Ad Code

ចោរ ដែលឆក់កាំភ្លើងខ្លី GLOCK19 របស់​អធិការរង​ខណ្ឌមានជ័យ​ដែល​ ត្រូវ​ចាប់ខ្លួនបាន​ហើយ



​ភ្នំពេញ​ ៖ សមត្ថកិច្ច​នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​នៃ​ស្នងការ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ធ្វើការ​ស្រាវជ្រាវ ករណី (​ឆក់​កាបូបដៃ​ពណ៌​ខ្មៅ​) នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៨ ផ្លូវ​លេខ​២៩៤ ភូមិ​៥ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៣​និង​០០​នាទី​ មកដល់​ថ្ងៃទី​១៧​ ខែកញ្ញា​នេះ​ សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ឃាត់​ជនសង្ស័យ​នោះ​បាន​ហើយ​ ថែមទាំង​ដក​កាំភ្លើង​ខ្លីម៉ាក​GLOCK19​របស់​អធិការរង​ខណ្ឌមានជ័យ​បាន​មកវិញ​ផងដែរ។

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នោះ​ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ ទិ​ត ហួរ ផ្លូវលំ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ​កាលពី​ថ្ងៃទី​១៧​ ខែកញ្ញា ​ឆ្នាំ​២០១៨ ​ហើយ​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ដកហូត​អាវុធខ្លី មួយ​ដើម​ម៉ាក GLOCK19 ពណ៌​ខ្មៅ លេខ AAMY860 ផលិត​នៅ​ប្រទេស​អាមេរិក​និង​បង់​អាវុធ​ខ្លី​ចំនួន​មួយ មាន​គ្រាប់​ចំនួន​៤ ជា​របស់​ជនរងគ្រោះ​ឈ្មោះ ម៉េង វិមាន​តារា ហើយ​សមត្ថកិច្ច បាន​ឃាត់​យក​មក​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​។



នេះ​បើ​តាម​នាយ​ការិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃទី​១៧​កញ្ញា​នេះ។

ប្រភព​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​មានឈ្មោះ ម៉ន សំនៀង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៦០E0Z ផ្លូវ​លេខ​១២២ ក្រុម​៧០ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ចំណែកឯ​ជនរងគ្រោះ​មានឈ្មោះ ម៉េង វិមាន​តារា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​នគរបាល ស្នាក់​នៅផ្ទះ​លេខ​១៥៤ ផ្លូវ​បេតុង ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​បា​ន​បញ្ជាក់​ថា ​សម្ភារៈ​ដែល​បាន​បាត់បង់​មាន អាវុធ​ខ្លីម៉ាក GLOCK19 ពណ៌​ខ្មៅ លេខ​AAMY860 ផលិត​នៅ​ប្រទេស​អាមេរិក​មួយ​ដើម​, បង់​អាវុធខ្លី​ចំនួន​មួយ​, គ្រាប់​ចំនួន​១៥, ទូរ​សព្ទ័​ដៃ​ម៉ាក Samsung Galaxy S9 ពណ៌​ខ្មៅ​, ប័ណ្ណ​សម្គាល់​យានយន្ត ពាក់​ស្លាក​លេខ ភ្នំពេញ 2AC- 8798, ប័ណ្ណ​បើកបរ​ចំនួន​១, អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន​១, កាត ATM ចំនួន​៤​សន្លឹក​, ប្រាក់​រៀល​ចំនួន ៤​លាន​រៀល និង​ប្រាក់​ដុល្លារ ២០​ដុល្លារ​អាមេរិក។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​សមត្ថកិច្ច​ជំនាញ​ការិយាល័យ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu