Ad Code

ក្រុម​Teregganu FA របស់ ធា​រី ចន្ថា​ប៊ី​ន ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្នុង​ពានរង្វាន់ 2018 Malaysia Cup



កីឡាករ ធា​រី ចន្ថា​ប៊ី​ន ដែល​ទើប​កោះ​ហៅចូល​ក្រុម​ជម្រើសជាតិ​កម្ពុជា គឺជា​កីឡាករ​តែ​១​រូប​គត់​កំពុង​ប្រកប​អាជីព​នៅ​ក្លិប Teregganu FA សមាជិក​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី (Malaysia Super League) រដូវ​កាល​ឆ្នាំ​២០១៨​នៅពេលនេះ ខណៈ​ក្លិប​របស់​កីឡាករ​រូបនេះ​ដណ្តើមបាន​កៅអី​ឡើងទៅ​លេង​វគ្គ​៨​ក្រុម​ចុងក្រោយ​ប្រចាំ​យុទ្ធនាកា​ប្រកួត​ក្នុង​ពានរង្វាន់ 2018 Malaysia Cup​។

ទោះបីជា​ប្រកួត​ចុងក្រោយ​ក្រុម​Terengganu បាន​ប្រកួត​ចាញ់​ក្រុម Kuala Lumpur៣​ទល់​២ កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ លើ​ទីលាន​កីឡដ្ឋាន Sultan Ismail Nasiruddin Shah Stadium ក្នុង​ទីក្រុង​Kuala Terengganu ក៏​ក្រុម​នេះ​មាន​កៅអី​ឡើងទៅ​ជុំ​បន្ត​ដែរ​។ ចំពោះ​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ទើបតែ​ធ្វើដំណើរ​ត្រឡប់​ទៅ​ប្រទេស​ម៉ាឡេស៊ី វិញ​នោះទេ ក្រោយ​បញ្ចប់​ការហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ជម្រើសជាតិ​ម៉ាឡេស៊ី កាលពី​នៅ​ថ្ងៃទី​១០ ខែកញ្ញា ថ្មីៗ​នេះ​។



​ប្រកួត​កន្លងមក​ក្រុម Teregganu FA បាន​យកឈ្នះ​លើ​ក្រុម Kuala Lumpur ៥​ទល់​១ ហើយ​បន្ត​ឈ្នះ​លើ​ក្រុម Perak ៤​ទល់​៣ និង​ស្មើគ្នា​ជាមួយ​ក្រុម Felcra ២​ទល់​២​។ ចូលដល់​ជុំ​ទី​២​ក្រុម​នេះ​បាន​ប្រកួត​ឈ្នះ​លើ​ក្រុម Felcra ៤​ទល់​១ មុន​ចាញ់​ក្រុម Perak ២​ទល់​១ វិញ​។ សូមបញ្ជាក់ថា​ ពានរង្វាន់ 2018 Malaysia Cup មាន​ក្រុម​ចំនួន​១៦​ឡើងទៅ​វគ្គ​ចែក​ពូ​ល​ដែលមាន​៤​ពូ​ល​។ ក្រុម​ដែល​ត្រូវ​ប៉ះគ្នា​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​ដែល​ប្រើពេល​ប្រកួត​ចំនួន​២​ជើង​រួមមាន​ក្រុម Terengganu ជួប​ក្រុម Felda United ហើយ​ក្រុម Johor Darul Ta'zim ជួប​ក្រុម Pahang FA ខណៈ​ក្រុម PKNS ប៉ះ​ក្រុម Perak និង​ក្រុម Sabah ប៉ះ​ក្រុម Kelantan​។ តាម​គម្រោង​ក្រុម​ខ្លាំង​តាម​ពូ​ល​ចំនួន​២​ក្រុម​នឹងមាន​ឈ្មោះ​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​និង​បន្ត​ប្រកួត​រហូតដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។

សូម​រំលឹក​ថា ​កម្ពុជា មាន​កីឡាករ​ឆ្នើមៗ​ចំនួន​៤​រូប​ចេញទៅ​ប្រកប​អាជីព​នៅ​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី នៅ​ដើមរដូវ​កាល​ឆ្នាំ​២០១៨ នេះ​ដោយ​ក្នុងនោះ​មាន​កែវ សុខ​ផេង លេង​នៅ​ក្លិប PKNP FC កីឡាករ ចាន់ វឌ្ឍនាកា Panhag FA និង​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ទៅកាន់​ក្លិប​Terengganu FC និង​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម លេង​នៅ​ក្លិប​Negeri Sembilan​។ ក្នុងចំណោម​អ្នក​ទាំង​៤​មានតែ​កីឡាករ កែវ សុខ​ផេង ប៉ុណ្ណោះ ដែល​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​បាន​មុនគេ​។ ប៉ុន្តែ​ពេលនេះ កែវ សុខ​ផេង ប្រាក់ មុន្នី​ឧ​ត្ត​ម និង ចាន់ វឌ្ឍនាកា ត្រូវបាន​ក្លិប​ដកចេញ​ពី​បញ្ជី​ក្នុង​ក្រុម ដោយ​នៅសល់តែ ធា​រី ចន្ថាប៊ីន ម្នាក់ប៉ុណ្ណោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu