេរ លើខ្លួនក្មេងប្រុសនោះ ក៏ចាប់ដាក់ខ្នោះក្មេងនោះដៃម្នាក់ម្ខាង រួចហើយឲ្យក្មេង នោះជិះម៉ូតូឌុបគ្នាមកផ្ទះម្តាយ ឯខ្លួនជិះម៉ូតូពីក្រោយ ពេលមកដល់ផ្ទះក្មេងនោះ ខ្លួនក៏បាននិយាយទារប្រាក់ពីដើមបណ្ដឹង ដូចបានរៀបខាងលើប្រាកដមែន កន្លងមកនៅថ្ងៃខែពុំចាំជនសង្ស័យឈ្មោះរស់ ចាន់រ៉ន ហៅរ័ត្ន ធ្លាប់ធ្វើជាសន្តិសុខGSS យាមនៅការ៉ាសឡានBMWក្នុងខណ្ឌសែនសុខ។
លុះដល់ឆ្នាំ២០១៥ បានទិញម៉ូតូC125 ស៊េរី២០១៥ ០១គ្រឿង និងទិញអាវុធខ្លី០១ដើមម៉ាកK54 តម្លៃ ៥៥០ដុល្លារ ពីកងទ័ព ឆ័ត្រយោងពុំស្គាល់ឈ្មោះ និងទិញខ្នោះដៃ ខ្សែក្រវាត់ (ស៊ិនតារ៉ុង)វិទ្យុទាក់ទង និងឯកសណ្ឋានកងរាជអាវុធហត្ថ បន្លំធ្វើជាកងរាជអាវុធហត្ថ ដើរធ្វើសកម្មភាពបាន ចំនួន០៨លើក គឺលើកទី១ ក្នុងឆ្នាំ២០១៥ ធ្វើសកម្មភាពនៅមុខវត្តប្រាសាទ ដោយជនសង្ស័យបានស្លៀកខោឯកសណ្ឋានកងរាជអាវុធហត្ថ ពាក់ស្បែកជើងកវែង ពាក់អាវស៊ីវិល ក្រវាត់ខ្សែ ស៊ិនរ៉ុងមានខ្នោះ វិទ្យុទាក់ទង និងកាំភ្លើងខ្លី ក្រវាត់ចង្កេះ ស្ទាក់ចាប់ក្មេងប្រុសភ្ជង់ដាក់ខ្នោះ ហើយឆែកមានថ្នាំញៀន០១កញ្ចប់តូចសម្លុតទារប្រាក់ពីឪពុកបានប្រាក់៧៥០ដុល្លារ។
លើកទី២នៅក្នុងឆ្នាំ២០១៥ដដែលធ្វើសកម្មភាពនៅជិតវត្តឃ្មួញ ខណ្ឌសែនសុខ ស្ទាក់ក្មេងប្រុស២នាក់ ជិះម៉ូតូ០១ម៉ាកគុបសម្លុត ឆែកបានថ្នាំញៀន០២កញ្ចប់ តូចទារប្រាក់បាន៤០០ដុល្លារ។ លើកទី៣ នៅជិតវត្តឃ្មួញដដែល ស្ទាក់ចាប់ក្មេងប្រុសម្នាក់ជិះ ម៉ូតូស្មាក់០១គ្រឿង ឆែកបានថ្នាំញៀន០១កញ្ចប់តូច ទារពីជនរងគ្រោះបាន៣០០ដុល្លារ។ លើកទី៤ នៅក្នុងឆ្នាំ២០១៨ពេលទិញម៉ូតូបង់រំលោះ ម៉ាកC125 ស៊េរី២០១៨ បានហើយ ទៅធ្វើសកម្មភាពស្ទាក់ក្មេងនៅក្នុងបុរីឈូកវ៉ា២ បានក្មេង ប្រុស០២នាក់ ថ្នាំញៀន០១កញ្ចប់តូចទារប្រាក់បាន៤០០ដុល្លារ។
លើកទី៥នៅក្នុងបុរីឈូកវ៉ា ដដែល ឃាត់ក្មេងប្រុស០២នាក់ ថ្នាំញៀន០១កញ្ចប់តូច ទារបានប្រាក់៣០០ដុល្លារ។ លើកទី៦ធ្វើសកម្មភាពនៅម្តុំធនាគារជាតិ ខណ្ឌ សែនសុខឃាត់ក្មេងប្រុសបាន០២នាក់ ឆែកឃើញថ្នាំញៀន០១កញ្ចប់ ទារប្រាក់បាន៣៥០ដុល្លារ។
លើកទី៧ ធ្វើសកម្មភាពនៅផ្លូវចូលភ្នំឧដុង្គឃាត់បានមនុស្ស០២នាក់ និង ម៉ូតូធំ០១ថ្នាំញៀន០១កញ្ចប់តូច ទារប្រាក់បាន១.២០០ដុល្លារ។ លើកទី៨ពុំបានសម្រេចគឺនៅថ្ងៃកើតហេតុខាងលើតែម្តង៕
Source: Kampuchea Thmey Daily
0 Comments