ភ្នំពេញ ៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបានធ្វើការបង្ហាញមុខជនសង្ស័យពាក់ព័ន្ធ លួចកាច់កម៉ូតូនិងទទួលផលចោរកម្មចំនួន៦នាក់ រថយន្ត២គ្រឿងម៉ូតូ១៣គ្រឿង ស្លាកលេខម៉ូតូ៩បន្ទះកាតគ្រីចំនួន៥ និង ឧបករណ៍សម្រាប់ធ្វើសកម្មភាពលួចមួយចំនួនបន្ទាប់ពីឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះ។
ការបង្ហាញមុខធ្វើឡើងកាលពីម៉ោងប្រមាណ៣នឹង២០ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ប្រភពឲ្យដឹងថា ជនសង្ស័យ ខាងលើនេះត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវនិងឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ជនសង្ស័យ ដែលបង្ហាញមុខ ត្រូវនគរបាលឲ្យដឹងថា ១.ឈ្មោះ ត្រមុជ ស៊ីនោ ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅផ្ទះជួល ផ្លូវលេខ២០០៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ,២.ឈ្មោះ លឹម ភារម្យ ភេទប្រុស អាយុ២៨ឆ្នាំ មានលំនៅផ្ទះលេខ ៤៤ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ៣ឈ្មោះ ភ័ក្រ ពន្លឺ ភេទប្រុស អាយុ២២ឆ្នាំ មានលំនៅ បន្ទប់ជួលលេខ៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ . ជនទាំង៣នាក់ ជាមុខសញ្ញាលួច។
ចំណែក៣នាក់ ជាអ្នកទទួលផលចោរកម្ម ១. ឈ្មោះ ម៉ុង ឡុង ភេទប្រុស អាយុ២៥ឆ្នាំ មានលំនៅតូចលេខ២២៣ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ជាជាងបិតតែមម៉ូតូ, ២ ឈ្មោះពុធ រស្មី ហៅសូន្យ ភេទប្រុសអាយុ២៩ឆ្នាំ មានលំនៅផ្ទះលេខ ១១អាផ្លូវ ៣៣៦ សង្កាត់បឹងសាឡាងខណ្ឌទួលគោនិង៣.ឈ្មោះតោ ដារ៉ូ ភេទប្រុសអាយុ៣៤ឆ្នាំ ជានគរបាល នាយកដ្ឋានប្រឆាំងភារកម្ម ស្នាក់នៅផ្ទះលេខ ៥៩ ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមសមត្ថកិច្ច បានឲ្យដឹងទៀតថា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះម្នាក់ឈ្មោះម៉មសារីន ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅចំណុចតូបលក់ទូរសព្ទ័ក្បែររបងវត្តស្ទឹងមានជ័យ បានមកដាក់ពាក្យបណ្តឹងនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបន្ទាប់ពីបាត់ម៉ូតូម៉ាកហុងដាប៊ិច ពណ៌ខៀវស ពាក់ស្លាកលេខភ្នំពេញ1GV-5665។
ក្រោយមកសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញានិងឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះភ័ក្រ ពន្លឺ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួលនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ក្រោយពីសួរនាំក៏ឈានទៅឃាត់ខ្លួនបក្ខពួក២នាក់ទៀត រួចបន្តទៅឃាត់ខ្លួនជនសង្ស័យទទួលផលចោរកម្ម២នាក់ និង អ្នកផ្តល់ទីតាំងម្នាក់ទៀតសរុប៦នាក់ រួមនឹងវត្ថុតាងមានរថយន្ត២គ្រឿងម៉ូតូ១៣គ្រឿងស្លាកលេខចំនួន៩បន្ទះ កាតគ្រីម៉ូតូចំនួន៥ឧបករណ៍កែច្នៃសម្រាប់បម្រើឲ្យបទល្មើសមួយចំនួននិងបន្លាស់ម៉ូតូមួយចំនួន។
បន្ទាប់ពីបង្ហាញមុខជនសង្ស័យទាំង៦នាក់ រួចសមត្ថកិច្ចបញ្ជូនជនសង្ស័យដែលពាក់ព័ន្ធទាំងអស់ទៅតុលាការរាជធានីភ្នំពេញផងដែរ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments