ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្តែងការគាំទ្រ និង ស្វាគមន៍ចំពោះគម្រោងសមាគមនេះដែលចង់បង្កើតនូវទេសចរណ៍សុខាភិបាល និងអគុណចំពោះសមាគមដែលបានផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជាតាម រយៈក្រសួងមហាផ្ទៃដើម្បីជួយដល់ជនក្រីក្រកម្ពុជានោះ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបែបនេះនៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះខណៈលោក ស្រេង វង្សហៀងប្រ ធានសមាគមI.V. F.កម្ពុជា-ចិនចូលជួបពិភាក្សាការងារ។
នៅក្នុងជំនួបនោះសមាគមអាយវីអេហ្ស កម្ពុជា-ចិន បានសម្រេចផ្តល់អង្ករចំនួន៥០តោនតាមរយៈក្រសួងមហាផ្ទៃដើម្បីជួយដល់ជនក្រីក្រនៅខេត្តបាត់ដំបងដែលមានទុក្ខលំបាកខ្លាំង និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗជាដើម។
ថ្លែងនៅក្នុងកិច្ចជំនួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស្រេង វង្សហៀងប្រ ធានសមាគមI.V. F.កម្ពុជា-ចិនបានលើកឡើងថា សមាគមរបស់លោកបានផ្តល់អង្គចំនួន៥០តោននេះ គឺដើម្បីជួយដល់ជនក្រីក្រជាពិសេសស្ត្រីទុរគតតែម្តងដើម្បីជួយសម្រាលដល់ទុក្ខលំបាកចំពោះពួកគេ។
លោកបន្តថា «សមាគមរបស់លោកបានបង្កើននៅប្រទេសកម្ពុជានេះ គឺដើម្បីជួយផ្តល់សេវាគាំពារដល់ស្ត្រីកម្ពុជា ហើយជាមួយគ្នានោះសមាគមន៍ក៏នឹងបង្កើតទេសចរណ៍សុខាភិបាលដើម្បីបង្កើនភាពងាយស្រួលដល់ប្រជាជនកម្ពុជាក្នុងការព្យាបាលជំងឺទូទៅផងដែរ»។
សម្តេចបានថ្លែងបន្តថា សម្តេចគាំទ្រជានិច្ច ចំពោះគម្រោងបង្កើននូវសុខាភិបាលទេសចរណ៍នេះហើយប្រសិនបើគម្រោងនេះបានសម្រេចនោះវានឹងផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជាដោយមិនសូវពិបាកទៅប្រទេសខាងក្រៅទៀតហើយក៏កាត់បន្ថយការចំណាយរបស់ពួកគាត់ផងដែរ។
យ៉ាងណាក៏ដោយសម្តេចក្រឡាហោម បានប្រាប់ដល់ប្រធានសមាគមនោះថា ដរាបណាសេវាកម្មមានគុណភាពល្អលុះត្រាតែមានឧបករណ៍បច្ចេកវិទ្យាទំនើប និងគុណភាពនៃ បុគ្គលិកសុខាភិបាលផ្ទាល់តែម្តង៕
Source: Kampuchea Thmey Daily
0 Comments