Ad Code

សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន​នៅ​កម្ពុជា​នាំយក​ថវិកា​ជិត​២០​ម៉ឺន​ដុល្លារ​អាមេរិក​ឧបត្ថម្ភ​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា



ភ្នំពេញ ​៖​ សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន​នៅ​កម្ពុជា​នាំ​យក​ថវិកា​ជិត​២០​ម៉ឺន​ដុល្លារ​អា​មេ​រិក​ឧបត្ថម្ភ​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ដើម្បី​ជួយ​ទ្រទ្រង់​សកម្មភាព​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ក្នុងការ​ជួយសង្គ្រោះ​ដល់​កុមារ​កម្ពុជា​ជា​បន្តទៀត​។

​ពិធី​ប្រគល់​ថវិកា​នេះ​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ព្រឹក​ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៨​នៅ​ទីស្តីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្រោម​អធិបតីភាព​ពី លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៃ “​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​” និង​តំណាង​សមាគម​សម្ព័ន្ធ​ខែ្មរ​-​ចិន​នៅ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក​ឧកញ៉ា ពុង ឃាវ​សែ ប្រធាន​ក្រុមហ៊ុន​វិនិយោគទុន​អណិកជន​កម្ពុជា (OCIC) និង​ជា​ប្រធាន​សមាគម សម្ព័ន្ធ​ខែ្មរ​-​ចិន​នៅ​កម្ពុជា និង​សមាជិក​តំណាង​សមាគម​សម្ព័ន្ធ​ខែ្មរ​-​ចិន​នៅ​កម្ពុជា ជាច្រើនរូប។

នេះ​គឺជា​លើក​ទី ២ ហើយ ដែល​សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន​នៅ​កម្ពុជា បាន​ប្រមូល​វិភាគទាន សប្បុរសធម៌ ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​សរុប​ទឹកប្រាក់​ប្រមាណ ១៩៨,១៦៤.០៩៥ ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​នោះ មាន​ប្រាក់​រៀល​ចំនួន ៨៨,៧១៦,៥៤០ រៀល និង​ប្រាក់​ដុល្លារ​អាមេរិក ចំនួន ១៧៥,៩៨៤.៩៦ ដុល្លារ ខណៈ លើក​ទី ១ សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន​នៅ​កម្ពុជា បាន​ចលនា​បំផុស​ផ្សព្វផ្សាយ និង​លើកទឹកចិត្ត​ដល់​សមាជិក​កាលពី​ថ្ងៃទី 0៤ ខែ កក្កដា ឆ្នាំ ២០១៨ ដោយ​បាន​ប្រមូល​វិភាគទាន​សប្បុរសជន​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​ប្រមាណ ៥៥ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​នោះ ប្រាក់​រៀល​ចំនួន ២១៧,៤៩២,៨០០ រៀល និង​ប្រាក់​ដុល្លារ​អាមេរិក​ចំនួន ៥០២,១៨០ ដុល្លារ។

ដោយឡែក​វិភាគទាន​សប្បុរសធម៌​លើក​ទី​២​នេះ បាន​មក​ពី​សប្បុរសជន​នានា​រួមមាន​ក្រុមហ៊ុន​សមាគម​បុគ្គលិក​ក្រុមហ៊ុន កម្មករ​រោងចក្រ លោកគ្រូ​-​អ្នកគ្រូ សិស្សានុសិស្ស បរិច្ចាគ​សម្រាប់ ខែ កក្កដា មាន​ចំនួន ១១,១៣៩ នាក់ និង​ខែ សី ហា មាន​ចំនួន ៧,៨១៣ នាក់ បាន​ថវិកា​ចំនួន ៨៨,៧១៦,៥៤០ រៀល និង ៣៩,០៧៦.៥០ ដុល្លារ​អាមេរិក​និង​ស មា​គម​មិត្តភាព​សភាពាណិជ្ជកម្ម ហ្វូ ជាន នៅ​កម្ពុជា បាន​បរិច្ចាគ​ថវិកា​ចំនួន ១៣៦,៩០៨.៤៦ ដុល្លារ អាមេរិក។

ការ​ជួយឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​នេះ​ធ្វើឡើង​តាម​ទៅតាម​ការ​អំពាវនាវរ​បស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការ​លើក​ទឹក​ចិត្ត​របស់​លោក​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​-​ធន​បាល​នៃ “​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​” ក្នុង​ការ​បន្ត​ជួយ​បំផុស​ចលនា​ផ្សព្វផ្សាយ និង​លើកទឹកចិត្ត​ក្នុង​ការ​ផ្តល់​វិភាគទាន​សប្បុរសធម៌​។

នៅក្នុង​ឱកាស​នោះ លោក​ឧកញ៉ា ពុង ឃាវ​សែ តំណាង​ឲ្យ​សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន​នៅ​កម្ពុជា​បាន​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ និង​សោក​ស្តាយ​ជាទីបំផុត ចំពោះ​មរណភាព​របស់​លោក​វេជ្ជបណ្ឌិត សាស្ត្រាចារ្យ Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅ​ប្រទេស​ស្វី​ស។

លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​ក្នុងនាម​ប្រធាន​ក្រុមប្រឹក្សា​បរ-ធន​បាល​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​ថ្លែងអំណរគុណ​ជាថ្មី​ម្តង​ទៀត ដល់​សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន​នៅ​កម្ពុជា ដែល​គាំទ្រ និង​បាន​ជួយ​ផ្សព្វផ្សាយ​បំផុស​ចលនា​ចូលរួម​ផ្តល់​វិភាគទាន​សប្បុរសធម៌​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា និង​បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផង​ដែរ​ចំពោះ​ការចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ និង​សោក​ស្តាយ​បំផុត​ចំពោះ​មរណភាព​របស់លោក​វេ​ជ្ជ​បណ្ឌិត​សាស្ត្រាចារ្យ Beat Richner ដែល​លោក​វេជ្ជបណ្ឌិត​សាស្ត្រាចារ្យ​បាន​លះបង់​ទាំង​កម្លាំងកាយ កម្លាំងចិត្ត​ស្ទើរតែ​ពេញ​មួយ​ជីវិត ដើម្បី​ភាព​ញញឹម​របស់​កុមារ​កម្ពុជា៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu