Ad Code

ចៅក្រម​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ និង​ឃុំខ្លួន​លោក គឹម សុខ មក​ដាក់គុក​ជាថ្មី



ភ្នំពេញ​ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លាង សំណាត់ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ និង​ឃុំខ្លួន​លោក គឹម សុខ អ្នកវិភាគ​សង្គម និង​នយោបាយ លំអៀង ពាក់ព័ន្ធ​បទល្មើស​មួយ ដែល​លោក កឹម សុខ បាន​ចោទប្រកាន់​លើ​រាជរដ្ឋាភិបាល​ថា បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស ហើយ​រកមុខ​ឃាតក​មិនឃើញ​។

តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ចុះ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ របស់​លោក លាង សំណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ជន​ត្រូវ​ចោទ​ឈ្មោះ គឹម សុខ ត្រូវ​បាន​ចោទប្រកាន់​ពីបទ​ល្មើស​ព្រហ្មទណ្ឌ ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​លើស​ពី​មួយ​ឆ្នាំ ហើយ​តាម​របាយ​ការណ៍​របស់​សមត្ថកិច្ច​បា​ន​បញ្ជាក់ថា ឈ្មោះ​នេះ​បាន​គេច​ខ្លួន ពុំ​ដឹង​ទៅ​រស់នៅ​ទីណា។



ជា​មួយ​គ្នា​នេះ តំណាង​អយ្យការ ក៏បាន​ឯកភាព​ឲ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​តាម​ដីកា​បញ្ជូន​ឲ្យ​ឆ្លើយ ចុះ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ ដូច្នេះ​សម្រេច ទី​១, បញ្ជា​ដល់​កម្លាំង​សាធារណៈ ឲ្យ​ស្រាវជ្រាវ​រក​ចាប់ និង​ឲ្យ​នាំ​ខ្លួន​ឈ្មោះ គឹម សុខ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ (​កើត​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​១៩៨០) ទៅក្នុង​មណ្ឌល​អប់រំ​កែប្រែ នៃ​ក្រសួងមហាផ្ទៃ និង​ទី​២, បញ្ជា​ដល់​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ នៃ​ក្រសួងមហាផ្ទៃ​ឲ្យ​ទទួល និង​ឃុំខ្លួន​បុគ្គល​នោះ​។

សូម​បញ្ជាក់​ថា លោក គឹម សុខ ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨ បន្ទាប់ពី​អនុវត្ត​ទោស​ចប់សព្វគ្រប់ ពោល​បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល​ប្រមាណ​១៨​ខែ ប៉ុន្តែ​មិន​ទាន់​បាន​បង់លុយ​ពិន័យ​នៅឡើយ​។ លោក​ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ប្ញ​ទ្ធី កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ សម្រេច​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ចំនួន​១៨​ខែ និង​ពិន័យ​ប្រាក់​ចំនួន​៨​លាន​រៀល រួម​នឹង​ប្រាក់​សងជំងឺចិត្ត​ដល់​ដើមបណ្តឹង​៨០០​លាន​រៀល ក្រោម​ការចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ​ជាអាទិ៍​។

ការ​ផ្តន្ទាទោស​នេះ ធ្វើឡើង​តាម​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​លោក គឹម សុខ បាន​ចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ថា នៅ​ពីក្រោយ​ឃាតកម្ម​លោក កែម ឡី​។

ទាក់ទង​បញ្ហា​នេះ លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែងប្រាប់​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨​ថា សំណុំ​រឿង​នេះ​ពាក់ព័ន្ធ លោក គឹម សុខ ដែល​បាន​និយាយ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​លើ​រាជរដ្ឋាភិបាល​ថា បាន​បង្កើត​ប្រព័ន្ធ​មួយ​សម្លាប់​មនុស្ស រួចហើយ​រកមុខ​ឃាតក​មិនឃើញ​។ ពាក្យបណ្តឹង​នេះ​ត្រូវ​បាន​ដាក់ចូល​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧​ហើយ​នៅពេលនេះ​ត្រូវបាន​ចៅក្រម​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ និង​ឃុំខ្លួន​តែម្តង​។

មូលហេតុ​ដែល​នាំ​ទៅ​ដល់​ការចាប់ខ្លួន​នេះ ដោយសារ​តែ​លោក គឹម សុខ បាន​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​នៅ​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧ យ៉ាង​ដូច្នេះ​ថា “​គេ​នេះ គឺ​សំដៅ​ទៅលើ​ប្រព័ន្ធ​.... ប្រព័ន្ធ​មួយ​ក្រោម​ការគ្រប់គ្រង​នៃ​រដ្ឋាភិបាល​បច្ចុប្បន្ន​ហ្នឹង វា​បណ្តោយ​ឲ្យ​មាន​ប្រព័ន្ធ​មួយ ដែលមាន​ការសម្លាប់​ម​នុស្ស​ហើយ រួចហើយ​រកមុខ​ឃាតក​មិនឃើញ មិន​ត្រឹមតែ​លោក​បណ្ឌិត កែម ឡី ទេ អ្នកតស៊ូ​មតិ​មុនៗ​....”៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu