ក្រុមបាល់ទាត់ខេមបូឌានថាយហ្គឺរ (Angkor Tiger FC) សមាជិកពានរង្វាន់ជម្រើសជើងឯកជាតិ (Metfone Cambodian League) បានប្រកាសដល់អ្នកគាំទ្រថាក្លិបនឹងរៀបចំទិវាបាល់ទាត់១លើក (Football Clinic) នៅក្នុងទីរួមខេត្តសៀមរាប នៅថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍នេះព្រមទាំងកំណត់អ្នកចូលរួមជាក់លាក់មួយ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្លិបបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងរៀបចំនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា លើតារាងបាល់ទាត់ក្រពើស ក្នុងខេត្តសៀមរាប។ ចំពោះបងប្អូនៗដែលមានចំណាប់អារម្មណ៍ចង់ចូលរួម សូមមេត្តារួសរាន់ឡើងដើម្បីចុះឈ្មោះ តាមរយៈលេខទូរស័ព្ទ 086 691 947-089 767 897 (រៀងរាល់ម៉ោងធ្វើការ) ព្រោះចំនួនមានកំណត់ (កំណត់ត្រឹមតែ ៤០នាក់ដែលបានចុះឈ្មោះមុនគេប៉ុណ្ណោះ)។
ក្រុមអង្គរថាយហ្គឺរ បានប្តូរឈ្មោះមកពីក្រុមត្រាយអាស៊ីភ្នំពេញ កាលពីចុងរដូវកាល២០១៤ ហើយនៅរដូវកាល២០១៥ គឺជាកំណត់ត្រាល្អរបស់ក្លិបពោលគឺ អាចឡើងដល់វគ្គ៤ក្រុមចុងក្រោយទាំងពានរង្វាន់សម្តេច ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីក ក្រោយឈរចំណាត់ថ្នាក់លេខ៣ដូចគ្នា។ ក្រុមនេះ ទទួលបានសិទ្ធិប្រើប្រាស់កីឡដ្ឋានខេត្តសៀមរាប ពីក្រសួងអប់រំយុវជននិងកីឡា កាលពីរដូវកាលឆ្នាំ២០១៧ កន្លងធ្វើជាទឹកដីរបស់ខ្លួនរាល់ការប្រកួតនានា។
លោក Akihiro Kato ប្រធានក្លិបអង្គរថាយហ្គឺរ ធ្លាប់បានបញ្ជាក់ជុំអនាគតរបស់ក្លិបនៅទឹកដីខេត្តសៀមរាបថា៖«ខ្ញុំមានហេតុផលពីរយ៉ាង ដោយទី១) គឺចង់ផ្ដល់ទំនុកចិត្តទៅលើសក្តានុពលនិងទេពកោសល្យរបស់ពួកគេព្រោះខ្ញុំគិតថា ពួកគេនឹងអាចក្លាយទៅជានិមិត្តរូបបាល់ទាត់កម្ពុជា។ ចំណែកទី២) វាជាផ្នែកមួយនៃផែនការរបស់ខ្ញុំ ដែលចង់បង្កើតយុគមាសសម្រាប់អង្គរថាយហ្គឺរ ក្នុងពេល៥ទៅ១០ឆ្នាំខាងមុខ។ ខ្ញុំដាក់គោលដៅឲ្យអង្គរថាយហ្គឺរ ក្លាយជាក្លិបលេខ១ក្នុងតំបន់អាស៊ាន ហើយខ្ញុំរំពឹងថា កីឡាករទាំងអស់នឹងលះបង់ខ្ពស់ ដើម្បីសម្រេចទស្សនៈវិស័យរបស់យើង។ អង្គរថាយហ្គឺរ ចង់ក្លាយជានិមិត្តរូបនៃក្ដីសុបិន្ត ក្ដីសង្ឃឹមនិងកម្លាំងចិត្ត សម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប ក៏ដូចជាកម្ពុជាទាំងមូល៕
Source: Kampuchea Thmey Daily
0 Comments