ក្រុមបាល់ទាត់ណាហ្គាវើល បន្តឈរនៅតំបន់កំពូលតារាង ខណៈក្រុមបាតតារាងវេស្ទើនភ្នំពេញ បន្តបរាជ័យត្រឹមសប្ដាហ៍ទី២០ នៃពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) ក្រោមការរៀបចំពីសំណាក់គណៈកម្មការប្រកួតបាល់ទាត់ជាតិ(CNCC) សេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
សរុបលទ្ធផលប្រកួតប្រចាំសប្ដាហ៍ទី២០នេះឃើញថានៅថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមវិសាខា យកឈ្នះលើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ៤ទល់១ ហើយក្រុមព្រះខ័នរាជស្វាយរៀង ឈ្នះក្រុមសូលទីឡូអង្គរ ៥ទល់២ លើទីលានកីឡដ្ឋាន AEU Sport Park ស្របពេលក្រុមណាហ្គាវើល ឈ្នះក្រុមក្រសួងការពារជាតិ ២ទល់០ លើទីលានស្តាតចាស់។ ចំណែកនៅថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមវេស្ទើនភ្នំពេញ ចាញ់អង្គរថាយហ្គឺរ ៣ទល់១ លើទីលានកីឡដ្ឋានវេស្ទើន ហើយក្រុមអាស៊ីអឺរ៉ុប ឈ្នះក្រុមភ្នំពេញក្រោន ៣ទល់២ លើទីលានកីឡដ្ឋាន AEU Sport Park និងក្រុមបឹងកេត ឈ្នះក្រុមអគ្គីសនីកម្ពុជា ៥ទល់០លើទីលានពហុកីឡដ្ឋានជាតិ។
ងាកមកមើលចំណាត់ថ្នាក់បណ្តោះអាសន្នប្រចាំសប្ដាហ៍ទី២០នេះឃើញថា ក្រុមណាហ្គាវើល ឡើងឈរកំពូលតារាង មាន៥០ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ បឹងកេតអែហ្វស៊ី មាន៤៨ពិន្ទុ ហើយក្រុមវិសាខា ឈរលេខ៣ មាន៤៥ពិន្ទុ។ ក្រុមលេខ៤ក្រសួងការពារជាតិ មាន៣៩ពិន្ទុ ខណៈក្រុមលេខ៥ ភ្នំពេញក្រោន មាន៣០ពិន្ទុ ក្រុមលេខ៦ ព្រះខ័នរាជស្វាយរៀង មាន២៧ ក្រុមលេខ៧អង្គរថាយហ្គឺរ មាន២៦ពិន្ទុ ក្រុមលេខ៨ អាស៊ីអឺរ៉ុប មាន២៦ពិន្ទុដែរ ក្រុមលេខ៩ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ មាន២៤ពិន្ទុហើយក្រុមលេខ១០ សូលទីឡូអង្គរ មាន១៦ពិន្ទុ ស្របពេលក្រុមអគ្គីសនីកម្ពុជា ឈរលេខ១១មាន៩ពិន្ទុ និងក្រុមវេស្ទើនភ្នំពេញ ឈរលេខ១២ មាន១ពិន្ទុ។
ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលនេះប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុវិលជុំចំនួន២ជើងមាន២២សប្ដាហ៍ ដើម្បីស្វែងរកក្រុមខ្លាំងដែលមានពិន្ទុច្រើនជាងគេដណ្តើមជើងឯកប្រចាំឆ្នាំ។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី៣ខែមីនា ដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៨ ដែលមានសមាជិកចំនួន១២ក្រុម។ ក្រុមជើងឯកនឹងទទួលបានកៅអីទៅចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship ជាដើម។
សម្រាប់ប្រកួតបន្ទាប់សប្ដាហ៍ទី២១ នឹងធ្វើឡើងនៅចុងសប្ដាហ៍នេះដោយនៅថ្ងៃសៅរ៍ ទី២២ខែកញ្ញា ឆ្នាំ២០១៨ ក្រុមក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ជួបក្រុមអាស៊ីអឺរ៉ុប នៅវេលាម៉ោង៦ល្ងាចលើទីលានពហុកីឡដ្ឋានជាតិ ខណៈក្រុមសូលទីឡូអង្គរ ទទួលក្រុមអគ្គីសនីកម្ពុជា នៅម៉ោង៣:៣០នាទីរសៀលលើទីលានកីឡដ្ឋានខេត្តសៀមរាប និងក្រុមក្រសួងការពារជាតិ ប៉ះក្រុមព្រះខ័នរាជស្វាយរៀង នៅម៉ោង៦ល្ងាចលើទីលានស្តាតចាស់។ ចំណែកនៅថ្ងៃអាទិត្យ ទី២៣ខែកញ្ញា ឆ្នាំ២០១៨វិញក្រុមភ្នំពេញក្រោន ប៉ះវេស្ទើនភ្នំពេញ នៅម៉ោង៦ល្ងាចលើទីលានកីឡដ្ឋាន RSN Stadium ហើយក្រុមអង្គរថាយហ្គឺរ ជួបក្រុមបឹងកេត នៅម៉ោង៣:៣០នាទីរសៀលលើទីលានកីឡដ្ឋានខេត្តសៀរាប និងក្រុមវិសាខា ប៉ះណាហ្គាវើល នៅម៉ោង៦ល្ងាចលើទីលានកីឡដ្ឋានស្តាតចាស់៕
Source: Kampuchea Thmey Daily
0 Comments